ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ថ្លែងថា ក្រសួងយុត្តិធម៌មិនលូកដៃក្នុងករណី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បើសិនមិនចូលខ្លួនទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី ១៤ មិថុនាខាងមុខនេះ ខណៈមន្ត្រីជាន់ ខ្ពស់គណបក្សសង្គ្រោះជាតិប្រកាសជំហរថា លោក កឹម សុខា មិនចូលបំភ្លឺឡើយ។
ការថ្លែងបញ្ជាក់របស់លោក គឹម សន្តិភាពដូចនេះគឺជាចោទសួររបស់អ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ៩ បន្ទាប់ពីលោក អមដំណើរលោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា ចូលបំភ្លឺ សំនួររបស់ បក្សប្រឆាំងជុំវិញ ការចាប់ខ្លួនអ្នកតំណាងរាស្ត្រ កន្លងមកដោយមិនលើកអភ័យឯកសិទ្ធិសភា។
ក្នុងនោះ លោក គឹម សន្តិភាព ថ្លែងថា ក្រសួងយុត្តិធម៌មិនលូកដៃក្នុងរឿងនេះទេ ប៉ុន្តែអាស្រ័យទៅតាមការសម្រេចចិត្តរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញប៉ុណ្ណោះ។ លោក គឹម សន្តិភាព ៖«ខ្ញុំអត់ឆ្លើយទេ ដោយសារនេះជាភារកិច្ចរបស់ចៅក្រមស៊ើបសួរ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ មានប្រសាសន៍ថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិប្រកាន់ជំហរមិនចូលបំភ្លឺជាលើកទី២ឡើយ ដែលលោកចោទថាការកោះហៅអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនេះ បានរំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០។ លោក យ៉ែម បុញ្ញាឬទ្ធិ ៖
«ឯកឧត្តម កឹម សុខា លោកនៅប្រកាន់ជំហរគរពអនុវត្តច្បាប់សហាការន៍ជាមួយប្រព័ន្ធតុលាការ ក៏ប៉ុន្តែបើមានការរំលោភបំពានទៅលើគោលការណ៍រដ្ឋធម្មនុញ្ញ ក៏ដូចច្បាប់នានាទៀត ក្នុងន័យនេះលោក មិនទៅចូលរួមចូលបំភ្លឺនៅថ្ងៃទី ១៤ ខែ មិថុនា ខាងមុខនេះទេ»។
ជាមួយគ្នានេះលោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសឡើងមកឃ្លាំមើល ករណី លោក កឹម សុខា នៅទីស្នាក់ការកណ្តាល នៅចាក់អង្រែលើ ចាប់ពីថ្ងៃទី ១៣ និង ១៤ មិថុនា ខាងមុខនេះ។
កាលពីថ្ងៃទី០២ មិថុនា តុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់ឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញឱ្យចូលខ្លួនបំភ្លឺបទចោទថ្មីមួយ គឺការបដិសេធមិនចូលខ្លួនមកកាន់តុលាការ។
នេះជាដីការទី៤ ហើយដែលលោក កឹម សុខា ត្រូវបានតុលាការកោះហៅឱ្យចូលខ្លួន។ ដីកាកោះហៅលើកទីមួយ គឺតបតាមបណ្តឹងបរិហារកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថា។ ចំណែកដីកាកោះលើកទី ២ និងទី ៣ គឺកោះ ហៅលោកក្នុងនាមជាសាក្សី ពីបទសញ្ចារកម្មក្នុងសំនុំរឿង នាង ខុម ចាន់តារាទី ហៅស្រី មុំ៕