ភ្នំពេញ៖ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដី កាកោះហៅ នាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការក្រុងភ្នំពេញពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ដើម្បីធ្វើការសាកសួរបន្ថែម នៅថ្ងៃទី ១៦ ខែ មិថុនា ខាងមុខនេះ។
នៅក្នុងដីកាដាច់ដោយឡែកពីគ្នា លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានអនុញ្ញាឲ្យ មេធាវីនាង ស្រីមុំ គឺ លោក គឹម វាសនា អាចចូលរួម ស្តាប់ការសាកសួរនេះ ដើម្បីយកចំលើយអំពីពាក្យសម្តីរបស់នាង ប្រាប់ទៅតុលាការ នៅថ្ងៃដដែលនោះ។
ពាក់ព័ន្ធអំពើសញ្ចារកម្មនេះដែរ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីកាចំនួន២លើកក្នុងសំនុំរឿងនាង ខុម ចាន់តារ៉ាទី ។ រួមទាំងដីកា២ផ្សេងទៀតគឺ ដីកាចូលបំភ្លឺក្នុងនាមជា សាក្ស៊ី និងដីកាឲ្យចូលខ្លួនបំភ្លឺបទចោទថ្មីមួយ គឺការបដិសេធមិនចូលខ្លួនមកកាន់តុលាការ នៅថ្ងៃទី ១៤ ខែ មិថុនា ខាងមុខនេះ៕