ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឆ្លើយតបសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា ដែលប្រកាសថា រដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្របានទេ ហើយថានេះជាល្បិចលើគោក គឺជាការមិនគោរពរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបដិសេធ។ ចំណែកអ្នកឃ្លាំមើលអ្នកដំណាងរាស្ត្រយល់ថា រដ្ឋសភាជាស្ថាប័នកំពូលរបស់រដ្ឋ គួរតែការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រស្របទៅតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០ ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានធ្វើការកត់សម្គាល់ដូចនេះ បន្ទាប់ពីរដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ០៧ ខែ មិថុនាម្សិលមិញ ដោយបានបដិសេធសំណើររបស់លោក ដែលស្នើឲ្យជួយការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ដែលបានដាក់លិខិតផ្ញើរទៅប្រធានរដ្ឋសភាសម្តេច ហេង សំរិន។
លិខិតរបស់គណបក្សសង្គ្រោះជាតិផ្ញើជូនសម្ដេច ហេង សំរិន ដោយបានទទូចឱ្យជួយការពារអភ័យឯកសិទ្ធិរបស់ លោក សម រង្ស៊ី លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ។
ចំណែកសេចក្តីថ្លែងការណ៍អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា សមាជិករដ្ឋសភាមកគណបក្សប្រជាជនកម្ពុជា មិនអាចជួយការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រគណបក្សជំនាស់ដែលគណបក្សកាន់អំណាចហៅថា តំណាងរាស្ត្រកំពុងប្រព្រឹត្តិបំពានច្បាប់។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍បន្តថា ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភាគឺ បានរំលោភទៅនិងរដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០ ដែលធានាការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។ លោកថា សេចក្តីថ្លែងការណ៍នេះគឺគ្រាន់តែគេចវេសពីការទទួលខុសត្រូវ និងរងសម្ពាធពីរដ្ឋាភិបាលប៉ុណ្ណោះ។ អ្នកតំណាងរាស្ត្រគណ បក្សប្រឆាំងរូបនេះ ចាត់ទុកសេចក្ដីថ្លែងការណ៍នេះថា មិនបានការពារផលប្រយោជន៍ប្រជាពលរដ្ឋ តែជាសភាបម្រើគណ បក្សកាន់អំណាចទៅវិញ។ លោក សុន ឆ័យ ៖ «អ្វីដែលបានប្រព្រឹត្តិទៅលើអ្នកតំណាងរាស្ត្រជាពិសេសរំលោភលើអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រនេះគឺ ការប្រព្រឹត្តិដោយខុសច្បាប់ ហើយការធ្វើនេះគឺដោយសារសម្ពាធពីអង្គការនីតិប្រតិ បត្តិ រដ្ឋាភិបាល។ ដូច្នេះអ្វីដែលសភាប្រកាស គាត់ប្រកាសយករួចខ្លួន ប៉ុន្តែយើងមើលនីតិវិធីនៃអនុវត្តន៍របស់សភានេះជាសភារបស់បក្ស មិនជាសភារបស់ប្រជាជាតិទេ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា រដ្ឋសភារងសម្ពាធពីរដ្ឋាភិបាល និងជាសភារបស់គណបក្សកាន់អំណាចគឺលោកថាមិនដូចការចោទប្រកាន់ឡើយ។
លោក សុខ ឥសាន្ត បន្តថា អ្នកតំណាងរាស្ត្រមកពីគនបក្សកាន់អំណាចមិនអាចការពារអភ័យឯកសិទ្ធិអ្នកតំណាងរូបណាដែលប្រព្រឹត្តិល្មើសច្បាប់បានឡើយ។ លោកបន្ថែមថា បើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនចង់ប្រឈមមុខច្បាប់សូមកុំប្រព្រឹត្តិល្មើសច្បាប់។ លោក សុខ ឥសាន្ត ៖«សភាផ្អែកទៅតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ យើងការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគ្រប់រូប ក៏ប៉ុន្តែយើងមិនអាចការពារតំណាងរាស្ត្រណាដែលប្រព្រឹត្តិល្មើសច្បាប់ទេ។ បើការពារអាហ្នឹងវាចូលវប្បធម៌និទណ្ឌភាពគេចោទមកទៀត»។
ប៉ុន្តែលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុម ហ្វ្រែល (COMFREL) មានប្រសាសន៍ថា ស្ថាប័នរដ្ឋសភាគួរតែការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ស្រប់ទៅតាមរដ្ឋធម្ម នុញ្ញ គឺដើម្បីធានាការពារអ្នកតំណាងរាស្ត្របំពេញការងាររបស់ខ្លួន ដោយពេញលេចគឺគ្មានការភ័យខ្លាច។ លោក គល់ បញ្ញា៖«ស្ថាប័នរដ្ឋណាដូចស្ថាប័នរដ្ឋណាគេត្រូវការពារសមាជិកខ្លួននៅពេលដែល សមាជិកខ្លួនបានកំពុងបំពេញសមត្ថកិច្ច ជាពិសេសអ្នកតំណាងរាស្ត្រគឺ ករណីពិសេសទៅទៀត ដោយសារមានរដ្ឋធម្មនុញ្ញ បានផ្តល់អភ័យឯកសិទ្ធិទៅពួកគេ (អ្នកតំ ណាងរាស្ត្រ) រដ្ឋសភាកាន់តែត្រូវបានលើកទឹកចិត្ត ដើម្បីការពារអ្នកតំណាងរាស្ត្រឲ្យបានត្រឹមត្រូវកុំឲ្យមានរំលោភបំពានពីស្ថាប័នផ្សេងៗ»។
ទោះបីយ៉ាងណាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បង្ហាញជំហរថា គណបក្សប្រឆាំងនឹងកំណត់ ពេល វេលាសមស្របណាមួយចចារជាមួយគណបក្សកាន់អំណាច ដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយកំពុងតែឡើងកម្តៅវិលទៅរកស្ថានភាពដើមវិញ។ តែគេដឹងថា ការទទូចរបស់លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើឡើងនៅពេលនេះ គឺជួនពេលលោក កឹម សុខា ប្រធានស្ដីទីគណបក្សនេះ ត្រូវតុលាការចេញដីកាឱ្យចូលខ្លួនជាថ្មី នៅថ្ងៃទី១៤ មិថុនា ករណី លោកប្រឆាំងសេចក្ដីសម្រេចរបស់តុលាការឱ្យចូលខ្លួនបំភ្លឺ ចំនួន ២ លើកមកហើយ ទាក់ទិននាង ខុម ចាន់តារាទី ហៅស្រីមុំ ៕