ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបពីសេណារូយូមួយថា បើការចរចានិយាយពីការតាក់តែងច្បាប់ថ្មីៗគឺ គណបក្សប្រជាជនយល់ព្រមភ្លាម ដែលសម្ដេចថាជាបញ្ហារបស់ជាតិគឺមិនមែន ជារឿងរបស់បុគ្គលនោះទេ ។ សម្ដេចព្រមានថា ជនណាធ្វើបាតុកម្មចំពោះតែរឿងបុគ្គលគឺត្រូវបង្ក្រាប ។
សម្ដេច ហ៊ុន សែន បានថ្លែងដូចនេះ កាលពីថ្ងៃចន្ទទី១៣ មិថុនា នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
តែបក្សប្រឆាំងមិនសាទរ ប្រសាសន៍នាយករដ្ឋមន្ត្រីទេ ។ បក្សប្រឆាំងថា ការចរចាអាចទៅបានលុះត្រានិយាយពីការដោះលែងសកម្មជនបក្សរបស់ខ្លួន និងឱ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញ ។ យ៉ាងនេះក្ដីអ្នកវិភាគបញ្ហាសង្គម ទទូចឱ្យមានការចរចាដែលនាំមកនូវការបញ្ចប់វិបត្តិនយោបាយ ។ លោក លៀ ស៊ីណា រាយការណ៍លម្អិត៖
ក្នុងពិធីនោះ សម្ដេចហ៊ុនសែនមានប្រសាសន៍ថាជាងពាក់កណ្តាលជីវិតរបស់សម្ដេច គឺការចរចា គេនិយាយក្នុងកម្រិតមួយអាចចរចាបាន គឺគេមិននិយាយ ខុសប្រធានបទនោះទេ ។
សម្ដេច ហ៊ុន សែន៖ «ម៉ាជីវិត ជាងពាក់កណ្ដាលជីវិតរបស់ខ្ញុំ គឺចរចា ក៏ប៉ុន្តែឱ្យត្រូវនឹងទំរង់ប្រធានបទ នៃការចរចា ។ បើអ្នកឯងបបួលខ្ញុំពិភាក្សា ឥឡូវយើងគួរធ្វើច្បាប់នេះបន្ថែម ។ យើងគួរធ្វើច្បាប់នេះបន្ថែម គឺខ្ញុំអាចយល់ព្រមភ្លាមដើម្បីពិភាក្សា ថាតើយើងនៅខ្វះច្បាប់អីខ្លះ ប៉ុន្តែ រឿងអ្នកខ្លះ បន្លំផែនទី អ្នកខ្លះ បន្លំនេះ អាហ្នឹងជាសមត្ថកិច្ច តុលាការ ម្ដេចបានឱ្យគណបក្សប្រជាជនទៅចរចាជំនួស អត់ទេ វាខុសរឿង ។ កុំចាត់គណបក្សប្រជាជន ឱ្យទទួលខុសត្រូវ » ។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ប្រាប់ថាសមត្ថកិច្ចតុលាការ ត្រូវតុលាការគេធ្វើសេចក្ដីសម្រេច ហើយបើយ៉ាងណានោះ គឺនាយករដ្ឋមន្ត្រី ជាអ្នកសុំទៅព្រះមហាក្សត្រលើកលែងទោស ប៉ុន្តែសម្ដេច ព្រមានថាពេលនេះ កុំច្រឡំ បើអស់លោកធ្វើបាតុកម្មគឺសមត្ថកិច្ច នឹងបង្ក្រាប ។ សម្ដេចបញ្ជាក់ថាការធ្វើអ្វីមួយដើម្បីដោះលែង អ្នកជាប់ឃុំគឺ មិនអាចទៅរួចទេ ។
សម្ដេច ហ៊ុន សែន៖ «គណបក្សប្រជាជននឹងមិនចរចាលើ បញ្ហាណាដែលមិនជាសមត្ថកិច្ចរបស់គណបក្ស ។ នេះជាជំហរ ផ្លូវការ ។ បើទាក់ទងរបស់របស់អ្នកណា អ្នកនោះប្រឈម ឧទ្ទាហរណ៍ថា អ្នកឯងទាក់ទងរឿងផ្លូវច្បាប់ ត្រូវគេចាប់ខ្លួន ត្រូវគេឃាត់ខ្លួន ឬគេកោះហៅ គឺអាហ្នឹងជារឿងរបស់តុលាការ» ។
គណបក្សសង្គ្រោះជាតិប្រកាសថាខ្លួន នឹងលើកឡើងពីការចាប់ខ្លួនមន្ត្រីបក្ស ឱ្យទាមទារឱ្យដោះលែង ទើបគេហៅថាការចរចា ដើម្បីអ្វីមួយ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុស្ដ្រី FM102 ថាបច្ចុប្បន្ននេះ ក្នុងប្រទេសគឺមានការរាំងស្ទះដំណើរការជាច្រើន លោកថាប្រសិនជាបញ្ហាចម្រូងចម្រាសគ្នាសព្វថ្ងៃនេះ ត្រូវបានដោះស្រាយ នោះដំណើរការផ្សេងៗ អាចនឹងងាយស្រួលក្នុងការធ្វើការងារជាមួយគ្នា ។
លោក យឹម សុវណ្ណ បញ្ជាក់ថាបក្សសង្គ្រោះជាតិ ស្វាគមន៍រាល់ការចង់ធ្វើវិសោធនកម្មច្បាប់ផ្សេងៗដែលនាំឲ្យកើនផល រីកចម្រើនដល់ប្រទេសជាតិ និងពលរដ្ឋ ។ ក៏ប៉ុន្ដែពេលនេះ ខាងគណបក្សសង្គ្រោះជាតិមិនចង់ គិតគូរអ្វីច្រើននោះទេ ព្រោះតែបក្សចង់ដោះស្រាយរឿងរ៉ាវដែលកំពុងតែកើតមានសព្វថ្ងៃនេះ ឲ្យបានដាច់ស្រេចជាមុនសិន ។
លោក យឹម សុវណ្ណ៖ «យើងខ្ញុំចង់ដោះស្រាយ បញ្ហាជាតិ អំពីបរិយាកាសនយោបាយជាមុនសិន ប្រសិនជាបរិយាកាសនៅដូចបច្ចុប្បន្ន នេះគឺយើងមានការខ្វល់ខ្វាយ ពលរដ្ឋមានការខ្វល់ខ្វាយ អញ្ចឹងហើយរឿងដែល យើងត្រូវធ្វើយើងត្រូវដោះស្រាយបញ្ហានយោបាយជាមុន» ។
ទន្ទឹមនិងនេះ លោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ មានប្រសាសន៍ថាកម្ដៅនយោបាយក្នុងប្រទេសពេលនេះ កំពុងតែប្រឈមមុខដាក់គ្នាពីកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលអាចបង្កជាអំពើរហិង្សា បាន ។ លោកថា ប្រសិនជាមានការ ប៉ះទង្គិះគ្នាណាមួយកើតឡើងមែន អ្នកដែលរងគ្រោះពិតប្រាកដពី ជម្លោះអ្នកនយោបាយពេលនេះ គឺមានតែជាតិប៉ុណ្ណោះដែលរងគ្រោះធ្ងន់ធ្ងរបំផុត ។
លោក សូ ចន្ថា បញ្ជាក់ថា ប្រសិនជាមានការបើកផ្លូវ ក្នុងការចរចាតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែល ចែងពីការការពារបព្វសិទ្ធមេដឹកនាំ ដែលច្បាប់នោះ ផ្ដល់ផលចំណេញដល់ប្រទេសជាតិ នោះភាគីដែលជាដៃគួរតែពិចារណា ។
លោក សូ ចន្ថា ៖ «ចំពោះថា តើអាចនឹងមានច្បាប់អ្វីថ្មីទេ ដែរសម្រាប់ការពារថ្នាក់ដឹកនាំនៅពេលអស់អំណាចនោះ ខ្ញុំគិតថា ការបង្កើតច្បាប់នោះ វាផ្ដល់ផលប្រយោជន៍ដល់ជាតិ ធ្វើឲ្យជាតិរីកចម្រើន ធ្វើឲ្យមានឯកភាពជាតិ ហើយកម្ពុជាក្លាយជាប្រទេសឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ខ្ញុំគិតដៃគួរពិភាក្សារគួតែពិចារណារៀបចំរឿងនេះ» ។
តែសម្រាប់លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថាប្រសិនជាមិនព្រមយកបញ្ហា សព្វថ្ងៃមកជជែកគ្នាដើម្បីដោះស្រាយ បញ្ហាឲ្យចប់សព្វគ្រប់ទេនោះការចរចារដើម្បីធ្វើអ្វីផ្សេងទៀត ក៏មិនអាចទៅរួចដែរ ។
លោក បណ្ឌិត មាស នី សង្កត់ធ្ងន់ថារាល់ការបង្កើតច្បាប់ថ្មីណា មួយគឺគេតែងសិក្សាស្រាជ្រាវលំអិតអំពីផលប្រយោជន៍ និងផលប៉ះពាល់ ពីច្បាប់ដែលគ្រោងបង្កើតនោះ ។ លោកថាប្រសិនជា បង្កើតច្បាប់មួយសម្រាប់ការពារ តែមនុស្សមួយក្រុមតូចហើយ មនុស្សរាប់លាននាក់ទៀតរងគ្រោះ គេមិនគួរបង្កើតច្បាប់នោះមកឡើយ ។
លោក មាស នី ៖ «ខ្ញុំយល់ថា បើសិនជាមិនយក រឿងបញ្ហាធ្វើទុក្ខបុកម្នេញ ការចាប់ដាក់ទោសទណ្ឌ អ្នកនយោបាយមកនិយាយទេ យើងអាចវប្បធម៍សន្ទនា វាប្រព្រឹត្ដិទៅមិនប្រកបដោយភាពកក់ក្ដៅទេ» ។
យ៉ាងណាក៏ដោយគេដឹងថា ធ្លាប់មានការបង្ហើបពីការចង់ធ្វើវិសោធនកម្ម មាត្រា ២ នៃរដ្ឋធម្មនុញ្ញ ចែងពីផែនទីខ្នាត ១/១០០,០០០ មក ផែនទីខ្នាត ១/៥០,០០០ ដើម្បីងាយស្រួលក្នុងការបោះបង្គោល ព្រំដែនជាមួយប្រទេសវៀតណាម ។ ប៉ុន្តែ សេណារូយូ នេះបានស្ងាត់ទៅវិញ បន្ទាប់ពីមានការចាត់វិធានការ លើអ្នកចោទថាកម្ពុជា ប្រើផែនទីក្លែងក្លាយ ។
ជាមួយគ្នានេះ អ្នកសង្កេតការណ៍ខ្លះ គិតថាការចរចាណាមួយអាចមានដំណោះស្រាយ បើការចរចានោះធ្វើឡើងដើម្បីធ្វើច្បាប់ការពារបុព្វសិទ្ធិមេដឹកនាំ តែលោក សូ ចន្ថា ទទូចថាការតាក់តែងច្បាប់ដើម្បីការពារ អតីតមេដឹកនាំក៏ត្រូវមើលពីហានិភ័យចំពោះ មេដឹកនាំជំនាន់ក្រោយដែរ ៕