en     km
en     km

ម្ដាយ​ស្ដ្រី​រង​គ្រោះ​ពី​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​ អំពាវនាវ​សុំ​រដ្ឋាភិបាល​ជួយ​ដល់​កូនស្រី​ខ្លួន​

Share

​ស្ដ្រី​ម្នាក់​ដែល​ អះអាង​ថា​ខ្លួន​ត្រូវជា​ម្ដាយ​របស់​ស្ដ្រី​រង​គ្រោះ​ករណី​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​បាន​អំពាវនាវ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ជួយ​អន្ដរាគមន៍​ នាំ​កូន​អ្នកស្រី​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ព្រោះតែ​អ្នកស្រី​មិនដឹង​ថា​ត្រូវ​ទៅ​ពឹង​ស្ថាប័ន​ណា​ដើម្បី​ជួយ​កូន​បាន​ទេ​ ។​ លោក លៀ ស៊ីណា ជូន សេចក្ដីរាយការណ៍៖

khmer-women
​ស្ដ្រី​រង​គ្រោះ​ពី​ការ​ជួញដូរ​នៅ​ប្រទេស​ចិន

​អ្នកស្រី​ សំ​ ផ​ន​ ជា​ពលរដ្ឋ​មួយ​រូប​រស់នៅ​ខេត្ដកណ្ដាល​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​តាម​ខ្សែ​ទូរស័ព្ទ​ថា​ កូនស្រី​របស់​អ្នកស្រី​ពេល​នេះ​ កំពុង​តែ​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​ក្នុង​អំពើ​ ជួញដូរ​ពី​មេខ្យល់​ដែល​បាន​បោក​កូន​របស់​អ្នកស្រី​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ ។​

​អ្នកស្រី​ សំ​ ផ​ន​ បាន​ឲ្យ​ដឹង​ថា​កូន​អ្នកស្រី​ឈ្មោះ​ ធឿ​ន​ ច​ន្ធី​ អាយុ​ ៣០​ឆ្នាំ​ បាន​ទៅ​រស់នៅ​ប្រទេស​ចិន​អស់​រយៈពេល​ ២​ឆ្នាំ​មក​ហើយ​ ។​ អ្នកស្រី​អះអាង​ថា​ មេខ្យល់​ម្នាក់​ដែល​បោក​កូន​អ្នកស្រី​មានឈ្មោះ​ហៅ​ក្រៅ​ថា​ ណា​ណា​ រស់នៅ​ខេត្ដកំពង់ចាម​ ។​

​អ្នកស្រី​ សំ​ ផ​ន​ ដែល​ត្រូវជា​ម្ដាយ​ស្ដ្រី​ឈ្មោះ​ ធឿ​ន​ ច​ន្ធី​ បាន​បញ្ជាក់​ទៀត​ថា​ អ្នកស្រី​មិន​ដែល​បានដឹង​ពី​ដំណឹង​ពី​កូនស្រី​របស់​ខ្លួន​ ថា​លំបាក​កម្រិត​ណា​នោះ​ទេ​ព្រោះ​កូន​អ្នកស្រី​មិន​ដែល​ប្រាប់​គាត់​គឺ​ ទើបតែ​កាលពី​ជាង​ ១​ស​ប្ដា​ហ៍​នេះ​បាន​ទទួល​ដំណឹង​ថា​ កូន​របស់​ខ្លួន​ត្រូវ​បាន​គេ​បោក​យក​ទៅ​លក់​ ។​ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​អ្នកស្រី​ សំ​ ផ​ន​ បាន​យកពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​មេឃុំ​របស់​ខ្លួន​ និង​ទាក់ទង​ទៅ​សុំ​ឲ្យ​អង្គការ​លី​កាដូ​ ជួយ​អន្ដរាគមន៍​រឿង​នេះ​ ។​

​អ្នកស្រី​ សំ​ ផ​ន​៖​ «​ខ្ញុំ​គ្រាន់តែ​មាន​សំណូមពរ​ថា​សុំ​ឲ្យ​អង្គការ​ហ្នឹង​ជួយ​អូស​ទាញ​កូន​ខ្ញុំ​ ឲ្យ​បាន​ត្រឡប់​មក​វិញ​ផង​ព្រោះ​បាត់​ដំណឹង​ហើយ​ ហើយ​ក៏​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​កូន​ខ្ញុំ​ផង​ព្រោះ​ខ្ញុំ​គ្មាន​ទីពឹង​ឯណា​ទេ​ ខ្លួន​ខ្ញុំ​ក៏​ចាស់​ណាស់​ហើយ​»​ ។​

​ជុំ​វិករ​ណី​នេះ​ លោក​ សែ​ម​ ចៅ​សុខ​ មន្ដ្រីជានខ្ពស់​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​ប្រចាំ​នៅ​អង្គការ​លី​កាដូ​ បាន​មាន​ប្រសាសន៍​ថា​ លោក​ពិតជា​បាន​ទទួល​បណ្ដឹង​ពី​អ្នកស្រី​ សំ​ ផ​ន​ មែន​ ដែល​សុំ​ឲ្យ​អង្គការ​លោក​ជួយ​អន្តរាគមន៍​ជួយ​កូនស្រី​របស់​គាត់​ ។​

​លោក​ សែ​ម​ ចៅ​សុខ​ បាន​បន្ថែម​ទៀត​ថា​ក្រោយ​ពី​ទទួល​បណ្ដឹង​នេះ​ភ្លាម​លោក​ បាន​ទាក់ទង​ទៅ​កាន់​ស្ដ្រី​រង​គ្រោះ​ដោយ​ផ្ទាល់​ ដើម្បី​សាកសួរ​បន្ថែម​ ហើយ​លោក​ក៏​បាន​ផ្ដល់​លេខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ចិន​នោះ​ ដើម្បី​ឲ្យ​គាត់​សុំ​កិច្ច​អន្ដរាគមន៍​ផង​ដែរ​ ។​ លោក​បន្ដ​លោក​ពុំ​ទាន់​បាន​រៀបចំ​របាយការណ៍​ដើម្បី​ដាក់​ជូន​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួងការបរទេស​ ដើម្បី​ជួយ​អន្ដរាគមន៍​ទេ​ ព្រោះ​លោក​មិន​បាន​ទទួល​ដំណឹង​នេះ​ច្បាស់លាស់​នៅឡើយ​ ដោយសារ​រយៈពេល​ជាង​ ៤​ថ្ងៃនេះ​ លេខ​ទូរស័ព្ទ​របស់​ស្ដ្រី​រង​គ្រោះ​បាន​បាត់​ការ​ទំនាក់ទំនង​ ។​

​លោក​ សែ​ម​ ចៅ​សុខ​ ៖​ «​ប្រជាពលរដ្ឋ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ដ​ថា​ ចង់​រៀប​ការ​ទៅ​ណា​ជាមួយ​អ្នក​ណា​ ក៏​ប៉ុន្ដែ​ពួក​គាត់​ត្រូវ​គិត​ថា​ តើ​ការ​រៀប​ការ​នោះ​សុវត្ថិភាព​អត់​ ពិសេស​ត្រូវ​ស្វែងរក​ការ​ប្រឹក្សា​ឲ្យ​ច្បាស់​មុន​សម្រេចចិត្ដ​ ចំណែក​រដ្ឋាភិបាល​គួរតែ​រឹត​បន្ដឹង​ការ​អនុវត្ដន៍​ច្បាប់​ឲ្យ​បាន​ខ្លាំង​ដើម្បី​កុំ​ឲ្យ​ជន​ខិល​ខួច​ឈ្លៀតឱកាស​ បោក​ប្រជាពលរដ្ឋ​បាន​»​ ។​

​ទាក់ទិន​ក្នុង​ករណី​នេះ​អ្នក​សារ​ព​ត័​មាន​របស់​វិទ្យុ​ស្ដ្រី​ FM102​ មិន​អាច​ទាក់ទង​ទៅ​កាន់​ក្រសួងការបរទេស​បាន​ទេ​នៅ​ថ្ងៃនេះ​ដោយ​ទួ​រ​ស័ព្ទ​មិន​អាច​ទាក់ទង​បាន​ ។​

​សូម​ជម្រាប​ថាបើ​យោង​តាម​របាយការណ៍​ឆ្នាំ​២០១៥​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ពាក្យបណ្ដឹង​សរុប​ដែល​ពលរដ្ឋ​ខ្មែរ​ចាញ់បោក​មេខ្យល់​ទៅ​ ក្រៅប្រទេស​គឺ​គិត​ត្រឹម​ ១០​ខែ​ចុង​ក្រោយ​នេះ​មាន​ចំនួន​ ១១៨​ករណី​ ហើយ​នៅ​ក្នុង​នោះ​មាន​ ជន​រង​គ្រោះ​ទាំងអស់​ ៥២៨​នាក់​ ។​ បុរស​មាន​ចំនួន​ ៣២២​នាក់​ និង​ ស្ដ្រី​២០៦​នាក់​ ។​ បើ​យោង​តាម​ របាយការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ការ​ជួញ​មនុស្ស​ គឺ​នៅ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​អាក្រក់​ ៕​

Share

Image
Image
Image