en     km
en     km

មន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​មិន​រង​ការ​បំភិតបំភ័យ​អ្វី​ទេ​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​ អ៊ុ​ក​ គឹ​ម​ សេង​ បាន​លើក​ទ្បើ​ង​ថា​អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​មានដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ​គឺ​មិន​មានការ​បំភិតបំភ័យ​អ្វី​ទេ​។​

ministry-infor
ការិយាល័យ​ក្រសួង​ព័ត៌មាន។​រូបភាពពី Facebook ​ក្រសួង​ព័ត៌មាន

ការ​លើក​ទ្បើ​ង​នេះ​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន​ គី​មូ​ន​ បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ជុំវិញ​សេចក្តីរាយការណ៍​អំពី​ការ​បំភិតបំភ័យ​ ការ​រំលោភ​បំពាន​ និង​កា​ចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ ការ​គាបសង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា​ ។​ តែ​បែប​ នេះ​ក្ដី​ អ្នកជំនាញ​សារព័ត៌មាន​ បាន​យល់​ស្រប​ដូច​លោក​ បាន​គី​មូ​ន​ ផង​ដែរ​ ។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ អ៊ុ​ក​ គឹ​ម​ សេង​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ តាម​លោក​សង្កេត​ឃើញ​គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​មានការ​គាបសង្កត់​ ឬ​ក៏​មានការ​បំភិតបំភ័យ​អ្វី​ នោះ​ទេ​គឺ​មាន​ន័យ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​របស់​ខ្លួន​ដោយ​រលូន​ ។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​រឿង​ចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​គឺជា​រឿង​ដាច់​ដោយ​ទ្បែ​ក​ផ្សេង​ទៀត​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ ទៅ​ដល់​ការ​បំភិតបំភ័យ​ណាមួយ​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ​ ។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ ៖​ «​ជា​ការ​កត់សម្គាល់​ខ្ញុំ​ឃើញ​ថា​ពុំ​មានការ​កៀបសង្កត់​អី​ទេ​អ្នកធ្វើការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​បណ្តាញ​ព័ត៌មាន​ គ្រប់​ប្រភេទ​ហ្នឹង​គាត់​ធ្វើការ​ធម្មតា​ ជា​ទូទៅ​យើង​ឃើញ​ថា​ទាំងអស់​គ្នា​ទាំង​បណ្តាញ​ព័ត៌មាន​ទោះបី​គាំទ្រ​និ​ន្ន​ការ​នយោបាយ​ខាង​ណា​ក៏​ដោយ​ពួក​គាត់​នៅ​តែ​ដំណើ​ការ​ ដូច​សព​មួយ​ដង​អ​ញ្ចឹ​ង​បាទ​»​។​

​អ្វី​ដែល​នាំ​ឱ្យ​មានការ​បកស្រាយ​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​ គឺ​បន្ទាប់​ពី​មាន​ កិច្ច​សន្ទនា​មួយ​ជាមួយ​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៧​ មិថុនា​ ហើយ​ដែល​ត្រូវ​បាន​គេហទំព័រ​របស់​អង្គការសហប្រជាជាតិ​ ចុះ​ផ្សាយ​សម្រង់​សន្ទនា​គា្ន​នេះ​ គឺ​លោក​ បាន​ គី​មូ​ន​ បាន​និយាយ​ពី​ការ​ព្រួយបារម្ភ​របស់​លោក​ ជា​ច្រើន​ ជុំវិញ​ស្ថានការណ៍​នយោបាយ​ នៅ​កម្ពុជា​ ។​

​កិច្ច​សន្ទនា​នេះ​ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន​ គី​មូ​ន​ លើក​ឡើងជា​ច្រើន​ករណី​ដូច​ជា​ ការ​គាបសង្កត់​ លើ​បក្ស​ប្រឆាំង​  ការ​បំ​ភ័ត​បំភ័យ​ លើ​សង្គម​ស៊ី​វិល​ និង​ប្រព័ន្ធ​សារព័ត៌មាន​ ដែល​ថា​កំពុង​រីក​រាលដាល​ជា​ខ្លាំង​ ។​ លោក​ ទទូច​បញ្ចប់​ ស្ថានភាព​បែប​នេះ​ ។​

​ចំណែក​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា​ CCIM​ លោក​ ប៉ា​ ងួ​ន​ទៀង​ យល់​ឃើញ​ថា​ការ​ព្រួយបារម្ភ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​គឺជា​ពិត​ត្រឹមត្រូវ​ ។​

​លោក​ ប៉ា​ ងួ​ន​ទៀង​ បន្ត​ថា​ការ​បំភិតបំភ័យ​ខាងលើ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ​ ពិបាក​ក្នុង​ការ​ទាក់ទង​ប្រភព​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ជុំវិញ​ការ​រំលោភ​បំពាន​ ឬ​ការ​ចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ជាដើម​ ។​

​លោក​ ប៉ា​ ងួ​ន​ទៀង​ ៖​ «​ប៉ះពាល់​ទី​០១​នឹង​គឺ​សេរីភាព​បញ្ចេញមតិ​ ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ កាលណា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស​ង្គ​មួយ​ជា​ពិសេស​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​សង្គម​មួយ​កាលណា​ស្ថិត​នៅ​ក្នុង​សង្គម​ ដែល​កំពុង​រង​នឹង​ការ​បំភិតបំភ័យ​ ការ​គៀបសង្កត់​ហ្នឹង​គឺ​ទី​០១​សារព័ត៌មាន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាត់​ពិបាក​ទំនាក់ទំនង​ ប្រភព​ក្នុង​ការ​ផ្តល់​ជា​ទស្សនៈ​ឬ​ផ្តល់​បទ​សម្ភាសន៍​ផ្សេង​..»​ ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ មាន​ប្រសាសន៍​ថា​ ការ​អន្តរាគមន៍​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មក​លើ​ប្រទេស​កម្ពុជា​គឺជា​រឿង​ល្អ​ប្រសើរ​គឺ​ការ​ ផ្ញើ​សារ​មួយ​ទៅ​ដល់​មន្ត្រី​រដ្ឋាភិបាល​ ក្រុម​ឈ្មួញ​ផ្សេងៗ​ថា​ការ​ធ្វើ​ទុក​បុក​ម្នេញ​ទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន​គឺជា​រឿង​ធ្ងន់ធ្ងរ​បំផុត​ ពីព្រោះ​សេរីភាព​សារព័ត៌មាន​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ប្រទេស​នីមួយៗ។

លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ ៖​ «​ជា​ពិសេស​គឺថា​ការ​ធ្វើ​ទុក​បុក​ម្នេញ​នេះ​ទៅ​លើ​អ្នក​សារព័ត៌មាន​គឺជា​រឿង​ធ្ងន់ធ្ងរ​បំផុត​ពីព្រោះ​សេរីភាព​សារព័ត៌មាន​ តែងតែ​ត្រូវ​បាន​គេ​ទុក​ធ្វើ​ជា​និយាម​ដើម្បី​វាស់​ស្ទង់​សេរីភាព​ដទៃ​ទៀត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ព្រោះ​អី​បើសិនជា​គ្មាន​សេរីភាព​សារព័ត៌មាន​ទេ​យើង​ក៏​មិន​មាន​សេរីភាព​ដទៃ​ទៀត​ដែរ​»​ ។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ ក៏​ទទួលស្គាល់​ដែរ​ថា​នៅ​ពេល​កំ​ដៅ​នយោបាយ​កាន់តែ​ តានតឹង​អ្នក​សារព័ត៌មាន​ក៏​អាច​ប្រឈម​មុខ​នឹង​ ការ​ភ័យ​ខ្លាច​មួយ​ចំនួន​ផង​ដែរ​ជា​ពិសេស​ ករណី​គាបសង្កត់​លើ​សង្គម​ស៊ី​វិល​ ដែល​ជា​ស្ថាប័ន​មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ ៖​ «​ជា​ធម្មតា​នៅ​ពេល​ដែល​មាន​វិវាទ​ផ្នែក​នយោបាយ​ នៅ​ពេល​ដែល​មានការ​វាយប្រហារ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ផ្សេងៗ​ ដូច​ជា​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យើង​អ្នក​សារព័ត៌មាន​តែងតែ​នៅ​ចន្លោះ​ កណ្តាល​ដូច្នេះ​យើង​អាច​ទទួល​រង​ផល​ប៉ះពាល់​…»​ ។​

​នៅ​ក្នុង​ ទិវា​សេរីភាព​សារព័ត៌មាន​ ថ្ងៃ​៣​ ឧសភា​ គឺ​ប្រទេស​កម្ពុជា​ នៅ​តែ​ត្រូវ​បាន​អង្គការ​ការពារ​អ្នក​សារព័ត៌មាន​ ចាត់​ទុក​ថា​ នៅ​មានគុណ​វិបត្តិ​ បើ​ទោះជា​ ល្អ​ជាង​ប្រទេស​ជិតខាង​បន្តិច​ ក្ដី​ ៕​

Share

Image
Image
Image