en     km
en     km

មន្ត្រី​រដ្ឋាភិបាល​ ៖​ មិន​រម្លឹក​ការ​ឈ្នះក្តី​ថៃ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​ គឺ​មិន​ចង់ឱ្យ​ថៃ​ឈឺចាប់​

Share

​មន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ប្រារព្ធ​ពី​ធី​ ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ប្រកាស​សាលក្រម​ ដែល​តុលាការអន្តរជាតិ​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ថៃ​ លើ​សំណុំរឿង​​ប្រាសាទព្រះវិហារ​ ដោយសារ​មិន​ចង់​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ថៃ​ ជា​ពិសេស​ចំណង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ​ ។​

Preah-vihear
​​ប្រាសាទព្រះវិហារ​

​ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា​ ថ្ងៃ​ប្រកាស​សាលដីកា​ កាលពី​ឆ្នាំ​១៩៦២​ គឺជា​តម្លៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​កម្ពុជា​មិន​គួរ​បំភ្លេច​ ។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ រដ្ឋាភិបាល​គួរតែ​មាន​រៀបចំ​កម្មវិធី​រម្លឹក​ខួប​ណាមួយ​ ដើម្បី​បង្ហាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​បានដឹង​ ។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ គឺជា​ខួប​លើក​ទី​៥៤​ឆ្នាំ​ ដែល​កម្ពុជា​បាន​ឈ្នះក្ដី​លើ​ភាគី​ថៃ​ ពាក់ព័ន្ធ​សំណុំរឿង​ប្រាសាទព្រះវិហារ​ សម្រេច​ដោយ​អំណាច​សាលដីកា​ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ កាលពី​ឆ្នាំ​១៩៦២​ ។​ ខួប​លើក​ទី​៥៤​ នា​ថ្ងៃ​១៥​ មិថុនា​ ឆ្នាំ​២០១៦​ នេះ​ គេ​មិនឃើញ​មាន​រៀបចំ​កម្មវិធី​អ្វីមួយ​ពិធី​ផ្លូវការ​ ដើម្បី​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​ឡើយ​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ថ្លែងប្រាប់​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ មិន​រម្លឹក​ខួប​នៃ​ការ​សម្រេច​សាលដីកា​ឱ្យ​កម្ពុជា​ឈ្នះក្តី​លើ​ភាគី​ថៃ​ ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ​ ដោយសា​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​បង្កើត​បរិយាកាស​ណាមួយ​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ចំណង​មេត្រីភាពរ​វា​កម្ពុជា​ និង​ថៃ​ ។​

​អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា​ជា​ការ​ពិត​ ការ​ប្រកាស​សាលក្រម​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សប្បាយ​រីករាយ​ តែ​ផ្ទុយ​វា​គឺ​ការ​ឈឺចាប់​របស់​ប្រជាជន​ថៃ​ ហេតុ​ដូច្នេះ​នៅ​ពេល​ដែល​ប្រារព្ធ​ពិធី​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ថៃ​ វា​គឺជា​ឧបសគ្គ​ដល់​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​នឹង​ថៃ​ ។​

​សេចក្ដីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ កាលពី​ឆ្នាំ​១៩៦២​ បាន​ទុក​រយៈពេល​១០​ឆ្នាំ​ឱ្យ​ភាគី​ថៃ​ ក្នុង​ការ​តវ៉ា​ ប្រសិនបើ​មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​នេះ​ទេ​។​

​ចាប់តាំងពី​អំណាច​សាលដីកា​នេះ​ បាន​ចូល​ជា​ស្ថាពរ​ គឺ​ភាគី​ថៃ​ ពុំ​បាន​តវ៉ា​អ្វី​ឡើយ​ ។​ យ៉ាងណាមិញ​ ជម្លោះ​លើ​ករណី​ប្រាសាទព្រះវិហារ​នេះ​ បាន​កើត​ឡើងជា​ថ្មី​ នៅ​ពេល​ភាគី​ថៃ​ បាន​ចូល​ឈ្លានពាន​នៅ​ឆ្នាំ​២០០៨​ បន្ទាប់​ពី​អង្គការ​យូ​ណេ​ស្កូ​ បាន​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ។​

​ជំ​លោះ​នេះ​ បាន​បង្ក​ ឱ្យ​ ផ្ទុះអាវុធ​ជា​ច្រើន​លើក​រវាង​កងទ័ព​នៃ​ប្រទេស​ជិតខាង​ ដោយ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ទាំង​សង្ខាង​ ។​

​ក្រោយ​ពី​មាន​ជម្លោះ​ដ៏​តានតឹង​នៅ​ព្រំដែន​ កម្ពុជា​សម្រេច​បញ្ជូន​សំណុំរឿង​ប្រាសាទព្រះវិហារ​ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដើម្បី​ឱ្យ​បកស្រាយ​សាលដីកា​កាល​ឆ្នាំ​១៩៦២​ ឡើង​វិញ​ ក្នុង​ពេល​ដែល​កម្ពុជា​ ទទួល​បាន​ជ័យជម្នះ​ម្ដង​រួច​មក​ហើយ​ កាលពី​ជាង​៥០​ឆ្នាំ​មុន​ ។​

Heng-Sreng
លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម

ជុំវិញ​ការ​មិន​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ទី​៥៤​នេះ​ លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ហាក់បី​ជា​មិនសូវ​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ជា​មរតក​វប្បធម៌​ ឬ​សមិទ្ធផល​ ដែល​មាន​ពី​សម័យ​មុន​មក​នោះ​ទេ​ ។​ លោក​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​ ហាក់​លើកតម្កើង​តែ​សមិទ្ធផល​ ដែល​ចេញ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ប៉ុណ្ណោះ​ ។​

​លោក​ថា​ សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​កាលពី​ឆ្នាំ​១៩៦២​ គឺជា​សេចក្តីសម្រេច​មួយ​ដ៏​រឹងត្អឹង​ ដែល​អន្តរជាតិ​ទទួលស្គាល់​ជា​សាកល​ ហើយ​វា​គឺជា​ភស្តុ​តាង​មួយ​បង្ហាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​ថា​ ប្រាសាទព្រះវិហារ​ជា​របស់​កម្ពុជា​ ។​

​លោក​បន្ថែម​ កម្ពុជា​គួរតែ​មានការ​ប្រារព្ធ​ពិធី​ជា​ផ្លូវការ​ណាមួយ​ ដើម្បី​លើកតម្កើង​ថ្ងៃ​ប្រកាស​សាលក្រម​នេះ​ ឱ្យ​ក្មេង​យល់​ច្បាស់​ពី​តម្លៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ។​ «​ហើយ​បើ​គេ​មាន​ជម្លោះ​ជាមួយ​យើង​ យើង​គ្រាន់តែ​ទាមទារ​ឱ្យ​អង្គការ​អន្តរជាតិ​ហើយ​តុលាការអន្តរជាតិ​ហ្នឹង​យក​សេចក្តីសម្រេច​សាលដីការ​ហ្នឹង​យក​មក​ អនុវត្ត​មក​ចប់​ហើយ​ កុំ​យក​មក​ពង្រីក​ឱ្យ​ជា​បាញ់​គ្នា​ ជា​រឿង​បុគ្គល​ ជា​ក្រុម​ទៀត​ វា​អត់​ចំនេញ​ទេ​ អ​ញ្ចឹ​ង​គួរតែ​លើកកម្ពស់​អ្វី​ដែល​មាន​ស្រាប់​ អ្វី​ដែល​តឹកតាង​ ជា​សេចក្តីសម្រេច​ដ៏​រឹង​មាំ​ហើយ​ យើង​លើ​កក​ម្កើ​ង​វា​ទៅ​ ហើយ​ប្រារព្ធ​វា​ជាស​កល​ទៅ​ ដើម្បី​ឱ្យ​ជាតិ​យើង​ហ្នឹងឯង​មាន​ភាពរឹងមាំ​ មាន​ឯកភាព​ជាតិ​ ហើយ​ក្មេង​ជំនាន់​ក្រោយ​គាត់​ត​ពី​ហ្នឹង​ទៅ​បាន​វា​រឹង​មាំ​»​ ។​

​ប្រាសាទព្រះវិហារ​ (Prasat​ Preah​ Vihear)​ ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រំ​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ខ្សា​ន្ត​ ខេត្តព្រះវិហារ​ ។​ ប្រាសាទ​នេះ​មាន​ទំហំ​ ៨០០​ គុណ​នឹង​ ៤០០​ ម៉ែត្រការ៉េ​ ស្ថិត​លើ​ដងភ្នំ​ដងរ៉ែក​ ។​ ប្រាសាទព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ​  និង​មាន​ចំងាយ​១០៨​គីឡូម៉ែត្រ​ ទីរួមខេត្ត​ព្រះ​វិហារ​វិញ​  ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១​ ទៅ​កាន់​ស្រុក​ជាំ​ខ្សា​ន្ត​ ។​

​ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មានឈ្មោះ​ថា​ សេ​ការី​ស្វា​រៈ​ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ​ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩​ និង​ដើម​សតវត្ស​ទី​១០​ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖​ ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១​ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦​ ។​

​ប្រាសាទព្រះវិហារ​បាន​ប្រគល់​ឱ្យ​ប្រទេស​ថៃ​ ដោយ​ពួក​អាណានិគម​បារាំង​ ក្នុង​ឆ្នាំ​១៩៥៤​ ។​ នៅ​ថៃ្ង​ទី​១៥​ ខែមិថុនា​ ឆ្នាំ​១៩៦២​ ប្រាសាទព្រះវិហារ​ត្រូវ​បាន​សាលក្រម​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ​ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះក្ដី​ រវាង​វិវាទ​កម្ពុជា​-​ថៃ​ ។​ នៅ​ថៃ្ង​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០០៨​ ។​

​ប្រាសាទបុរាណ​មួយ​នេះ​ ត្រូវ​បាន​អង្គការ​ UNESCO​ សម្រេច​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ក្នុង​សម័យប្រជុំ​លើក​ទី​៣២​ នៅ​ក្នុង​ទីក្រុង​កេ​បិ​ក​ ប្រទេស​កា​ណា​ដា​ ៕​

Share

ព័ត៌មានទាក់ទង

Image