ភ្នំពេញ៖ មន្ត្រីអាដហុកទាំង ៤ រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលត្រូវបាននាំខ្លួនចូលសវនាការនៅព្រឹកថ្ងៃចន្ទទី ១៣ មិថុនា នេះ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេនឹងបាននៅក្រៅឃុំប្រសិនបើតុលាការឯករាជ្យ ។
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកទាំង ៤ រូបនេះមានលោក នី សុខា,លោក ណៃ វង់ដា,លោក យី សុខសាន និងលោកស្រី លឹម មុនី។ ពួកគាត់ត្រូវបាននាំខ្លួនមកកាន់សាលាឧទ្ធរណ៍នៅម៉ោងជាង ៨ ព្រឹកថ្ងៃចន្ទនេះ ។
លោក ណៃ វង់ដា និងលោក យី សុខសាន បានប្រាប់អ្នកសារព័ត៌មានមុនពួកគាត់ត្រូវបាននាំខ្លួនចូលសវនាការករណីសុំនៅក្រៅឃុំ ថានឹងបាននៅក្រៅឃុំ ព្រោះពួកគេទុកចិត្តលើសាលាឧទ្ធរណ៍ថា កាត់ក្ដីប្រកបដោយភាពឯករាជ្យ។
ជាមួយគ្នានេះ អ្នករាយការណ៍ព័ត៌មាននៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានឱ្យដឹងថា ស្ត្រីម្នាក់(អ្នកស្រី ស ស៊ន)ពាក់អាវខ្មៅ ដែលមកកាន់សាលាឧទ្ធរណ៍ហើយស្រែកថា «ខ្ញុំឃ្លាតយុត្តិធម៌ »ត្រូវបានសមត្ថកិច្ច ចាប់ដាក់លើរថយន្តយកទៅបាត់ ។
សូមជម្រាបថា លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ក៏បាននាំខ្លួនដើម្បីបើកសវនាការសុំនៅក្រៅឃុំផងដែរ។
ការចាប់ឃុំខ្លួនករណីលោក នី ចរិយា និងមន្ត្រីការពារសិទ្ធិមនុស្ស ៤ រូបទៀតនៃសមាគមអាដហុក ត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកជារឿងនយោបាយ ។
ទាំងសហរដ្ឋអាមេរិក សភាសហភាពអឺរ៉ុប អគ្គលេខាធិការ អង្គការសហប្រជាជាតិបានទាមទារឱ្យកម្ពុជា ទំលាក់ សំនុំរឿងនេះ ប្រឆាំងអ្នកទាំង៥រូបនេះ រួមមន្ត្រី សិទ្ធិមនុស្សម្នាក់របស់ អង្គការសហប្រជាជាតិជាតិ ផងដែរ៕