en     km
en     km

លោក ហុង សុខហួរ សង្ឃឹមថានឹងបានចេញពីពន្ធនាគារតាមរយៈដំណោះស្រាយ តែអ្នកវិភាគថាមិនអាចទៅរួច

Share

ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីត្រូវបានខ្លួនឡើងរថយន្តត្រឡប់ទៅពន្ធនាគារព្រៃសវិញ ក្រោយពីនាំខ្លួនចូលសវនាការ នៅតុលា ការកំពូលកាលព្រឹកថ្ងៃពុធទី ៨ មិថុនានេះ លោកសមាជិកព្រឹទ្ធសភា  ហុង សុខហួរ បានស្រែកបា្រប់អ្នកសារព័ត៌មានថា លោកនឹងបាននៅក្រៅឃុំ បើសិនមានដំណោះស្រាយនយោបាយ ។ តែអ្នកវិភាគមិនមានជំនឿចិត្តដូចលោកសមាជិក ព្រឹទ្ធសភាបក្សប្រឆាំងនេះលើកឡើងនោះទេ ។

hong-sok-hour
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលត្រូវតុលាការចោទពីបទក្លែងឯកសារផែនទី និងញុះញង់ឱ្យមានភាកវឹកវរក្នុងសង្គម។

លោកសមាជិកព្រឹទ្ធសភា  ហុង សុខហួរ ដែលស្ថិតក្នុងសំលៀកបំពាក់អ្នកទោសពណ៌លឿងទំ ពាក់វែនតាញ៉ូម  បានស្រែក ប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ខ្ញុំនឹងបាននៅក្រៅឃុំ ឆាប់ៗនេះ ។លោក ហុង សុខហួរ៖ «រឿងនេះ (ការបាននៅក្រៅឃុំ) គឺអាស្រ័យទៅលើ គណបក្សនយោបាយទាំងពីរ បើគណបក្សទាំងពីរ (ឯកភាពគ្នាក្នុងការដោះស្រាយបញ្ហា ) យើងសង្ឃឹមថា យើងនឹងបាននៅក្រៅឃុំបើសិនជាមឆន្ទៈទាំងសងខាង»

លោក ហុង សុខហួរ ក៏បានថ្លែងនៅចំពោះចៅក្រមជំនុំជម្រះថា រូបលោកគឺជាសមាជិកព្រឹទ្ធសភាដែលមានអភ័យឯកសិទ្ធិ មួយរូប ។ លោកថាសមត្ថកិច្ចបែរជារំលោភរដ្ឋមនុញ្ញដោយចាប់គាត់ ដែលបទល្មើសចោទនោះមិនមែនជាបទល្មើសជាក់ ស្ដែង។ លោក ហុង សុខហួរ បានស្នើសុំឲ្យចៅក្រមជំនុំជម្រះពិនិត្យឡើងវិញនូវមាត្រាច្បាប់ ចែងពីការការពារអ្នកតំណាង រាស្រ្ដដែលមានអភ័យឯកសិទ្ធិ ដើម្បីផ្ដល់យុត្ដិធម៌ជូនលោកឲ្យបាននៅក្រៅឃុំ។

ជាមួយគ្នានេះដែរលោកមេធាវី ជួង ជុងី ដែលការពារក្ដីឲ្យលោក ហុង សុខហួរ មានប្រសាសន៍ថា លោកមិនទាន់អាចសន្និ ដ្ឋានបានទេថាតើ នៅថ្ងៃទី ២២ ខែ មិថុនា ខាងមុខតុលាការកំពូលអាចនឹងអនុញ្ញាតឲ្យកូនក្ដីរបស់លោក បាននៅក្រៅឃុំ ឬយ៉ាងណានោះទេ។

chung-chun-ngey
លោក ជួង ជុងី មេធាវីដែលការពារក្តីឱ្យបក្សប្រឆាំង។

លោក ជួង ជួងី មានប្រសាសន៍បន្ថែមថា ទាំងតុលាការ និង នគបាលយុត្ដិធម៍ ដែលសម្រេចចាប់ខ្លួននិងឃុំខ្លួនលោក ហុង សុខហួរ នោះគឺជាការធ្វើដោយបំពាននីតិវិធីច្បាប់ ទាំងដែលទង្វើរបស់កូនក្ដីលោកមិនមែនជាបទល្មើសជាក់ស្ដែងឡើយ ។លោក ជួង ជួងី៖«សម្រាប់ខ្ញុំជាមេធាវីក៏ដូចជាលោក ហុង សុខហួរ ដែរគឺឃើញថា ទាំងនគបាលយុត្ដិធម៍ដែលចាប់ខ្លួនគាត់ ទាំងតំណាងអយ្យការដែលចោទប្រកាន់គាត់ ទាំងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនគាត់ហ្នឹងគឺបំពាននិតិវិធីទាំងអស់»

ចំណែកលោកសាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយលោក សូ ចន្ថា បានមានប្រសាសន៍ប្រាប់វិទ្យុស្រ្ដីនៅថ្ងៃទី ០៨ មិថុនានេះ ថា បើតាមការសង្កេតមើល ពីស្ថានការណ៍នយោបាយបច្ចុប្បន្ននេះ លោកគិតថា ទាំងគណបក្សប្រជាជនកម្ពុជា និង គណ បក្សសង្រ្គោះជាតិគឺមិនអាចនឹងវិលចូលរកតុចរចារបានទេ ព្រោះតែគណបក្សទាំងពីរនេះហាក់បង្ហាញជំហរចង់ឈ្នះរៀងៗ ខ្លួន។

លោក សូ ចន្ថា យល់ថា ប្រសិនជាបក្សកាន់អំណាច និង បក្សប្រឆាំងនៅតែបន្ដឲ្យជម្លោះជាប់គាំងបែបនេះ អ្នកដែល ចាញ់ពីជម្លោះអ្នកនយោបាយពិតប្រាកដពុំមែនបក្សទាំងពីរទេ គឺប្រទេសជាតិជាអ្នកចាញ់ ហើយខាតបង់ផលប្រយោជន៍ យ៉ាងច្រើន ។ លោកថា បក្សទាំងពីរគួរតែបង្ហាញពីភាពចាស់ទុំខាង នយោបាយដាក់គ្នាជាជាង ការបង្ហាញសាច់ដុំដាក់គ្នា បែបនេះតទៅមុខទៀត។

so-chantha-thum
លោកសាស្ត្រាចារ្យ សូ ចន្ថា អ្នកវិភាគនយោបាយ។

សម្រាប់លោក សូ ចន្ថា បញ្ជាក់ថា កម្ដៅនយោបាយ មិនមានភាពធូរស្រាល ប្រសិនជាគ្មានស្ថាប័នអន្ដរជាតិធំៗជួយធ្វើជា អាជ្ញាកណ្ដាលបញ្ចប់ការទាស់ទែងគ្នារវាងអ្នកនយោបាយនៅកម្ពុជានេះ។ លោក សូ ចន្ថា៖«ខ្ញុំគិតថាអ្នកនយោបាយកម្ពុជា បើខ្មែរដូចគ្នាមិនសូវជាស្ដាប់គ្នាប៉ុន្មានទេ តែបើមានសហគមអន្ដរជាតិចូលរួម ជម្រុញឲ្យមានការចរចារណ៍គ្នា ខ្ញុំជឿថានេះ ជាដំណោះស្រាយលឿន អាចជម្រុញឲ្យមានការឯកភាពជាតិបាន»

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះ ឯកសារសន្ធិ សញ្ញាព្រំដែនកម្ពុជា-វៀតណាម លើគណនេយ្យ Facebook របស់លោក សម រង្ស៊ី ។ ករណីនេះ  តុលាការបានសម្រេចឃុំខ្លួន លោកដាក់ពន្ធនាគារព្រៃស ក្រោមបទចោទចំនួន ៣ បទល្មើសនេះ។

ការចាប់ខ្លួនលោក ហុង សុខហួរ ធ្វើឡើង មួយសប្ដាហ៍បន្ទាប់ពីសម្ដេច ហ៊ុន សែន បានប្រកាសឱ្យចាប់ខ្លួន បន្ទាប់ពីលោក ចោទអតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ ថា ក្បត់ជាតិ ទាក់ទិនការបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩៕

Share

ព័ត៌មានទាក់ទង

Image