ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញសញ្ញាស្វែងរកការសម្របសម្រួលគ្នាវិញ តាមរយៈលោកបញ្ជូនលិខិត មកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោក សោកស្តាយចំពោះអ្វីមួយ លោកហៅថា ជាការប៉ះពាល់ កិត្តិយសគ្រួសាររបស់សម្ដេច ករណីដែលគេថាកូនប្រុសម្នាក់របស់សម្តេចជាកូនមេដឹកនាំវៀតណាម ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានបញ្ជាក់ប្រាប់វិទ្យុស្ត្រី បន្ថែមថា លោក សម រង្ស៊ី ពិតជាបានផ្ញើលិខិតនេះទៅសម្តេចនាយករដ្ឋមន្ត្រីមែន ។ ប៉ុន្តែនៅពេលសួរថាតើលិខិតរបស់លោក សម រង្ស៊ី គឺជាសញ្ញានៃការទន់ភ្លន់ជាមួយសម្ដេច ហ៊ុន សែន លោក យឹម សុវណ្ណ មានប្រសាសន៍ថាលោកសុំមិនធ្វើការបកស្រាយឡើយ ។
ចំណែកលិខិតរបស់ លោក សម រង្ស៊ី ផ្ញើជូនសម្ដេច ហ៊ុន សែន មានខឹ្លមសារដូចនេះថា៖
“ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយ ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថនិងចោទប្រកាន់មកលើកូនប្រុសរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលធ្វើឲ្យសម្តេចនិងក្រុមគ្រួសារទទួលនូវការឈឺចាប់” ។
លោក សម រង្ស៊ី ដែលកំពុងស្ថិតសហរដ្ឋអាមេរិក ទីដែលលោកទៅពង្រឹង អ្នកគាំទ្រគណបក្សលោក នៅទីនោះលោកបានបញ្ចាក់មកកាន់ សម្ដេច ហ៊ុន សែន តាមរយៈលិខិតរបស់លោក ទៀតថា៖ “ខ្ញុំសូមបញ្ជាក់ជាថ្មីទៀតជូនសម្តេច ជ្រាបថាគោលនយោបាយគណបក្សសង្គ្រោះជាតិប្រឆាំងដាច់ខាត នូវការប្រើប្រាស់អំពើហិង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ ។ យើងខ្ញុំសូមចូលរួមរំលែកនូវការឈឺចាប់ជាមួយសម្តេច ហើយនិងថ្កោលទោសចំពោះទង្វើអសីលធម៌ទាំងឡាយណាដែលធ្វើឲ្យប៉ះប៉ាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចនិងក្រុមគ្រួសារ” ។
លោក យឹម សុវណ្ណ បញ្ជាក់បន្ថែមថា លោក សម រង្ស៊ី ដែលសម្រេចផ្ញើលិខិត មកជូនសម្ដេចហ៊ុនសែន រៀបរាប់ដូចនេះ គឺក្រោយពីគណៈអចិន្ត្រៃយ៍សម្រេចឱ្យមាន លិខិតបែបនេះ ។
កាលពីថ្ងៃអង្គារទី១៤ មិថុនា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានថ្លែង នៅចំពោះមុខ និស្សិតសាលកវិទ្យាល័យភូមិន្ទភ្នំពេញ សម្ដេច បានសម្ដែង កំហឹងយ៉ាងខ្លាំង ចំពោះអ្វីមួយដែលសម្ដេចថា បក្សសង្គ្រោះជាតិ បានប្រមាថគ្រួសាររបស់លោក ដោយចោទថា កូនប្រុសរបស់លោកម្នាក់ ជាកូនរបស់មេដឹកនាំវៀតណាម ។ ត្រង់ចំណុចនេះ សម្ដេច ព្រមានថា មិនលើកលែងទោសជាដាច់ខាត បើបក្សសង្គ្រោះជាតិមិនប៉ះប៉ូវ ឲ្យនូវអ្វីមួយនោះ ។
សម្ដេចនាយករដ្ឋមន្ដ្រីបានព្រមានដូចនេះ គឺប្រហែលជា ពីរដងមកហើយ ។ កាលពីខែមុន គណបក្សសង្គ្រោះជាតិ ក៏បានចេញលិខិតបញ្ឈប់មន្ដ្រីរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដែលបាននិយាយរិះគន់គ្រួសារសម្ដេចនាយករដ្ឋមន្ដ្រីពីរឿងនេះ ។ តែយ៉ាងនេះក្ដី នេះជាលើកទី១ ហើយដែលមេដឹកនាំ បក្សប្រឆាំងកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានសម្រេច សរសេរលិខិតមកកាន់នាយករដ្ឋមន្ដ្រី ដោយប្រើពាក្យសម្ដេច ហើយបង្ហាញការសោកស្ដាយ និង ឈឺចាប់ជំនួសគ្រួសារសម្ដេច ។ តើលិខិតរបស់លោក សម រង្សី ជាសញ្ញាមួយបញ្ជាក់ពី ការស្វែងរកពីការបង្រួបបង្រួមជាតិ ជាមួយសម្ដេច ហ៊ុន សែន ឬដូចម្ដេច? ៕