ភ្នំពេញ៖ មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តព្រះសីហនុបានឱ្យដឹងថា នៅតាមតំបន់ឆ្នេរទាំងអស់ក្នុងទឹកដីខេត្តព្រះសីហនុ ត្រូវបានមន្ត្រីជំនាញថ្នាក់ជាតិរូមទាំងមន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុ បានចុះពិនិត្យជាក់ស្តែងនិងធ្វើការវាស់និងស្រង់ទិន្នន័យដីឆ្នេរទាំងនោះឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងនិងរៀបចំកែលម្អលើកកម្ពស់សោភ័ណភាពឆ្នេរឡើងវិញ ដោយឆ្នេរសមុទ្រមួយចំនួនគ្រោងនឹងសាងសង់ខ្លោងទ្វារសមុទ្រផងដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោកនូន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់ខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុមានចំនួន ០៧ រូមមាន : ឆ្នេរទំនប់រលក, ឆ្នេរម្លប់ជ្រែ, ឆ្នេរកោះពស់, ឆ្នេរឯករាជ្យ, ឆ្នេរសុខា, ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រះ ដោយក្នុងចំណោមតំបន់ឆ្នេរខាងលើមានឆ្នេរចំនូន ០៣ រូមមាន ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រះ គ្រោងនឹងធ្វើការសាងសង់ខ្លោងទ្វារសមុទ្រចំនូន ១៧ គឺ ឆ្នេរឯករាជ្យចំនួន ០៤ ខ្លោងទ្វារ, ឆ្នេរអូរឈើទាលចំនួន ០៦ ខ្លោងទ្វារ និងឆ្នេរអូរត្រះចំនួន ០៧ ខ្លោងទ្វារ ។ លោកថា បច្ចុប្បន្នក្រុមមន្ត្រីជំនាញកំពុងសិក្សាលម្អិតរូបវន្តជាក់ស្តែងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដោយពឹងផ្អែកស្ទើរទាំងស្រុងទៅលើឆ្នេរសមុទ្រ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ដែលកំពង់មានការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យទស្សនាកម្សាន្តនៅក្នុងខេត្តនេះ៕