en     km
en     km

ស្ត្រី​អាជីវករ​ផ្សារ​ស្ទឹង​ត្រែង​ ត្អូញត្អែ​លក់​មិន​ដាច់​ក្រោយ​ផ្សារ​ត្រូវ​បំផ្លាញ​ដោយ​អ​គី្គ​ភ័យ​

Share

អាជីវករ​ផ្សារ​ស្ទឹង​ត្រែង​ បាន​ត្អូញត្អែ​ ពី​ការ​លក់ដូរ​មិន​មាន​អ្នក​ចូល​ទិញ​ច្រើន​ បន្ទាប់​ពី​ផ្សារ​ថ្មី​ស្ថិត​នៅ​កណ្តាល​ក្រុង​បាន​ឆេះ​កាល​ថ្ងៃ​ទី​០៧​ មេ​សា​ ។​ ក្រុម​ស្ត្រី​អ្នក​លក់ដូរ​ទាំងនោះ​ ថា​តូប​ថ្មី​ដែល​សង់​លក់​បណ្តោះអាសន្ន​នៅ​លើ​សួនច្បារ​ លក់​មិន​ដាច់​ទេ​ ថែម​ទាំង​ពិបាក​លក់​ទៀត​ផង​ ហើយ​ត្រូវ​លក់​ហាល​ភ្ញៀវ​ ហាលខ្យល់​ ។​

market-steungtreng-text
​​អ្នកស្រី​ ណា​រឿ​ន​ កំពុង​អង្គុយ​លើ​តូប​ លក់​គ្រឿងក្រអូប

អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM​ ១០២​ កញ្ញា​ ឆេ​ង​ ណា​តា​ បាន​ជួប​ស្ត្រី​អាជីវករ​ទាំងនោះ​ កំពុង​លក់ដូ​ ក្នុង​តូប​សង់​លក់​បណ្តោះអាសន្ន​ក្បែរ​ផ្សារ​ដែល​ឆេះ​ បាន​រៀបចំ​បទ​យកការណ៍​ពី​បញ្ហា​នេះ​ ។​ សូម​ស្តាប់​សេចក្តី​រាយ​កា​របស់​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​នេះ​ ៖

​ដូចដែល​លោក​អ្នក​បានដឹង​ហើយ​ថា​កាលពី​ម៉ោងជាង​៨​ ខែមេសា​ ឆ្នាំ​ ២០១៦​ មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ អគ្គិភ័យ​បាន​ឆាបឆេះ​តូប​របស់​អាជីវករ​នៅ​ផ្សារ​ស្ទឹង​ត្រែង​ប្រមាណ​ជាង​១​ពាន់​តូប​ ទាំងស្រុង​ ។​ បន្ទាប់​ពី​ផ្សារ​បាន​ឆេះ​ខ្ទេច​អស់​ អាជីវករ​ មិន​បាន​រើ​ទៅ​ទីតាំង​ថ្មី​នោះ​ទេ​ គឺ​ពួក​គេ​បាន​បោះ​តង់​លក់​លើ​សួនច្បារ​ក្បែរ​ទីតាំង​ចាស់​ ដើម្បី​រង់ចាំ​ការ​សាងសង់​ផ្សារ​ឡើង​វិញ​ ។​

​អាជីវករ​ទាំងនោះ​ បាន​ត្អូញត្អែ​ថា​ការ​លក់ដូ​នៅ​ទីតាំង​បណ្តោះអាសន្ន​ មិន​កាកកប​ដូច​មុន​នោះ​ទេ​ ។​

​អ្នកស្រី​ ណា​រឿ​ន​ កំពុង​អង្គុយ​លើ​តូប​ លក់​គ្រឿងក្រអូប​ជាមួយ​កូនស្រី​ បាន​ត្អូញត្អែ​ថា​ សព្វ​ថ្ងៃនេះ​ ការ​លក់ដូរ​ មានការ​ធ្លាក់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ផ្សារ​ដែល​ធ្លាប់តែ​លក់ដាច់​បាន​ប្រាក់​កំ​រ៉ៃ​ត្រូវ​បាន​ភ្លើង​ឆេះ​ ។​

​អ្នកស្រី​ថា​កាលពីមុន​ធ្លាប់តែ​លក់​ក្នុង​មួយ​ថ្ងៃ​បាន​ជាង​មួយ​លាន​រៀល​ តែ​ពេល​នេះ​សឹងតែ​រក​១០​ម៉ឺន​រៀល​មិន​បាន​ ។​ អាជីវករ​រូប​នេះ​ និយាយ​បន្ត​ថា​ នៅ​ពេល​នេះ​ អាជីវករ​បាន​ជួប​បញ្ហា​ប្រឈម​ជា​ខ្លាំង​ គឺ​ត្រូវ​លក់​ហាលថ្ងៃ​ ហាលភ្លៀង​ ហើយ​មិនសូវ​មាន​អ្នកទិញ​ច្រើន​ដូច​មុន​ទេ​។​

​ស្ត្រី​វ័យ​កណ្តាល​ដែល​មាន​សប្បុរស​ រាង​តូច​ស្តើង​រូប​នេះ​ បាន​និយាយ​បន្ថែម​ថា​ កាលពី​ផ្សារ​នេះ​ត្រូវ​ភ្លើង​ឆេះ​គឺ​ឥ​វ៉ា​ន់​របស់​អ្នកស្រី​បាន​ ឆេះ​ទាំងអស់​ ហើយ​ពេល​នេះ​អ្នកស្រី​កំពុង​តែ​រង​ចាំ​ចំណាត់ការ​ពី​តុលាការ​លើ​ពាក្យបណ្តឹង​របស់​អ្នកស្រី​ រួម​ទាំង​អាជីវករ​ផ្សេង​ទៀត​ ដើម្បី​ទាមទារ​ឱ្យ​ មានការ​ផ្តល់​សំណង​សម្រាប់​ការ​ខូចខាត​ដែល​អ្នកស្រី​បាន​បាត់បង់​ ។​

​អ្នកស្រី​ ណា​រឿ​ន​ បាន​សំណូមពរ​ទៅ​កាន់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ ជួយ​ព​ន្លឿ​ន​ក្នុង​ការ​សាងសង់​ផ្សារ​នៅ​លើ​ទីតាំង​ចាស់​ឱ្យ​ឆាប់​ និង​សូម​ផ្តល់​ទីតាំង​លក់​ដូច​ទីតាំង​ចាស់​ កន្លែង​អ្នកស្រី​ធ្លាប់​លក់​នៅ​កន្លែង​ផ្តល់​ឱ្យ​ត្រង់​កន្លែង​ហ្នឹង​វិញ​ ហើយ​ទំហំ​ប៉ុណ្ណា​ ឱ្យ​បាន​ទំហំ​ប៉ុ​ន្នោះ​វិញ​ដែរ​ ។​

​ស្ត្រី​អាជីវករ​ម្នាក់​ទៀត​ មាន​វ័យ​៤៧​ឆ្នាំ​ កំពុង​លក់​ខោអាវ​ ក្នុង​តូប​បាំង​ប៉ាតង់​ ដែល​សាងសង់​លើ​ទីតាំង​ថ្មី​ បាន​រៀបរាប់​ពី​ការ​លំបាក​របស់​ខ្លួន​ ថា​៖​ «​ពិបាក​ មែន​ស្រួល​អី​ណា​ មក​លក់​នេះ​ហាលភ្លៀង​ ហាលខ្យល់​ហើយ​មាន​សមត្ថភាព​ឯណា​យាម​ឱ្យ​យើង​។​…​ការ​ដូរ​លក់​វិញ​អត់​ដូច​គ្នា​ទេ​ មកនេះ​បាន​បួន​ ដប់​ម៉ឺន​ ប្រាំពីរ​ ប្រាំបី​ម៉ឺន​»​។​

​អាជីវករ​ផ្សារ​ស្ទឹង​ត្រែង​ដដែល​នេះ​ បាន​និយាយ​រៀបរាប់​ពី​ហេតុការណ៍​កាលពី​អំឡុង​ពេល​ឆេះ​ថា​ អ្នក​ស្ត្រី​មិន​បានដឹង​ពី​មូលហេតុ​ឆេះ​នោះ​ទេ​ ហើយ​អ្នក​ស្ត្រី​បានដឹង​ដំណឹង​ពី​ការ​ឆេះ​ជិត​ម៉ោង​ ១១​ទៅ​ហើយ​ ហេតុ​ដូច​ច្នេះ​ហើយ​បានជា​ឥ​វ៉ា​ន់​របស់​អ្នកស្រី​បាន​ឆេះ​ស្ទើ​តែ​ទាំងអស់​ យក​បាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។​

​ចំណែក​ស្ត្រី​ជា​អា​ជីករ​លក់​សាច់​ជ្រូក​ម្នាក់​ទៀត​ គឺ​អ្នកស្រី​ មុំ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បើ​ទោះបីជា​ផ្សារ​ត្រូវ​បាន​ឆេះ​ស្ទើ​ទាំងស្រុង​ ប៉ុន្តែ​អ្នកស្រី​មិន​មាន​អ្វី​ខាតបង់​ច្រើន​ដូច​អាជីវករ​ផ្សេង​ទៀត​នោះ​ទេ​ ។​ បែប​នេះ​ក្តី​ អ្នកស្រី​និយាយ​ថា​ ការ​លក់ដូ​របស់​អ្នកស្រី​សព្វ​ថ្ងៃនេះ​មិនជា​កាកកប​ប៉ុន្មាន​ទេ​ ។​

​ផ្សារ​ថ្ម​ស្ទឹង​ត្រែង​ ត្រូវ​បាន​សាងសង់​កាលពី​សម័យ​សង្គមរាស្ត្រនិយម​ដែល​មាន​ទំហំ​ទទឹង​៨១​ម៉ែត្រ​បណ្តោយ​១២៨​ម៉ែត្រ​ស្ថិត​នៅ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង​ ។​ ផ្សារ​នេះ​មាន​តូប​លក់ដូរ​ប្រកប​អាជីវកម្ម​ សរុប​ជាង​១​ពាន់​តូប​បូក​រួម​និង​ផ្ទៃ​តូប​ថ្ម​ផង​ ។​

​ផ្សារ​ថ្ម​នេះ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង​ ដោយ​មិន​មាន​សល់​ទ្រុងទ្រាយ​ដើម​ណាមួយ​ឡើយ​ ។​

​បន្ទាប់​ពី​ការ​ឆាបឆេះ​មក​  សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បើក​ការ​ស៊ើបអង្កេត​ភ្លាមៗ​ ដោយ​សន្និដ្ឋាន​ថា​អគ្គី​ភ័យ​ឆេះ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង​នោះ​គឺ​បង្ក​ឡើង​ ដោយ​ការ​ធ្វេសប្រហែស​របស់​ជាងទង​និង​ក្រុម​សន្តិសុខ​យាម​ផ្សារ​នោះ​តែ​ម្តង​។​
​ករណី​ឆេះ​ផ្សារ​  មនុស្ស​៥​នាក់​ត្រូវ​បាន​ ឃាត់ខ្លួន​ក្នុង​នោះ​រួម​មាន​ក្រុម​សន្តិសុខ​ចំនួន​៤​នាក់​ រួម​ជាមួយ​ជាងទង​ម្នាក់​ទៀត​បញ្ជូន​ទៅ​សាលាដំបូង​ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​របស់​អ្នក​ដទៃ​ ។​

​ខណៈ​តុលាការ​មិន​ទាន់​មាន​ចំណាត់ការ​លើ​ពាក្យបណ្តឹង​របស់​ខ្លួន​ ក្រុម​អាជីវករ​ទាំងនោះ​តែងតែ​ចេញ​តវ៉ា​ ដើម្បី​ជំរុញ​ឱ្យ​តុលាការ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ និង​ឱ្យ​លោក​ឧកញ៉ា​ សា​ លាង​ អ្នកគ្រប់គ្រង​ផ្សារ​ដែល​បាន​ដេញថ្លៃ​យក​ភាស៊ី​ផ្តល់​សំណង​ជូន​ពួក​គេ​ ។​ ទន្ទឹម​នឹង​នេះ​ អាជីវករ​ផ្សារ​ស្ទឹង​ត្រែង​ទាំងអស់​បាន​ទទូច​ហើយ​ ទទូច​ទៀត​ គឺ​ពេល​ផ្សារ​សាងសង់​រួច​ សុំ​ផ្តល់​ឱ្យ​ពួក​នូវ​ទីតាំង​ដើម​ ដែល​ធ្លាប់​លក់​កន្លង​មក​។​

​កន្លង​មក​លោក​ឧ​ញ៉ា​ សា​ លាង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​លោក​មិន​មានការ​ទទួលខុសត្រូវ​លើ​ករណី​អគ្គី​ភ័យ​នោះ​ឡើយ​ ។​

​យ៉ាងនេះ​ក្ដី​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ នៅ​ពេល​ដែល​ផ្សារ​សាងសង់​រួច​ នឹង​ប្រគល់​ទៅ​ឱ្យ​អាជីវករ​វិញ​ ដោយ​ពុំ​មានការ​ជួល​ ឬ​លក់​ឡើយ​ «​ប្រជាពលរដ្ឋ​ចូល​មក​សួរ​ថា​តើ​ធ្វើ​រួច​ហើយ​លក់​ ឱ្យ​គាត់​ ឬ​ជួល​ឱ្យ​គាត់​ ខ្ញុំ​ករុណា​ខ្ញុំ​បាន​ឆ្លើយ​ទៅ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ករួច​ហើយ​ ឥលូវ​ឆ្លើយ​ដាក់​មេក្រូ​អត់​មាន​អ្នក​ណា​ ទៅ​យក​ថ្លៃ​ឈ្នួល​គាត់​ទៀត​ទេ​ ហើយ​ក៏​អត់​ត្រូវការ​ចេញ​លុយ​ជួល​តូប​ ឬ​ក៏​ចេញ​លុយ​ទិញ​ថ្លែ​តូប​នោះ​ទេ​»​ ៕ ​

Share

ព័ត៌មានទាក់ទង

Image