ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី១៣មិថុនានេះ សាលាឧទ្ធរណ៍បានសម្រេចជំនាស់មិនឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុកចំនួន ៤ នាក់ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ម្នាក់ បាននៅក្រៅឃុំតាមការស្នើសុំរបស់មេធាវី ក្នុងសំនុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ានសាក្សីពាក់ព័ន្ធនាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ។ មេធាវីបញ្ជាក់ថា នឹងប្តឹងទៅតុលាកាកំពូលជំនាស់ទៅនិងការសម្រេចរបស់ឧទ្ធរណ៍ដើម្បីស្វែងរកយុត្តិធម៌។ តែទន្ទឹមនេះ មន្ត្រីសិទ្ធិមនុស្សអាដហុកម្នាក់ ទទូចឱ្យបក្សកាន់អំណាចដោះលែងពួកគេទៅ បើចង់ឈ្នះឆ្នោតខាងមុខនេះ ។ យ៉ាងណាក៏ដោយអ្នកឃ្លាំមើលសិទ្ធិមនុស្សថា ទាល់តែមានការសម្របសម្រួលនយោបាយ ទើបពួកគេអាចនៅក្រៅឃុំបាន។

សមត្ថកិច្ចបាននាំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុកចំនួន ៤ នាក់មកពីពន្ធធាគារព្រៃស និង មន្ត្រីគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា មកពីមន្ទីឃុំឃាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅថា PJ បន្តបន្ទាប់នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនានេះ ដើម្បីស្តាប់សវនាការសុំនៅក្រៅឃុំ។
ក្រោយពីបញ្ចប់សវនាការនៅព្រឹកថ្ងៃចន្ទនេះ សាលាឧទ្ធរណ៍បានអនុញ្ញាតឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុកនិង មន្ត្រីគ.ជ.ប សម្រាក់បរិភោគអាហារថ្ងៃត្រង់មួយពេល ជាមួយប្រពន្ធកូនរបស់ពួកគាត់រយៈពេល១៥នាទី មុនបញ្ជូនខ្លួនពួកគាត់ទៅឃុំ ខ្លួនវិញ បន្ទាប់ពីពួកគេបានដឹងថា សាលាឧទ្ធរណ៍មិនបានអនុញ្ញាតឱ្យមន្ត្រីសិទិ្ធមនុស្ស ទាំង៤ រូបនិងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប បាននៅក្រៅឃុំឡើយ។

លោក នី ចរិយា ដៃទាំងពីរកំពុងជាប់ខ្នោះ និងពាក់អាវអ្នកទោសពណ៌ស្លាទុំ បានសម្តែងការខកចិត្តចំ ពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ បដិសេធមិនឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែ លោកថា មេធាវីលោកនឹងបន្តនីតិវិធីទៅសាលាកំពូលទៀត។ លោក នី ចរិយា បានប្រាប់អ្នកសារព័ត៌មាននៅពេលសមត្ថកិច្ចបណ្តើរលោកចូលទៅក្នុងឡានថា លោកមានបញ្ហាសុខាភាពគឺមាន ជំងឺលើសឈាម និងបេះដូង។ លោក នី ចរិយា និយាយថា៖
«តុលាការតម្កល់សេចក្តីសម្រេចរបស់សាលា ដំបូង ហើយរឿងនេះខ្ញុំទុកឲ្យមេធាវីខ្ញុំជាសម្រេច។ ខ្ញុំទុកឲ្យប្រជាជន អង្គការជាតិ អន្តរជាតិគេយល់ហើយ»។
ចំណែកលោក យី សុខសាន មន្ត្រីការពារសិទ្ធិមនុស្សអាដហុកម្នាក់ក្នុងចំណោម ៣ នាក់ទៀត លូកដៃចេញតាមបង្អួចរថយន្តដែលមានរនាំងដែកបាំងមានតែរន្ធះតូចៗនោះ លោកបានលូកម្រាមដៃចាប់ដៃកូនស្រីរបស់លោកដោយនិយាថា គាត់គ្មានបញ្ហាអ្វីនោះទេ។ លោកក៏បានស្នើឲ្យរាជរដ្ឋាភិបាលទម្លាក់បទចោទមកលើមន្ត្រីការពារសិទ្ធិមនុស្សអាដហុកទាំង ៤ ឲ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។ លោក យី សុខសាន និយាយថា៖ «
ស្នើសុំឲ្យរដ្ឋាភិបាលទម្លាក់ការបទចោទមកលើសង្គមស៊ីវិល។ជាពិសេសមន្ត្រី្កការពារសិទ្ធិមនុស្សទាំងអស់»។

ចំណែកលោក ណៃ វង់ដា បាននិយាយមួយៗចេញពីរថយន្តដឹកលោកត្រឡប់ទៅពន្ធគារព្រៃសវិញថា បើបន្តឃុំខ្លួនពួកគាត់ទៀត គឺគណបក្សកាន់អំណាច នឹងមិនឈ្នះឆ្នោតឡើយ។ លោក ណៃ វង្សដា ៖
«កាលណាឃុំយើងកាន់តែយូរ លទ្ធិភាពចាញ់ឆ្នោតនៅឆ្នាំ ២០១៧និង ២០១៨ កាន់តែច្រើន។ អញ្ចឹងដោះលែងពួកយើងទៅល្អជាង។ហាកដូចជារដ្ឋាភិបាលភ័យខ្លាចពេក ដែលយកពួកយើងឃុំនៅក្នុងពន្ធធាគារ»។
ជុំវិញបញ្ហានេះ មេធាវីការពារក្តីឲ្យលោក នី ចរិយាគឺ លោក សំ សុគង់ មានប្រសាសន៍ថា លោកនឹងប្តឹងសាទុក្ខជំទាស់ទៅសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបដិសេធមិនឱ្យកូនក្តីរបស់លោកនៅក្រៅឃុំ បើទោះបីជាកូនក្តីរបស់លោកបានដាក់ប្រាក់តម្កល់ និងធានាថាមិនរត់គេចខ្លួន និងបង្ហាញខ្លួននៅចំពោះមុខតុលាការគ្រប់នីតិវិធី។
លោកមេធាវី សំ សុគង់ បានបន្ថែមថា ការបដិសេធមិនឱ្យកូនក្តីលោកនៅក្រៅឃុំនេះ អាចនឹងប៉ះពាល់កិច្ចការបោះឆ្នោតស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ម្នាក់គឺ លោក នី ចរិយា ស្ថិតនៅក្នុងមន្ទីឃុំឃាំងនៅឡើយ។ លោកមេធាវី សំ សុគង់ ៖
«នៅពេលកូនក្តីខ្ញុំចេញមក ខ្ញុំបានជួបមក ខ្ញុំបានពិភាក្សាជាមួយគាត់ គាត់និយាយថា គាត់មិនពេញ ចិត្តដីកាសម្រេចនិងទេ ហើយគាត់និងឲ្យមេធាវីប្តឹងសារទុក្ខទៅតុលាការកំពូលឲ្យធ្វើការជំរុំជម្រះឡើតវិញ ឬសម្រេចក្តីឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ឲ្យគាត់បាទ»។

ចំណែក លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតស៊ើបសិទ្ធិមនុស្សអង្គការលីកាដូ មានប្រសាសន៍ថា សាលាឧទ្ធរណ៍គួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ព្រោះពួកគេមានទីលំនៅច្បាស់លាស់ មានមុខរបរ និងដាក់ប្រាក់តម្កល់ រួមទាំងធានាចូល ខ្លួនចំពោះមុខតុលាការដោយមិនរត់គេចទៅណាឡើយ។
លោក អំ សំអាត យល់ថា មន្ត្រីការពារសិទ្ធិមនុស្សអាដហុកចំនួន ៤ នាក់ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ម្នាក់ អាចនៅក្រៅឃុំបណ្តោះអាសន្នបាន ទាល់តែស្ថានការណ៍នយោបាយមានភាពល្អប្រសើរជាងនេះ ពោលគណបក្សធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានការសម្របសម្រួលផ្នែកនយោបាយជាមួយគ្នាទើបមានសង្ឃឹម។ លោក អំ សំអាត់ ៖
«យើងដឹងឲ្យថាអ្វីក៏ដោយយើងមិនសូវមានសង្ឃឹមដោយសារតែ ស្ថានភាពនៃនយោបាយវាកំពុងតាន់តឹងខ្លាំង អញ្ចឹងអញវីដែលការសម្រេចខ្ញុំយល់ថា វាអាចមកពីបរិបទនយោបាយកំពុងក្តៅគគុកផងដែរ»។
ការចាប់ឃុំខ្លួនករណីលោក នី ចរិយា និងមន្ត្រីការពារសិទ្ធិមនុស្ស ៤ រូបទៀតនៃសមាគមអាដហុក ត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកជារឿងនយោបាយ ។ ទាំងសហរដ្ឋអាមេរិក សភាសហភាពអឺរ៉ុប អគ្គលេខាធិការអង្គការសហប្រជាជាតិបានទាមទារឱ្យកម្ពុជា ទំលាក់ សំនុំរឿងនេះ ប្រឆាំងអ្នកទាំង៥រូបនេះ រួមមន្ត្រី សិទ្ធិមនុស្សម្នាក់របស់ អង្គការសហប្រជាជាតិជាតិ ផងដែរ៕