នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញសាលារៀន មានគ្រប់ទីកន្លែង ស្ទើរទូទាំងប្រទេស ប៉ុន្តែ យ៉ាងនេះក្ដីនៅ មិនទាន់តម្រូវសេចក្ដី ត្រូវការបានទេ នៅតំបន់មួយចំនួន ឬស្រុកភូមិមួយចំនួន នៅតាមបណ្ដាខេត្តដាច់ស្រយ៉ាល ។
អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីបាន ចុះទៅដល់ ភូមិមួយនៃស្រុក ស្នួលខេត្តក្រចេះ ដោយរកឃើញ ភូមិរបស់ស្រុកនេះ មិនមាន សាលាអនុវិទ្យាល័យ សម្រាប់កូនៗពួកគេរៀនទេ គឺបើចង់ទៅរៀន អនុវិទ្យាល័យគឺត្រូវទៅ ធ្វើដំណើរឆ្លងកាត់ ភូមិជាច្រើន ។ អ្នកភូមិជាច្រើន បានទទូចសុំដល់រដ្ឋមន្ត្រីក្រសួងអប់រំ និង សម្បុរសជន ជួយសង់សាលាអនុវិទ្យាល័យ ដើម្បីឱ្យកូនៗ ទទួលបានការអប់រំខ្ពង់ខ្ពស់ ព្រោះពួកគេពិបាកធ្វើដំណើរទៅរៀនដោសារនៅឆ្ងាយពីផ្ទះជាច្រើនគីឡូម៉ែត ។ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយ កញ្ញា ច្រឹក ស្រីអូន ដូចទៅ៖
ចេញពីទីរួមស្រុកស្នូលឆ្ពោះទៅភាគខាងលិចនៃទីក្រុងនេះ គឺប្រហែលជិត៣០គីឡូម៉ែត្រដោយធ្វើដំណើរកាត់វាលចូលព្រៃ យើងនឹងបានជួបភូមិមួយ ដែលមានឈ្មោះថា ភូមិខ្វាន់ជាល ។ ទៅតាមដងផ្លូវចូលទៅកាន់ភូមិនោះមិនឃើញមានផ្ទះប្រជាពលរដ្ឋប៉ុន្មាននោះទេមានតែវាលស្មៅ និងចម្ការដំឡូងមីរួម និងដំណាំរួមផ្សំផ្សេងៗ ។
ជាងនេះទៅទៀតមន្ទីពេទ្យ វត្តអារ៉ាមនិងសាលារៀន ប្រពន្ធ័អគ្គីសនីក៏មិនសម្បូរច្រើនដែរ ។ ជាការពិតភូមិខ្វាន់ជាល នេះ ទើបទទួលបានសាលារៀនថ្មីមួយខ្នង៤បន្ទប់ជាអំណោយ ថ្មីពីអង្គការសង្គ្រោះកុមារ (save the children ) ដែលសាលារៀននេះប្រៀបបានថ្នាលថ្មី សម្រាប់បណ្ដុះពូជថ្មី លើទឹកដីភូមិខ្វាន់ជាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។ តែបែបនេះក្ដី មិនគ្រប់គ្រាន់ទេ គឺកេ្មងៗនៅភូមិនេះ រៀនចប់បឋមសិក្សា ហើយ ត្រូវទៅរៀនសាលាអនុវិទ្យាល័យ តែពុំមានសាលារៀននោះ ទេ ។ បើទោះជាយ៉ាងណាពលរដ្ឋភូមិនេះ សប្បាយចិត្តដោយបានទទួលសាលារៀន បឋមសិក្សាមួយថ្មីនេះ ដោយសង្ឃឹមថា នៅពេលខាងមុខនឹងបានអនុវិទ្យាល័យមួយទៀត ។
ជាការអបអរសាទក្នុងកម្មវិធីនោះមានក្រុមតន្ត្រីឆៃយ៉ាំដែលប្រគុំដោយក្មេងៗស្រីនេះគឺជាការបង្ហាញនូវសេចក្តីត្រេកអរ ជូនចំពោះ ភ្ញៀវកិត្តយស ម្ចាស់ជំនួយ និងអ្នកដែលបានចូលរួមក្នុងកម្មវិធីសម្ពោធអាគារសិក្សាថ្មីនៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៦។
លោក ហ៊ុយ ចិន ជាមេភូមិខ្វាន់ជាល បានរៀបរាប់ថាកំឡុងឆ្នាំ២០១១ គឺភូមិរបស់គាត់ គ្មានសាលារៀន និង គ្រូប្រងៀននោះទេ គឺមានតែគ្រូសហគមន៍ ដែលបង្រៀនក្មេងនៅតាមក្រោយផ្ទះ ឬសង់រោងធ្វើអំពីឈើប្រកសង្ក័សី បង្រៀនដោយគ្រូស្ម័គ្រចិត្តគ្មានប្រាក់ខែ និងមានចំណេះដឹងតិចតួច ហើយក្មេងខ្លះរៀនមេរៀនដដែល២ទៅ៣ឆ្នាំ ។ លោកថានៅពេលមានអ្នកគ្រូ លោកគ្រូពិតប្រាដក មកបង្រៀនក្មេងអ្នកភូមិទាំងអស់មានភាពសប្បាយរីរាយណាស់ ។
តាមរបងសាលារៀមួយនេះមានសរសេរពាក្យស្លោកលើកំណាត់ឈើ និង ក្ដាខៀនសួរច្បារថា « គេចវេសពីសាលាគឺដូចរុក្ខាខ្វះពន្លឺ ។ ទឹកឃ្មុំផ្អែមឆ្ងាញ់ចាញ់ អំណានសៀវភៅជាដើម» ។
កញ្ញា ទូច ម៉ារ៉ា ជាគ្រូបង្រៀនបានលើកឡើងថា បច្ចុប្បន្ននៅក្នុងសាលាបឋមសិក្សានោះមានគ្រូបង្រៀន២រូបប៉ុណ្ណោះហើយបង្រៀនសិស្សបានតែ ត្រឹមថ្នាក់ទី៤ ។ អ្នកគ្រូបន្តថា គាត់ត្រូវបង្រៀនសិស្ស២ថ្នាក់ ក្នុងមួយថ្ងៃហើយចែកចេញជា២វេន គឺវេនព្រឹកថ្នាក់ទី១ និងវេនល្ងាចថ្នាក់ទី២ ។ រីឯថ្នាក់ទី៣ និងទី៤ គឺលោកគ្រូនាយយកជាអ្នកបង្រៀន ។
អ្នកគ្រូបានបង្ហា្កញក្តីកង្វល់សុវត្ថិភាពកុមារថា កាលបើក្មេងរៀនថ្នាក់ទី៤ចប់ពួកគេលែងមានសាលានៅក្បែរផ្ទះទៀតហើយ គឺតម្រូវឲ្យក្មេងក្នុងភូមិត្រូវធ្វើដំណើរទៅលាសាមួយទៀត ដែលមានចំងាយជិត១០គីឡូម៉ែតទើបមានសាលាបឋមសិក្សាមួយទៀតឈ្មោះថា បឋមសិក្សា សម្តេច ហ៊ុនសែនស្អាត នោះគឺជាហេតុផលមួយធ្វើឲ្យឪពុកម្តាយនិងក្មេងពិបាក បន្តការសិក្សាតទៅទៀតនោះ។
មិនខុសពីគ្នានេះដែរលោក ផៃ ដារ៉ូ ជានាយក និងជាគ្រូបង្រៀនថ្នាក់ទី៣ និងទី៤នៃបឋសិក្សានេះបានលើកឡើងថា សិស្សដែលចូលមកសិក្សាមានចំនួនសរុប ៧៩នាក់ក្នុងនោះមានសិស្សស្រីចំនួន៣៧នាក់ ដែលកំពុងសិស្សា ។
លោកបានបន្តថាក្មេងខ្លះមានអាយុច្រើនទើបបានចូលរៀន គឺភួមិនេះមិនមានសាលារៀន ។
កុមារី បញ្ញា ជាសិស្សថ្នាក់ទី៤បានរៀបរាប់ថានាងរៀនថ្នាក់ទី៣ ចំនួន៣ឆ្នាំដោយសារគ្មានគ្រូ ហើយចិត្តគេមមៃចង់បានសាលាមានគ្រូបង្រៀនដែលអាចទទួលបានការអប់រំ ដូចកុមាទូទៅ នៅពេលទទួលបានគេសប្បាយចិត្តខ្លាំងណាស់ដោយសង្ឃឹមថាគេរួចផុតពីភាពល្ងង់ខ្លៅ ។
អ្នកស្រី ពៅ នីម ជាម្តាយដែលមានកូនតូច២នាក់ គាត់សប្បាយចិត្តណាស់ដែលមានសាលានៅជិតផ្ទះ ដែលឲ្យកូនគាត់ទៅរៀនបាន ។ អ្នកស្រីបន្តថាអ្នកភូមិភាគច្រើនជាអ្នកធ្វើស្រែចម្ការ និងស៊ីឈ្នួលដកដំឡូងឲ្យគេ ។ អ្នកស្រីសង្ឃឹមថាក្មេងបានរៀន និងមានជីវិតរួចផុតពីមុខរបរ ប្រើកំលាំងដូចគាត់ និងចង់បានសាលារៀនបន្ថែមទៀតគឺអនុវិទ្យាល័យ ។
ចំពោះសំណើររបស់ពលរដ្ឋ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់សម្ភាសន៍ក្នុងកម្មវិធីនេះថា រដ្ឋបានចំណាយថវិកា៣៥ពាន់លានរៀលស្មើ ៩លានដុល្លា ក្នុងមួយឆ្នាំក្នុងការសាងសង់ ពីមតេយ្យសិក្សាដល់ឧត្តមសិក្សា នៅទូទាំងប្រទេស ។ លោកបានបន្ថែមថា រាល់សំណើររបស់ប្រជាពលរដ្ឋទាំងអស់គឺត្រូវមើលថាកន្លែងណាមួយមានអតិភាពជាង ។ លោកបានបន្តថាពេលក្រសួងត្រូវជួសជុលអគារជាច្រើនផ្សេងទៀត ជាហេតុធ្វើឲ្យលោកមិនហ៊ានសន្យា ។
លើសពីនេះ អភិបាលខេត្តក្រចេះ លោក ស ចំរុង ក៏បានមានស្រសាសន៍ដែរថាលោកសប្បាយចិត្តដែលអង្គការ save the children បានជួយដល់ប្រជាពលរដ្ឋនៅទីនេះ ។ លោកក៏ចង់ឱ្យអង្គការនេះសហការជាមួយក្រសួងអប់រំដើម្បី ជួយដល់ប្រជាពលរដ្ឋបន្ថែមទៀត ។
អង្គការសង្គ្រោះកុមារ គឺជាអង្គការឯករាជ្យឈានមុខគេមួយក្នុងពិភពលោកសម្រាប់កុមារ ។ អង្គការនេះ មានកិច្ចការសហការ ជាមួយដៃគូក្នុងស្រុក និងដៃគូជាតិនិងអន្តរជាតិ ដោយផ្តល់អាទិភាពលើសិទ្ធិកុមារ និងលើកសម្លេងរបស់កុមារដែលរងគ្រោះ និងបាត់បង់ឱកាស ។
ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ អង្គការសង្គ្រោះកុមារបានកសាងអគារសិក្សាចំនួន ៤១៧ខ្នង បង្គន់អនាម័យ ៣០០ និងអន្តេវាសិកដ្ឋានសម្រាប់គ្រូនិងសិស្សចំនួន ៥០ខ្នងដែលចំណាយអស់ទឹកប្រាក់ចំនួន១១លានដុល្លារអាមេរិក ។ ប៉ុន្តែអង្គការនេះបានទទួលជំនួយ គឺថវិកាពីទីភ្នាក់ងារប្រទេសន័រវ៉េស្សន៍សម្រាប់ការអភិវឌ្ឍអន្តរជាតិ (NORAD) និងអង្គការម្ចាស់ជំនួយផ្សេងទៀត ។
បន្ថែមលើនេះទៀត អង្គការសង្គ្រោះកុមារបានពង្រឹងសមត្ថភាពដល់មន្ត្រីនិងលោកគ្រូអ្នកគ្រូ នៅតាមការិយាល័យនិងមន្ទីអប់រំខេត្ត និងសាលារៀនក្នុងការអភិវឌ្ឍផែនការអប់រំ ការសរសេររបាយការណ៍ ការត្រួតពិនិត្យតាមដាន ការវាយតម្លៃសាលាដោយខ្លួនឯង និងការងារគ្រប់គ្រងមួយចំនួនទៀត ។
លើសពីនេះទៅទៀត អង្គការសង្គ្រោះកុមារបានជួយគាំទ្រដល់កុមារដែលនៅក្រៅសាលាឱ្យបានចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សា និងផ្តល់សម្លេងដល់កុមារឱ្យធ្វើសេចក្តីសម្រេចចិត្តក្នុងផែនការអភិវឌ្ឍន៍សាលារៀន ព្រមទាំងជួយជំរុញ រដ្ឋាភិបាលឱ្យគាំទ្រដល់គោលការណ៍ណែនាំស្តីពីការបង្កើតកន្លែងសិក្សាសុវត្ថិភាព ក្នុងពេលទឹកជំនន់និងគ្រោះមហន្តរាយផ្សេងទៀត ៕