en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ផ្ញើ​លិខិត​ជូន​សម្ដេច​ ហ៊ុន​ សែន​ ករណី​មានការ​បរិហារកេរ្តិ៍​ គ្រួសារ​សម្ដេច​

Share

​ភ្នំពេញ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហាញ​សញ្ញា​ស្វែងរក​ការ​សម្របសម្រួល​គ្នា​វិញ​ តាម​រយៈ​លោក​បញ្ជូន​លិខិត​ មក​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​លោក​ សោកស្តាយ​ចំពោះ​អ្វីមួយ​ លោក​ហៅ​ថា​ ជា​ការ​ប៉ះ​ពាល់​ កិត្តិយស​គ្រួសារ​របស់​សម្ដេច​ ករណី​ដែល​គេ​ថា​កូន​ប្រុសម្នាក់របស់សម្តេច​ជាកូន​មេដឹកនាំ​វៀតណាម​ ។

sam-ransy-text
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​ បន្ថែម​ថា​ លោក​ សម​ រ​ង្ស៊ី​ ពិតជា​បាន​ផ្ញើ​លិខិត​នេះ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​មែន​ ។​ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​តើ​លិខិត​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​សញ្ញា​នៃ​ការ​ទន់ភ្លន់​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​លោក​សុំ​មិន​ធ្វើការ​បកស្រាយ​ឡើយ​ ។​

​ចំណែក​លិខិត​របស់​ លោក​ សម​ រ​ង្ស៊ី​ ផ្ញើ​ជូន​សម្ដេច​ ហ៊ុន​ សែន​  មាន​ខឹ្ល​ម​សារ​ដូចនេះ​ថា​៖
“​ក្នុង​នាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ យើងខ្ញុំ​សូម​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​ជន​ទាំងឡាយ​ ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​ ថ្លៃថ្នូរ​ ប្រមាថ​និង​ចោទប្រកាន់​មក​លើ​កូនប្រុស​របស់​សម្តេច​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ដែល​ធ្វើ​ឲ្យ​សម្តេច​និង​ក្រុម​គ្រួសារ​ទទួល​នូវ​ការ​ឈឺចាប់​”​ ។​

​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​ស្ថិត​សហរដ្ឋអាមេរិក​ ទី​ដែល​លោក​ទៅ​ពង្រឹង​ អ្នកគាំទ្រ​គណបក្ស​លោក​ នៅ​ទីនោះ​លោក​បាន​បញ្ចា​ក់មក​កាន់​ សម្ដេច​ ហ៊ុន​ សែន​ តាម​រយៈ​លិខិត​របស់​លោក​ ទៀត​ថា​៖​ “​ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ទៀត​ជូន​សម្តេច​ ជ្រាប​ថា​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ដាច់ខាត​ នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​លាប​ពណ៌​ ការ​ប្រមាថ​ និង​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់​ដល់​អ្នក​ដទៃ​ ។​ យើងខ្ញុំ​សូម​ចូលរួម​រំលែក​នូវ​ការ​ឈឺចាប់​ជាមួយ​សម្តេច​ ហើយ​និង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​អ​សីលធម៌​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ប៉ា​ល់​ដល់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​សម្តេច​និង​ក្រុម​គ្រួសារ​”​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ បញ្ជាក់​បន្ថែម​ថា​ លោក​ សម​ រ​ង្ស៊ី​ ដែល​សម្រេច​ផ្ញើ​លិខិត​ មក​ជូន​សម្ដេច​ហ៊ុន​សែន​ រៀបរាប់​ដូចនេះ​ គឺ​ក្រោយ​ពី​គណៈ​អចិន្ត្រៃយ៍​សម្រេច​ឱ្យ​មាន​ លិខិត​បែប​នេះ​ ។​

​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​  មិថុនា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​ នៅ​ចំពោះ​មុខ​ និស្សិត​សា​លក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ សម្ដេច​ បាន​សម្ដែង​ កំហឹង​យ៉ាង​ខ្លាំង​ ចំពោះ​អ្វីមួយ​ដែល​សម្ដេច​ថា​ បក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រមាថ​គ្រួសារ​របស់​លោក​ ដោយ​ចោទ​ថា​ កូនប្រុស​របស់​លោក​ម្នាក់​ ជា​កូន​របស់​មេដឹកនាំ​វៀតណាម​ ។​ ត្រង់​ចំណុច​នេះ​ សម្ដេច​ ព្រមាន​ថា​ មិន​លើកលែងទោស​ជា​ដាច់ខាត​ បើ​បក្ស​សង្គ្រោះ​ជាតិ​មិន​ប៉ះប៉ូវ​ ឲ្យ​នូវ​អ្វីមួយ​នោះ​ ។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ព្រមាន​ដូចនេះ​ គឺ​ប្រហែលជា​ ពីរ​ដង​មក​ហើយ​ ។​ កាលពី​ខែ​មុន​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ចេញ​លិខិត​បញ្ឈប់​មន្ដ្រី​របស់​ខ្លួន​ នៅ​សហរដ្ឋអាមេរិក​ ដែល​បាន​និយាយ​រិះគន់​គ្រួសារ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ពី​រឿង​នេះ​ ។​ តែ​យ៉ាងនេះ​ក្ដី​ នេះ​ជា​លើក​ទី​១​ ហើយ​ដែល​មេដឹកនាំ​ បក្ស​ប្រឆាំង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​សម្រេច​ សរសេរ​លិខិត​មក​កាន់​នាយក​រដ្ឋមន្ដ្រី​ ដោយ​ប្រើ​ពាក្យ​សម្ដេច​ ហើយ​បង្ហាញ​ការ​សោកស្ដាយ​ និង​ ឈឺចាប់​ជំនួស​គ្រួសារ​សម្ដេច​ ។​ តើ​លិខិត​របស់​លោក​ សម​ រង្សី​ ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ ការ​ស្វែងរក​ពី​ការ​បង្រួបបង្រួម​ជាតិ​ ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ឬ​ដូច​ម្ដេច​?​ ៕

Share

Image
Image
Image