ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹម សេង បានលើកទ្បើងថាអ្នកសារព័ត៌មានដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាមានដំណើរការយ៉ាងល្អប្រសើរគឺមិនមានការបំភិតបំភ័យអ្វីទេ។
ការលើកទ្បើងនេះបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានបង្ហាញក្តីព្រួយបារម្ភជុំវិញសេចក្តីរាយការណ៍អំពីការបំភិតបំភ័យ ការរំលោភបំពាន និងកាចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល ការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយដែលកំពុងរីករាលដាលនៅកម្ពុជា ។ តែបែប នេះក្ដី អ្នកជំនាញសារព័ត៌មាន បានយល់ស្របដូចលោក បានគីមូន ផងដែរ ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹម សេងបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា តាមលោកសង្កេតឃើញគឺប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាពុំមានការគាបសង្កត់ ឬក៏មានការបំភិតបំភ័យអ្វី នោះទេគឺមានន័យថាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាធ្វើការរបស់ខ្លួនដោយរលូន ។
លោក អ៊ុក គឹមសេង ក៏បានបញ្ជាក់ផងដែរថារឿងចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលគឺជារឿងដាច់ដោយទ្បែកផ្សេងទៀតមិនធ្វើឱ្យប៉ះពាល់ ទៅដល់ការបំភិតបំភ័យណាមួយទៅដល់ប្រព័ន្ធផ្សព្វផ្សាយនោះទេ ។
លោក អ៊ុក គឹមសេង ៖ «ជាការកត់សម្គាល់ខ្ញុំឃើញថាពុំមានការកៀបសង្កត់អីទេអ្នកធ្វើការប្រព័ន្ធផ្សព្វផ្សាយទាំងបណ្តាញព័ត៌មាន គ្រប់ប្រភេទហ្នឹងគាត់ធ្វើការធម្មតា ជាទូទៅយើងឃើញថាទាំងអស់គ្នាទាំងបណ្តាញព័ត៌មានទោះបីគាំទ្រនិន្នការនយោបាយខាងណាក៏ដោយពួកគាត់នៅតែដំណើការ ដូចសពមួយដងអញ្ចឹងបាទ»។
អ្វីដែលនាំឱ្យមានការបកស្រាយពីមន្ត្រីក្រសួងព័ត៌មាន គឺបន្ទាប់ពីមាន កិច្ចសន្ទនាមួយជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី៧ មិថុនា ហើយដែលត្រូវបានគេហទំព័ររបស់អង្គការសហប្រជាជាតិ ចុះផ្សាយសម្រង់សន្ទនាគា្ននេះ គឺលោក បាន គីមូន បាននិយាយពីការព្រួយបារម្ភរបស់លោក ជាច្រើន ជុំវិញស្ថានការណ៍នយោបាយ នៅកម្ពុជា ។
កិច្ចសន្ទនានេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន លើកឡើងជាច្រើនករណីដូចជា ការគាបសង្កត់ លើបក្សប្រឆាំង ការបំភ័តបំភ័យ លើសង្គមស៊ីវិល និងប្រព័ន្ធសារព័ត៌មាន ដែលថាកំពុងរីករាលដាលជាខ្លាំង ។ លោក ទទូចបញ្ចប់ ស្ថានភាពបែបនេះ ។
ចំណែកនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM លោក ប៉ា ងួនទៀង យល់ឃើញថាការព្រួយបារម្ភរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិគឺជាពិតត្រឹមត្រូវ ។
លោក ប៉ា ងួនទៀង បន្តថាការបំភិតបំភ័យខាងលើនេះហើយដែលធ្វើឱ្យប៉ះពាល់ទៅដល់ប្រព័ន្ធផ្សាយឯករាជ្យ ពិបាកក្នុងការទាក់ទងប្រភពផ្តល់ព័ត៌មានជាក់លាក់ ជុំវិញការរំលោភបំពាន ឬការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលជាដើម ។
លោក ប៉ា ងួនទៀង ៖ «ប៉ះពាល់ទី០១នឹងគឺសេរីភាពបញ្ចេញមតិ ព្រោះប្រព័ន្ធផ្សព្វផ្សាយ កាលណាប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមួយជាពិសេស ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមមួយកាលណាស្ថិតនៅក្នុងសង្គម ដែលកំពុងរងនឹងការបំភិតបំភ័យ ការគៀបសង្កត់ហ្នឹងគឺទី០១សារព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយគាត់ពិបាកទំនាក់ទំនង ប្រភពក្នុងការផ្តល់ជាទស្សនៈឬផ្តល់បទសម្ភាសន៍ផ្សេង..» ។
ជុំវិញបញ្ហានេះដែរនាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា ការអន្តរាគមន៍ពីសំណាក់សហគមន៍អន្តរជាតិពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយមកលើប្រទេសកម្ពុជាគឺជារឿងល្អប្រសើរគឺការ ផ្ញើសារមួយទៅដល់មន្ត្រីរដ្ឋាភិបាល ក្រុមឈ្មួញផ្សេងៗថាការធ្វើទុកបុកម្នេញទៅលើក្រុមអ្នកសារព័ត៌មានគឺជារឿងធ្ងន់ធ្ងរបំផុត ពីព្រោះសេរីភាពសារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងប្រទេសនីមួយៗ។
លោក មឿន ឈានណារិទ្ធិ ៖ «ជាពិសេសគឺថាការធ្វើទុកបុកម្នេញនេះទៅលើអ្នកសារព័ត៌មានគឺជារឿងធ្ងន់ធ្ងរបំផុតពីព្រោះសេរីភាពសារព័ត៌មាន តែងតែត្រូវបានគេទុកធ្វើជានិយាមដើម្បីវាស់ស្ទង់សេរីភាពដទៃទៀត នៅក្នុងប្រទេសកម្ពុជាយើងព្រោះអីបើសិនជាគ្មានសេរីភាពសារព័ត៌មានទេយើងក៏មិនមានសេរីភាពដទៃទៀតដែរ» ។
លោក មឿន ឈានណារិទ្ធិ ក៏ទទួលស្គាល់ដែរថានៅពេលកំដៅនយោបាយកាន់តែ តានតឹងអ្នកសារព័ត៌មានក៏អាចប្រឈមមុខនឹង ការភ័យខ្លាចមួយចំនួនផងដែរជាពិសេស ករណីគាបសង្កត់លើសង្គមស៊ីវិល ដែលជាស្ថាប័នមានទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ ។
លោក មឿន ឈានណារិទ្ធិ ៖ «ជាធម្មតានៅពេលដែលមានវិវាទផ្នែកនយោបាយ នៅពេលដែលមានការវាយប្រហារបង្ក្រាបទៅលើក្រុមអ្នកតវ៉ាផ្សេងៗ ដូចជាក្រុមអ្នកការពារសិទ្ធិមនុស្សយើងអ្នកសារព័ត៌មានតែងតែនៅចន្លោះ កណ្តាលដូច្នេះយើងអាចទទួលរងផលប៉ះពាល់…» ។
នៅក្នុង ទិវាសេរីភាពសារព័ត៌មាន ថ្ងៃ៣ ឧសភា គឺប្រទេសកម្ពុជា នៅតែត្រូវបានអង្គការការពារអ្នកសារព័ត៌មាន ចាត់ទុកថា នៅមានគុណវិបត្តិ បើទោះជា ល្អជាងប្រទេសជិតខាងបន្តិច ក្ដី ៕