ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី ថ្ងៃទី ០៩ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ១៨០លានដុល្លារសាហរដ្ឋអាមេរិកដើម្បីជួសជុលផ្លូវ ។
រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទ្បើងថាការធ្វើចរាចារណ៍យានយន្ត ដែលដឹកទំនិញនៅតាមដងផ្លូវលើសទម្ងន់បានធ្វើឱ្យខាតបង់ថវិកាជាតិ ជាច្រើនរយលានដុល្លារសហរដ្ឋអាមេរិក ។ លោកថា ការខាតបង់ថវិកាជាតិនេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាតិរាប់ពាន់លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវដែលបានខូចខាតទាំងនោះ ។
លោក ស៊ុន ចាន់ថុល បន្តទៀតថាដើម្បីចូលរួមកាត់បន្ថយកុំឱ្យមានផ្លូវខូចបន្តទៅទៀតនោះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនដែលមានយានយន្តដឹកទំនិញមិនត្រូវផ្ទុកទំនិញរបស់ខ្លួនលើសទម្ងន់នោះទេ មានន័យថាត្រូវគោរពទៅតាមស្តង់ដាបច្ចេកទេស ។
លោក ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថាក្រសួងនឹងធ្វើការផ្សព្វផ្សាយតាមគេហទំព័រហ្វេសប៊ុករបស់ខ្លួនឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ជាមតិយោបល់ថា ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនទាំង ទ្បាយនៅតែបន្តដឹកទំនិញលើសទម្ងន់នោះក្រសួងគួរដកយករថយន្តនោះមកធើ្វជាទ្រព្យសម្បត្តិរបស់ក្រសួង ឬយ៉ាងណា ។
ប៉ុន្តែលោកមានជំនឿចិត្តថាប្រជាពលរដ្ឋ នឹងគាំទ្រឱ្យមានការដកហូតយានយន្តណាដែលមិនគោរពតាមការណែនាំរបស់ក្រសួង មកធ្វើជាទ្រព្យសម្បត្តិ ។
លោក ស៊ុន ចាន់ថុល៖ «ការជួសជុលថែទាំផ្លូវក្នុង១ឆ្នាំៗយើងចំណាយថវិកា១៨០លានដុល្លារសហរដ្ឋអាមេរិក ១៨០លានដើម្បីមកជួសជុលថែទាំផ្លូវ ច្រើនណាស់១៨០លានក្នុង១ឆ្នាំប៉ុន្តែបើយើងចេះជួយថែទាំផ្លូវយើងមិនឱ្យខូច ចឹងថវិកានេះអាចបង្វែរទៅកសាងផ្លូវផ្សេងទៀត សាលារៀន ប្រលាយទឹក » ។
សូមជំរាបថាការបើកកិច្ចប្រជុំខាងលើនេះមានស្ថាប័នពាក់ព័ន្ធ ចូលរួមដូចជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងបញ្ជាការដ្ឋានកងរាជធអាវុធហត្ថលើផ្ទៃប្រទេស តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ខេត្ត ប្រធាន-អនុប្រធានស្ថានីយ៍ជញ្ជីងចល័តទាំង២៤ស្ថានីយ៍ជាដើម ៕