ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងជួបអគ្គរដ្ឋទូតអាឡឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសអាឡឺម៉ង់ នៅម៉ោង ១១ ថ្ងៃពុធ ទី ១៥ មិថុនានេះ ដើម្បីពិភាក្សាអំពីបញ្ហានយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន ។
បើតាមសេចក្តីរាយការណ៍របស់អ្នកសាព័ត៌មានវិទ្យុស្ត្រី ពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយយោងតាមប្រសាសន៍របស់ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអោយដឹងថា នៅក្នុងជំនួបរវាងលោក កឹម សុខា ជាមួយអគ្គរដ្ឋទូតអាឡឺម៉ង់នេះ គឺដើម្បីពិភាក្សាអំពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន និងបញ្ហារបស់លោក កឹម សុខា ។
ទន្ទឹមគ្នានេះ លោក ធូ វីរៈ អ្នករាយការណ៍របស់អ្នកសាព័ត៌មានវិទ្យុស្ត្រី បានទទួលព័ត៌មានពីមន្ត្រីគណបក្សប្រឆាំង បានអោយដឹងទៀតថា ជាថ្មីម្តងទៀត គណបក្សសង្គ្រោះជាតិ បានដាក់លិខិតថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលបង្គំគាល់និយាយអំពីបញ្ហាការឡើងកំដៅនយោបាយនាពេលច្ចុប្បន្ន ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះទេ ៕