ស្ដ្រីម្នាក់ដែល អះអាងថាខ្លួនត្រូវជាម្ដាយរបស់ស្ដ្រីរងគ្រោះករណីការជួញដូរនៅប្រទេសចិនបានអំពាវនាវសុំឲ្យរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជួយអន្ដរាគមន៍ នាំកូនអ្នកស្រីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ព្រោះតែអ្នកស្រីមិនដឹងថាត្រូវទៅពឹងស្ថាប័នណាដើម្បីជួយកូនបានទេ ។ លោក លៀ ស៊ីណា ជូន សេចក្ដីរាយការណ៍៖
អ្នកស្រី សំ ផន ជាពលរដ្ឋមួយរូបរស់នៅខេត្ដកណ្ដាល បានប្រាប់វិទ្យុស្ដ្រីតាមខ្សែទូរស័ព្ទថា កូនស្រីរបស់អ្នកស្រីពេលនេះ កំពុងតែរងគ្រោះដោយការចាញ់បោកក្នុងអំពើ ជួញដូរពីមេខ្យល់ដែលបានបោកកូនរបស់អ្នកស្រីយកទៅរៀបការជាមួយបុរសជនជាតិចិន ។
អ្នកស្រី សំ ផន បានឲ្យដឹងថាកូនអ្នកស្រីឈ្មោះ ធឿន ចន្ធី អាយុ ៣០ឆ្នាំ បានទៅរស់នៅប្រទេសចិនអស់រយៈពេល ២ឆ្នាំមកហើយ ។ អ្នកស្រីអះអាងថា មេខ្យល់ម្នាក់ដែលបោកកូនអ្នកស្រីមានឈ្មោះហៅក្រៅថា ណាណា រស់នៅខេត្ដកំពង់ចាម ។
អ្នកស្រី សំ ផន ដែលត្រូវជាម្ដាយស្ដ្រីឈ្មោះ ធឿន ចន្ធី បានបញ្ជាក់ទៀតថា អ្នកស្រីមិនដែលបានដឹងពីដំណឹងពីកូនស្រីរបស់ខ្លួន ថាលំបាកកម្រិតណានោះទេព្រោះកូនអ្នកស្រីមិនដែលប្រាប់គាត់គឺ ទើបតែកាលពីជាង ១សប្ដាហ៍នេះបានទទួលដំណឹងថា កូនរបស់ខ្លួនត្រូវបានគេបោកយកទៅលក់ ។ ក្រោយពីទទួលដំណឹងនេះអ្នកស្រី សំ ផន បានយកពាក្យបណ្ដឹងទៅដាក់នៅមេឃុំរបស់ខ្លួន និងទាក់ទងទៅសុំឲ្យអង្គការលីកាដូ ជួយអន្ដរាគមន៍រឿងនេះ ។
អ្នកស្រី សំ ផន៖ «ខ្ញុំគ្រាន់តែមានសំណូមពរថាសុំឲ្យអង្គការហ្នឹងជួយអូសទាញកូនខ្ញុំ ឲ្យបានត្រឡប់មកវិញផងព្រោះបាត់ដំណឹងហើយ ហើយក៏សូមឲ្យរដ្ឋាភិបាលជួយកូនខ្ញុំផងព្រោះខ្ញុំគ្មានទីពឹងឯណាទេ ខ្លួនខ្ញុំក៏ចាស់ណាស់ហើយ» ។
ជុំវិករណីនេះ លោក សែម ចៅសុខ មន្ដ្រីជានខ្ពស់ឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំនៅអង្គការលីកាដូ បានមានប្រសាសន៍ថា លោកពិតជាបានទទួលបណ្ដឹងពីអ្នកស្រី សំ ផន មែន ដែលសុំឲ្យអង្គការលោកជួយអន្តរាគមន៍ជួយកូនស្រីរបស់គាត់ ។
លោក សែម ចៅសុខ បានបន្ថែមទៀតថាក្រោយពីទទួលបណ្ដឹងនេះភ្លាមលោក បានទាក់ទងទៅកាន់ស្ដ្រីរងគ្រោះដោយផ្ទាល់ ដើម្បីសាកសួរបន្ថែម ហើយលោកក៏បានផ្ដល់លេខស្ថានទូតខ្មែរប្រចាំនៅប្រទេសចិននោះ ដើម្បីឲ្យគាត់សុំកិច្ចអន្ដរាគមន៍ផងដែរ ។ លោកបន្ដលោកពុំទាន់បានរៀបចំរបាយការណ៍ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ដើម្បីជួយអន្ដរាគមន៍ទេ ព្រោះលោកមិនបានទទួលដំណឹងនេះច្បាស់លាស់នៅឡើយ ដោយសាររយៈពេលជាង ៤ថ្ងៃនេះ លេខទូរស័ព្ទរបស់ស្ដ្រីរងគ្រោះបានបាត់ការទំនាក់ទំនង ។
លោក សែម ចៅសុខ ៖ «ប្រជាពលរដ្ឋគាត់មានសិទ្ធិក្នុងការសម្រេចចិត្ដថា ចង់រៀបការទៅណាជាមួយអ្នកណា ក៏ប៉ុន្ដែពួកគាត់ត្រូវគិតថា តើការរៀបការនោះសុវត្ថិភាពអត់ ពិសេសត្រូវស្វែងរកការប្រឹក្សាឲ្យច្បាស់មុនសម្រេចចិត្ដ ចំណែករដ្ឋាភិបាលគួរតែរឹតបន្ដឹងការអនុវត្ដន៍ច្បាប់ឲ្យបានខ្លាំងដើម្បីកុំឲ្យជនខិលខួចឈ្លៀតឱកាស បោកប្រជាពលរដ្ឋបាន» ។
ទាក់ទិនក្នុងករណីនេះអ្នកសារពត័មានរបស់វិទ្យុស្ដ្រី FM102 មិនអាចទាក់ទងទៅកាន់ក្រសួងការបរទេសបានទេនៅថ្ងៃនេះដោយទួរស័ព្ទមិនអាចទាក់ទងបាន ។
សូមជម្រាបថាបើយោងតាមរបាយការណ៍ឆ្នាំ២០១៥ របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ពាក្យបណ្ដឹងសរុបដែលពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ទៅ ក្រៅប្រទេសគឺគិតត្រឹម ១០ខែចុងក្រោយនេះមានចំនួន ១១៨ករណី ហើយនៅក្នុងនោះមាន ជនរងគ្រោះទាំងអស់ ៥២៨នាក់ ។ បុរសមានចំនួន ៣២២នាក់ និង ស្ដ្រី២០៦នាក់ ។ បើយោងតាម របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ប្រទេសកម្ពុជាជាប្រទេសដែលការជួញមនុស្ស គឺនៅតែស្ថិតនៅក្នុងលំដាប់អាក្រក់ ៕