កងនាវាសមុទ្រសហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុន នឹងធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ នៅប្រជុំកោះមួយនៃប្រទេសជប៉ុន ដែលចិនអះអាងថាជាដែនទឹករបស់ខ្លួន។
ក្រសួងការបរទេសជប៉ុនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃពុធនេះថា ការធ្វើសមយុទ្ធនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃការសមយុទ្ធរួមគ្នារវាង អាមេរិក ឥណ្ឌា និងជប៉ុន ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧ មក។
តាមប្រភពដដែលនេះ សមយុទ្ធដែលមាននាវាមុជទឹក និងនាវាបំពាក់កាំជ្រួចប្រឆាំងយន្ដហោះទៀតផង គឺធ្វើឡើងនៅភាគខាងត្បូងនៃសមុទ្រប្រទេសជប៉ុន។
កាលពីថ្ងៃអង្គារប្រទេសចិនបានប្រាប់សហរដ្ឋអាមេរិកថា អាមេរិកមិនត្រូវប្រើឥទ្ធិពលហួសហេតុលើទ្វីបអាស៊ីនោះទេ។ តែយ៉ាងណាក៏ដោយចិនបានប្រកាសថា តំបន់មួយចំនួននៃសមុទ្រចិនខាងកើតដែលជាតំបន់សមយុទ្ធរបស់ប្រទេសទាំងបីនេះ គឺជាផ្នែកមួយនៃទឹកដីរបស់ចិន។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញប្រទេសមួយចំនួនដែលមានជំលោះជាមួយចិន បានចាប់ផ្ដើមបើកធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងនោះមានប្រទេសវៀតណាម ហ្វីលីពីន តែងធ្វើសមយុទ្ធជើងទឹកជាមួយអាមេរិកជាញឹកញាប់៕
ប្រភព CNA