ភ្នំពេញ៖ គ្មានឡើយការចរចានាពេលខាងមុខ។ នេះគឺជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី ១១ ខែមិថុនា។
ស្របនឹងការលើកឡើងថា គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនាពេលខាងមុខ ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកហេតុផលថា ការចរចាអាចជះឥទ្ធិពលលើដំណើរការតុលាការ ដែលកំពុងមានចំណាត់ថ្នាក់លើសំណុំរឿងមួយចំនួន។ សម្តេចនាយរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ Fresh News ថា CPP មិនពិភាក្សារឿងដែលជាសមត្ថកិច្ចតុលាការ ជាពិសេសលើករណីអ្នកជាប់គុកនោះឡើយ។
ប្រធានគណកម្មាធិការប្រតិបត្ដិនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណបានថ្លែងនៅទីស្នាក់ការកណ្ដាលបក្ស កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ថាគណបក្សសង្គ្រោះជាតិគ្រោងជួបពិភាក្សាជាមួយនិងគណបក្សប្រជាជនកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងវប្បធម៌សន្ទនានិងសម្រួលស្ថានភាពនយោបាយអោយមានភាពល្អប្រសើរឡើងវិញ។
លោកយឹម សុវណ្ណបានចាត់ទុកស្ថានការនយោបាយនាពេលបច្ចុប្បន្ននេះថា ជារឿងគួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ត្រូវតែដោះស្រាយ។
លោក យឹម សុវណ្ណក៏បានបញ្ជាក់ផងដែរថា លោក ប៉ុល ហំម ប្រធានក្រុមការងារពង្រឹងវប្បធម៌សន្ទនា នឹងទំនាក់ទំនងទៅខាងភាគីគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការរៀបចំការជួបប្រជុំ ហើយរបៀវារៈ គឺដោះស្រាយបញ្ហានយោបាយជាអាទិភាព ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន្ត ក៏ធ្លាប់បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា បើកទ្វារចំហរវប្បធម៌សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកសង្កត់ធ្ងន់ថា វប្បធម៌សន្ទនាមិនអាចយករឿងអ្នកជាប់ទោសមកដោះស្រាយបាននោះទេ ព្រោះរឿងអ្នកទោសជាដែនសមត្ថកិច្ចរបស់តុលាការមិនស្ថិតនៅក្នុងកិច្ចចចារវប្បធម៌សន្ទនានោះឡើយ។
បើផ្អែកតាមការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលនេះជំនួបក្រុមការងាររបស់បក្សទាំងពីរដើម្បីពង្រឹងវប្បធម៌សន្ទនាប្រហែលជាអាចនៅទ្រឹង។
ក្រុមការងារដែលគ្រោងទុកកន្លងមកនោះ ដឹកនាំដោយលោកព្រំ សុខា តំណាងរាស្ត្របក្សកាន់អំណាច និងលោកប៉ុល ហំម តំណាងបក្សប្រឆាំង ហើយនេះមិនមែនជាការជួបគ្នារវាងថ្នាក់ដឹកនាំមតិភាគច្រើននិងថ្នាក់ដឹកនាំនៃមតិភាគតិច ពោលគឺមិនមែនជំនួបចរចារវាងសម្តេចស ខេង និងលោកកឹម សុខា នោះទេ តែជាជំនួបរវាងក្រុមការងាររបស់បក្សទាំងពីរដើម្បីពង្រឹងវប្បធម៌សន្ទនាគ្នាតែប៉ុណ្ណោះ៕