en     km
en     km

ទស្សនៈ​អ្នក​សង្កេតការណ៍​ជុំវិញ​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ នៅ​រដ្ឋសភា​ ដោយ​អវត្តមាន​បក្ស​ប្រឆាំង​

Share

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៩​ មិថុនា​នេះ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក​ អង្គ​ វង្ស​ វ​ឌ្ឍ​នា​ បាន​ ចូល​បំភ្លឺ​នៅ​រដ្ឋសភា​ ដើម្បី​ឆ្លើយ​សំនួរ​ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ឃុំខ្លួន​ អ្នកតំណាង​រាស្ដ្រ​ និង​ឃុំខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ មន្ដ្រី​គ​.​ជ​.​ប​ តាម​ការ​ចោទសួរ​គណបក្សប្រឆាំង​ ពី​ការ​ប្រើប្រាស់​អំណាច​របស់​មន្ដ្រី​យុត្ដិធម៌​ មិន​ស្របច្បាប់​ ។​ ការ​បំភ្លឺ​របស់​លោក​រដ្ឋមន្ត្រី​ នៅ​ពេល​នេះ​ គឺ​ឆ្លើយ​បំភ្លឺ​មិន​មានការ​ចោទ​ បន្ថែម​ពី​ម្ចាស់​សំនួរ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​នាំ​ឱ្យ​មានការ​ចោទសួរ​អំពី​តម្លៃ​ និង​ភាព​ស្មោះត្រង់​របស់​អ្នក​បកស្រាយ​ ។​

analyser0001 ( ពីឆ្វេង) លោក សូ​ ច​ន្ថា​ លោក​ សម​ គ​ន្ធា​មី​ និង​ ​លោក​ គល់​ បញ្ញា​។ ​
អវត្តមាន​ម្ចាស់​សំណួរ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​នេះ​ អ្នក​តាមដាន​ស្ថាន​ការ​នយោបាយ​ មាន​ទស្សនៈ​យ៉ាងណា​?​ សូម​ស្តាប់​សេចក្តីរាយការណ៍​របស់​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​ ៖


​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​បញ្ចេញ​ទស្សនៈ​ថា​ នៅ​ពេល​គ្មាន​វត្តមាន​ម្ចាស់​សំណួរ​ចោទសួរ​បន្ថែម​ទៅ​លើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ធ្វើ​ឱ្យ​ការ​ឆ្លើយ​បំភ្លឺ​ថ្ងៃនេះ​ហាក់បីដូចជា​មិន​ចំ​ និង​មិន​ស្រប​នូវ​អ្វី​ដែល​ចង់បាន​ ហើយ​ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​តស៊ូ​មតិ​នៅ​ក្នុង​រដ្ឋសភា​បាន​ទេ​ ព្រោះ​មាន​តែ​អ្នកឆ្លើយ​តែ​គ្មាន​អ្នក​សួរ​ ។​ លោក​បន្ត​ថា​ វេទិកា​ឆ្លើយ​បំភ្លឺ​នេះ​ដែរ​ ក៏​ហាក់​បាន​ប្រែ​ក្លាយជា​វេទិកា​ ដើម្បី​វាយប្រហារ​ច្រើន​ជាង​ ។​

 

​លោក​ សូ​ ច​ន្ថា​៖​ «​ប៉ុន្តែ​យើង​ឃើញ​ការ​ចូល​បំភ្លឺ​នៅ​ថ្ងៃនេះ​ ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ យើង​មន្ត្រី​គណបក្សប្រឆាំង​មិន​បាន​ចូលរួម​ ហើយ​យើង​ឃើញ​ថា​មានការ​ស្នើ​សុំ​លើក​ពេលវេលា​ ដើម្បី​ធ្វើការ​ចោទសួរ​សំណួរ​អី​ផ្សេងៗ​ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ការ​ចូល​បំភ្លឺ​នៅ​ថ្ងៃនេះ​វា​ហាក់បីដូចជា​ ការ​ចូល​ដើម្បី​តែ​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ហាក់បីដូចជា​មិន​មាន​ខ្លឹមសារ​អី​សំខាន់​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​ឡើយ​ »​។​

​ចំណែក​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ខម​ហ្វ្រេ​ល​ ដែល​ជា​អ្នក​ឃ្លាំមើល​ ដំណើរ​រដ្ឋសភា​ មាន​ប្រសាសន៍​ថា​ ការ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃនេះ​ គឺ​សភា​ បាន​ធ្វើ​តាម​និ​តិ​វិធី​ និង​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ពិតមែន​ ប៉ុន្តែ​ការ​ដេញដោល​មិន​បាន​ធ្វើ​ក្នុង​ន័យ​ពេញលេញ​នោះ​ទេ​ ដោយសារ​តែ​អ្នក​ត្រូវ​ដេញដោល​ អវត្តមាន​គឺ​មិន​មាន​ន័យ​អ្វី​ទេ​ ។​

​លោក​ គល់​ បញ្ញា​ ៖​ «​វា​អត់​មាន​អត្ថន័យ​ពេញលេញ​ទេ​ ព្រោះ​អី​ជា​ត្រូវ​តែ​មាន​អ្នក​ដែល​ដេញដោល​នឹង​ឯង​ទៅ​បញ្ជាក់​បន្ថែម​ ទៅ​លើក​បន្ថែម​ មិន​អាច​គ្រាន់តែ​ទៅ​ឆ្លើយ​អ​ញ្ចឹ​ង​ទៅ​ក្នុង​នាម​សមាជិក​គណបក្ស​ខ្លួនឯង​អ​ញ្ចឹ​ង​ទេ​››​ ។​

​ជាមួយ​គ្នា​នេះ​លោក​ សម​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ លោក​មានការ​សោកស្តាយ​ចំពោះ​ការ​ធ្វើ​ពហិការ​ក្នុង​ការ​ចូលរួម​ឆ្លើយ​បំភ្លឺ​ របស់​គណបក្សប្រឆាំង​នៅ​ថ្ងៃនេះ​ ។​

​លោក​ថា​ប្រសិនបើ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​នៅ​ថ្ងៃនេះ​នឹង​ល្អ​ ពីព្រោះ​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សង្គម​ ដោយសារ​តែ​ប្រជាពលរដ្ឋ​ចង់​ដឹង​ពី​ប្រព័ន្ធ​យុត្តិធម៌​ ដើម្បី​ឱ្យ​រដ្ឋមន្ត្រី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​ច្បាប់​ ជា​ពិសេស​ទាក់ទង​ នឹង​ការងារ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​ ។​

​លោក​ សម​ គ​ន្ធា​មី​ ៖​ «​អាហ្នឹង​ជា​បញ្ហា​មួយ​ដែល​យើង​សោកស្តាយ​ខ្លាំង​ បើ​តាម​ទស្សនៈ​ខ្ញុំ​គាត់​គួរតែ​ចូលរួម​ដែរ​ ដើម្បី​សួរ​បំភ្លឺលោក​រដ្ឋមន្ត្រី​ឱ្យ​បាន​អស់​ច​ម្ង​ល់​ ជា​ពិសេស​វា​ជា​ផល​ប្រ​យោន៍​សង្គម​ផង​ ប្រជាពលរដ្ឋ​គឺ​គាត់​ចង់​ច្រើន​ពី​បញ្ហា​សង្គម​បច្ចុប្បន្ន​»​ ។​

​តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ មិន​មាន​ន័យ​ ឬ​មាន​ន័យ​ គឺ​អាស្រ័យ​លើ​ បក្ស​ប្រឆាំង​មក​កាន់​រដ្ឋសភា​មក​ស្ដាប់​ការ​បំភ្លឺ​ ។​

​លោក​ សុខ​ ឥ​សាន្ត​ ៖​ «​អាហ្នឹង​ជា​គំនិត​គាត់​ជា​យោបល់​គាត់​ទេ​ អាហ្នឹង​គាត់​លើក​អី​លើក​ទៅ​ រដ្ឋសភា​ធ្វើ​តាម​តួនាទី​ភារៈកិច្ច​របស់​សភា​ ។​ រដ្ឋសភា​មិន​ឈឺក្បាល​អី​ អាហ្នឹង​គេ​ធ្វើ​តាម​ភារៈកិច្ច​រដ្ឋសភា​ ។​ យើង​ដឹង​ហើយ​តើ​យើង​មាន​ឆ្ងល់​ឯណា​ គណបក្សប្រឆាំង​តើ​ដែល​ឆ្ងល់​ ហើយ​មិន​ព្រម​ចូល​ស្តាប់​ ដូច្នេះ​បានជា​វា​មិនសូវ​មាន​តិ​ ដោយសារ​អី​ ដោយសារ​គណបក្ស​ប្រជាជន​អត់​មាន​ឆ្ងល់​ផង​ »​។​

​រីឯ​លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ឯ​វិមាន​រដ្ឋសភា​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​អ្វី​ឆ្ងល់​នោះ​ទេ​ ហើយ​សំណួរ​ដែល​គណបក្សប្រឆាំង​បាន​សួរ​ ក៏​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឆ្លើយ​បាន​ក្បោះក្បាយ​និង​ដោះស្រាយ​តាម​របៀប​ផ្លូវច្បាប់​ហើយ​ដែរ​ ។​

​លោក​ ឈាង​ វុន​ ៖ «​ហើយ​គាត់​បកស្រាយ​ថា​តុលាការ​គេ​ធ្វើ​កិច្ចការ​របស់​គេ​ ធ្វើ​កិច្ច​របស់​គេ​ត្រឹមត្រូវ​ហើយ​ ហើយ​មិន​ត្រឹមត្រូវ​សភា​ អាច​កោះហៅ​គាត់​មក​សាកសួរ​ទៀត​ ហើយ​គណៈ​ក​ម្មា​ការ​ដែល​អាច​សួរ​បាន​ គឺ​គណៈកម្មការ​ទី​៦​ និ​តិក​ម្ម​ »​។​

​សំនួរ​របស់​គណបក្សប្រឆាំង​បាន​ដាក់​ទៅ​ ក្រសួងយុត្តិធម៌​ គឺ​មាន​៣​សំនួរ​ ដែល​ទាក់ទិន​ នឹង​អនុវត្ត​ ក្រមព្រហ្មទណ្ឌ​ និង​អធិបញ្ជា​របស់​ក្រសួងយុត្តិធម៌​ ដែល​បក្ស​ប្រឆាំង​ថា​ ចោទសួរ​ពី​ការ​បំពាន​អំណាច​ រំលោភ​រដ្ឋធម្មនុញ្ញ​ ករណី​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​  ។​

​យ៉ាងណា​ក៏​ដោយ​ អ្នក​តាមដាន​ កិច្ចការ​របស់​សភា​ ទទូច​ថា​បក្ស​ទាំង​២​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​គួរ​មានការ​ត្រូវ​គ្នា​ជា​មុន​ មុន​នឹង​ កោះហៅ​រដ្ឋមន្ត្រី​មក​បំភ្លឺ​ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​តាមដាន​កិច្ចការ​ប្រជុំ​របស់​សភា​ ដែរ​ ៕​

 

Share

Image
Image
Image