ភ្នំពេញ៖ បន្ទាប់ពីវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានស្លាប់មួយរយៈ គឺនៅថ្ងៃទី ០៨ មិថុនានេះ គណបក្សធំៗទាំងពីរបានផ្តល់ភ្លើងខៀវឡើងវិញ ដើម្បីបន្តចរចារវប្បធម៌សន្ទនា ក្នុងគោលបំណងដោះស្រាយបញ្ហានយោបាយដែលកំពុងឡើងកំដៅនៅបច្ចុប្បន្ននេះ។ គណបក្សសង្គ្រោះជាតិបានផ្តល់ដំណឹងទៅរដ្ឋសភារួចហើយថា ខ្លួនចង់ឱ្យមានជំនួបមួយរវាងក្រុមការងារពង្រឹងវប្បធម៌សន្ទនាទាំងពីរគណបក្សឡើងវិញ ខណៈបក្សកាន់អំណាចថា ខ្លួនបើកទ្វាររងចាំការចរចាជានិច្ច តែមិនត្រូវយកវប្បធម៌សន្ទនាជាឈ្នាន់ឱ្យមានការដោះលែងអ្នកទោសនោះទេ។ តែអ្នកវិភាគដ៏ល្បីម្នាក់ ទទូចឱ្យគណបក្សសង្គ្រោះជាតិ តតាំងក្ដីដោយឈរលើឆន្ទៈរបស់ពលរដ្ឋដែលគាំទ្រខ្លួន។
វប្បធម៌សន្ទនាដែលគណបក្សទាំងពីរបានធិបចោលមួយអន្លើនោះ ហាក់មានពន្លឺឡើងវិញបន្តិចហើយបន្ទាប់ពីគណបក្សសង្ក្រោះជាតិនៅថ្ងៃទី០៨ ខែមិថុនានេះ បានជម្រាបដល់រដ្ឋសភាជាតិពីចេតនារបស់បក្ស ក្នុងការស្វែងរកលទ្ធភាព ក៏ដូចជាបរិយាកាសសមរម្យមួយដើម្បីឱ្យមានជំនួបចរចារជាមួយបក្សកាន់អំណាច។ នេះបើតាមការឱ្យពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានបញ្ជាក់ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៨មិថុនានេះ។
បើតាមលោក យឹម សុវណ្ណ គណបក្សសង្រោះជាតិត្រូវនឹងផ្ញើលិខិតលាយលក្ខអក្សរដើម្បីស្នើសុំឱ្យរដ្ឋសភារៀបចំឱ្យមានជំនួបរវាងក្រុមការងារទាំងពីរគណបក្ស ដើម្បីពង្រឹងវប្បធម៌សន្ទានាឡើងវិញ។ ប៉ុន្តែលោកថា ជំហានដំបូងនេះគឺ គណបក្សសង្គ្រោះជាតិគ្រាន់តែផ្តល់ដំណឹងផ្ទាល់មាត់តែប៉ុណ្ណោះ ដោយរងចាំស្ទាបស្ទង់ស្ថានការណ៍មួយរយៈទៀតសិន។ លោក យឹម សុវណ្ណ៖«សុំឱ្យមានជំនួបរវាងក្រុមការងារពង្រឹងវប្បធម៌សន្ទនា ទាំងពីរគណបក្សដើម្បីពង្រឹងវប្បធម៌សន្ទនា»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគឺលោក សុខ ឥសាន្ត លើកឡើងថា គណបក្សប្រជាជនតែងតែបើកទ្វាររង់ចាំ និងរក្សានូវវប្បធម៌សន្ទនានេះជានិច្ច។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ដើម្បីពង្រឹងវប្បធម៌សន្ទនាឱ្យមានប្រសិទ្ធិភាពនោះ គណបក្សប្រឆាំងត្រូវគោរពឱ្យបាននូវខ្លឹមសារក្នុងបរិបទនៃវប្បធម៌សន្ទនា ពោលគឺមិនត្រូវយកយន្តការនេះ ជាឈ្នាន់ដើម្បីឱ្យមានការដោះលែងអ្នកទោសនោះទេ។ លោក សុខ ឥសាន្ត៖«ក៏ប៉ុន្តែដើម្បីពង្រឹងឱ្យមានប្រសិទ្ធិនៃវប្បធម៌សន្ទនាវាត្រូវតែ គោរពនូវខ្លឹមសារក្នុងបរិបទវប្បធម៌សន្ទនា កុំយកវប្បធម៌សន្ទនាធ្វើជាឈ្នាន់ដើម្បីរំលោភសមត្ថកិច្ចរបស់តុលាការការ។ គាត់ចងដោះលែងអ្នកទោស ហើយនិងដោះលែងជនជាប់ចោអត់ទៅរួចទេអាហ្នឹង គាត់នាំយើងខុស យើងម៉េចខុសកើតតាមគាត់»។
អ្នកសង្កេតការណ៍ មិនរំពឹងថា ការចរចារនឹងនាំមកនូវ ផលប្រយោជន៍ជាតិជាធំនោះទេ ។ ប៉ុន្តែអ្វីដែលគួរប្រកាន់ជំហរ គឺបក្សប្រឆាំងត្រូវប្រើតុល្យភាព ឱ្យមានប្រសិទ្ធភាព ។
លោក កែម ឡី អ្នកសិក្សាពីការអភិវឌ្ឍសង្គមលើកឡើងថា គណបក្សសង្គ្រោះជាតិនៅពេលនេះ គួរតែប្រើប្រាស់សិទ្ធិដែលខ្លួនមាន ហ៊ានឈរតតាំងនឹងស្ថានការណ៍នយោបាយ កំពុងឡើងកំដៅនេះ ដោយការសម្តែងមតិដែលជាសិទ្ធិមូលដ្ឋានរបស់ខ្លួន គឺមិនត្រូវដកថយនោះទេ។
ជាងនេះទៅទៀតលោក កែម ឡី ថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែបន្ទន់ឥរិយាបថសុំចរចារពីគណបក្សកាន់ អំណាច ដែលថាមិនមែនជាដំណោះស្រាយ មានប្រសិទ្ធិភាពនោះទេ ពោលគឺគណបក្សសង្គ្រោះជាតិត្រូវហ៊ានប្រឈមមុខនឹងស្ថានភាពដ៏តឹងតែងនេះ។ លោក កែម ឡី៖«ទោះបីជាមានការចរចាក៏នៅតែមានបញ្ហាបន្តទៅទៀត ពីព្រោះគេចូលចិត្តបង្កើតបញ្ហាអញ្ចឹង!។ ដូចនេះខ្ញុំគិតថាត្រូវការតស៊ូមតិ នៅក្នុងសភាក្តី នៅក្រៅរដ្ឋសភាក្តី នៅទីសាធារណៈ បាតុកម្ម កូដកម្ម ញាតិ សេចក្តីថ្លែងការណ៍ និងការប្រមូលផ្តុំ និងជាសិទ្ធិមូលដ្ឋាន អញ្ចឹងយើងអត់ត្រូវដកថយទេ។ហើយបើសិនយើងឃើញថាមានការគាប់សង្កាត់ មានការរំលោភច្បាប់សុំកេចរចា ខ្ញុំគិតថាទៅមិនរួចទេស្រុកខ្មែរយើង»។
សូមបញ្ជាក់ថា វប្បធម៌សន្ទនា គឺជាយន្តការដ៏សំខាន់មួយរបស់គណបក្សធំៗទាំងពីរ បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្នុងការបញ្ចប់ជម្លោះនយោបាយ។ វប្បធម៌សន្ទនានេះ ត្រូវបានគណបក្សទាំងពីរ អនុវត្តជាបន្តបន្ទាប់រហូតដល់មេដឹកនាំទាំងពីរ ចាប់ដៃកៀកស្មាគ្នាដើរលេងនៅខេត្តសៀមរាបក្នុងឱកាសឆ្នាំថ្មីកាលពីឆ្នាំ២០១៥។ តែវប្បធម៌សន្ទនាត្រូវបានផ្អាកមួយរយៈ បន្ទាប់ពីសម្ដេច យករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាដៃគូវប្បធម៌សន្ទនាតំណាងឱ្យសំលេងភាគច្រើនក្នុងរដ្ឋសភា បានលើកឡើងថា ដៃគូសន្ទនារបស់ខ្លួន គឺលោក សម រង្ស៊ី តំណាងឱ្យសំឡេងភាគតិច បានជាន់ឈ្លីនូវវប្បធម៌សន្ទនាដោយខ្លួនឯងគឺថាសម្លាប់យន្តការនេះទៅហើយ៕