រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសហគមន៍អន្តរជាតិធំៗ ផ្ដើមព្រួយបារម្ភដូចៗគ្នា អំពី ហិង្សា នយោបាយនៅកម្ពុជា ដែលពួកគេគិតថា កម្ពុជាអាចដើរទៅរកផ្លូវមួយគឺការគ្រប់គ្រងបែប អត្តាធិបតេយ្យ ឬអំណាចបុគ្គលនិយម ហើយបើដូចនេះ គឺបក្សប្រឆាំង និងសង្គមស៊ីវិលជាសញ្ញា នៃគ្រោះថ្នាក់ ។
សហគមន៍អន្តរជាតិទាំងនោះ រួមមាន សហភាពអឺរ៉ុប អាមេរិក និងអង្កការសហប្រជាជាតិ ហើយជាមួយគ្នានេះកាលពីថ្ងៃទី៨មិថុនា មានអង្គការអន្តរជាតិ ធ្វើការនៅកម្ពុជា ជាង៤០ ក៏បានសម្ដែងការ ព្រួយបារម្ភពី ស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ ។ តែអ្វីដែលពួកគេព្រួយបារម្ភនោះ គឺខ្លាចបក្សប្រឆាំង ត្រូវបានគេបំបិទសំឡេង ។ តែបែបនេះ រដ្ឋាភិបាល ច្រានចោល ការព្រួយបារម្ភនេះ ។ លោក ធូ វីរៈ ជូនសេចក្ដីរាយការណ៍លម្អិត ៖
ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីសមាគមអង្គការ ការពារសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរងគ.ជ.ឞ ម្នាក់ កំពុងឃុំខ្លួននៅក្នុងពន្ធធាគារ ករណីនាង ខុម ចាន់តារាទី ហៅស្រីមុំ រួមទាំងករណីអ្នកតំណាងរាស្ត្រ លោក អ៊ុំ សំអាន និង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ស្ថិតនៅក្នុងគុកព្រៃស ដែលត្រូវបានចោទថាប្រើប្រាស់ឯកសារក្លែង និងបទញុះញង់បន្តឲ្យមានអសន្តិសុខសង្គម ។
លើសពីនេះ លោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ទាក់ទិនបណ្តឹងបរិហារកេរ្តិ៍ ។ ចំណែក លោក កឹម សុខា កំពុងប្រឈមមុខទៅ និងផ្លូវច្បាប់ករណីលោកមិនចូលខ្លួនទៅបំភ្លឺនៅចំពោះ តុលាការ នៅថ្ងៃទី ១៤ មិថុនា ខាងមុខនេះ ។
អ្នកវិភាគស្ថានការណ៍សង្គមបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ នៅពេលតែមួយគ្នានេះ គឺចង់ឲ្យរាជរដ្ឋាភិបាលពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ អ្នកវិភាគយល់ថា ស្ថានភាពនយោបាយបច្ចុប្បន្នចាំបាច់ត្រូវការអាជ្ញាកណ្តាលឯករាជ្យជាចំបាច់ ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា យល់ថា សហគមន៍អន្តរជាតិប្រតិកម្មនៅពេលនេះគឺ ចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជាមើលឡើងវិញ នៅការគោរពសិទ្ធិមនុស្ស សេរីភាពសម្តែងមតិ ក្នុងការពង្រឹងឡើងវិញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ លោកថា អន្តរជាតិក៏ឃើញការប្រកួតប្រជែងអ្នកនយោបាយ ដោយស្មើភាព តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
លោក សូ ចន្ថា និយាយថា៖«ការគាំទ្របែបនេះ វាស្របទៅនិងអ្វីដែលជាការលើករបស់អង្គការសង្គមស៊ីវិល ឬគណបក្សប្រឆាំង ដែលកំពុងជាជួបប្រទះនៅក្នុងកាលៈទេសៈនេះទទួលរងនូវការធ្វើទុក្ខបុកម្និញពីបក្សកាន់អំណាច ដែលយើងហៅដំណើរនៃប្រជាធិបតេយ្យនៅកម្ពុជា ហាក់ដូចជាវិវត្តន៍ទៅរកអ្វីដែលយើងហៅមិនប្រជាធិបតេយ្យទៅវិញ» ។
លោក ចន្ថា បន្ថែមថា ប្រសិបបើប្រទេសកម្ពុជាមិនបន្ថយភាពតានតឹងនយោបាយ ស្របតាមសេចក្តីថ្លែងការរបស់សហគមន៍អន្តរជាតិទេ ប្រទេសកម្ពុជានឹងបាត់បងប្រយោជន៍ និងខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ព្រោះសហគមន៍អន្តរជាតិជាម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍យ៉ាងជិតស្និតរបស់កម្ពុជា ។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការចាប់អារម្មណ៍សហគមន៍អន្តរជាតិគឺ ដោយសារប្រទេសជាម្ចាស់ជំនួយធំៗមួយចំនួនចង់ឲ្យរាជរដ្ឋាភិបាលពង្រឹងឡើងវិញនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ដែលសហគមន៍អន្តរជាតិ ហៅថា ស្ថានការនយោបាយគ្រោះថ្នាក់ ។
លោកបណ្ឌិត មាស នី បានសម្តែងការព្រួយបារម្ភអំពីសហគមន៍អន្តរជាតិអាចនឹងពិចារណាកាត់ជំនួយ ឬ ដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា ប្រសិនបើករណីរាជរដ្ឋាភិបាលមិនបានបន្ទន់ឥរិយាបថ តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ ។
លោកបណ្ឌិត មាស នី៖«ការឆ្លៀតយកពេលវេលា ដើម្បីយកប្រៀប ដោយមិនសមហេតុផលពីគណបក្សនយោបាយមួយទៀត ដើម្បីធ្វើឲ្យគេទន់ដៃជាងយើង ដោយសារល្បិច ដោយប្រើល្បែង នេះក៏ជាផ្នែកមួយនៃយុត្តិសាស្ត្រ ដើម្បីឈានទៅកាន់អំណាចតទៅទៀត ប្រសិនបើការបោះឆ្នោតមិនសេរី និងយុត្តិធម៌ ហើយរដ្ឋាភិបាលរក្សាភាពអយុត្តិធម៌ក្នុងការបោះឆ្នោត នេះមានន័យជាវិធីសាស្ត្រ ដើម្បីឈានទៅបន្តកាន់អំណាចតទៅទៀត» ។
ចំណែក អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គម និងនយោបាយ លោក ហេង ស្រ៊ាង យល់ឃើញថា សហគមន៍អន្តរជាតិអំនាវឲ្យអ្នកនយោបាយកម្ពុជា ងាក់រកវប្បធម៌សន្ទនាគ្នាវិញ ដោយសារតែសហគមន៍អន្តរជាតិមើលឃើញ អ្នកនយោបាយមិនត្រូវរូវគ្នាផ្នែកនយោបាយ ។ លោកថា ជម្លោះអ្នកនយោបាយនេះ បើគ្មានអាជ្ញាកណ្តាលជួយសម្របសម្រួល គឺអាចកើតមានអំពើហិង្សាកើតឡើងបានគ្រប់ពេល ។
លោក ស្រ៊ាង មានជំនឿថា មានតែអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ប៉ុណ្ណោះដែលអាចជួយស្តាលទិ្ធប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សបាន ដោយហេតុផលប្រទេសកម្ពុជាជាសមាជិកអង្គការសហប្រជាជាតិ ។
លោក ស្រ៊ាង ថ្លែងថា៖ «ខ្ញុំគិតថាមានតែ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ដែលអាចមានតួនាទីសំខាន់ក្នុងការដោះស្រាយរឿងស្រុកខ្មែរ ព្រោះថាគូរជម្លោះហាក់ដូចជាមិនយល់គ្នា មិនស្តាប់គ្នាទៅវិញទៅមកទេ» ។
កាលពីថ្ងៃទី៧ និងទី ៨មិថុនា ទាំងលោកបានគីមូន អគ្គលេខាធិការអង្កការសហប្រជាជាតិនិង សភាសហភាពអឺរ៉ុបបានទទូចឱ្យ រដ្ឋាភិបាល នៃគណបក្សប្រជាជន ជួយស្ដារស្ថានភាពនយោបាយ មករកភាពប្រក្រតីវិញ ហើយក្នុងនោះ ពួកគេ ទទូចឱ្យបញ្ចប់ការគំរាមកំហែង សង្គមស៊ីវិល និងបក្សប្រឆាំង ហើយជួយបើកផ្លូវឱ្យមានការវិលមកវិញរបស់លោក សម រង្ស៊ី ដែលអ្នកវិភាគ យល់ថា សហគមន៍អន្តរជាតិ ព្រួយបារម្ភគឺមានហេតុផលត្រឹមត្រូវគឺពួកគេ មើលគណបក្សប្រឆាំង កំពុងលូនទៅរកការកាន់កាប់អំណាច ។
តែទោះជាយ៉ាងណា អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន្ត មានប្រសាសន៍ថា សហគមន៍អន្តរជាតិ គឺលោក បាន គីមូន សភាសហភាពអឺរ៉ុប ឬអាមេរិកក្ដី មានការយល់ខុសទាំងស្រុង ចំពោះ កម្ពុជា ។ លោកថា កម្ពុជាពុំមាន ភាពធ្ងន់ធ្ងរចំពោះសិទ្ធិសេរីភាព របស់ពលរដ្ឋ សង្គមស៊ីវិល ឬបក្សប្រឆាំងនោះទេ ៕