ក្រចេះ ៖ លោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាបឋមសិក្សាខ្ចាន់ជាលក្នុងខេត្តក្រចេះ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៦ ស្អែកនេះ។
រូបភាពតំណាង / រូបភាព Save The Children
ពិធីសម្ពោធសាលាបឋមសិក្សាខ្ចាន់ជាល ក្នុងខេត្តក្រចេះ នាថ្ងៃព្រឹកថ្ងៃ ០៨ ខែមិថុនាស្អែកនេះ អង្គការសង្គ្រោះកុមារ (Save the Children) នឹងប្រគល់ជូនជាផ្លូវការនូវអគារសិក្សាចំនួន ២៣១ ខ្នង និងអគារសិក្សារោងដោលឬឆ្លងកាត់ចំនួន ១៨៦ ខ្នងទៀត ដែលអង្គការនេះបានកសាងក្នុងខេត្តចំនួន ០៩ ក្នុងចន្លោះឆ្នាំ ២០០០ ដល់ ២០១៥ ដល់ក្រសួងអប់រំ។
ទន្ទឹមនឹងការចូលរួមលើកកម្ពស់វិស័យអប់រំដល់កុមារកម្ពុជាក្នុងរយៈពេលជាង ១៥ ឆ្នាំកន្លងទៅនេះ អង្គការសង្គ្រោះកុមារបានកសាងអគារសិក្សាចំនួន ៤១៧ ខ្នង បង្គន់អនាម័យ ៣០០ និងអន្តេវាសិកដ្ឋានសម្រាប់គ្រូនិងសិស្សចំនួន ៥០ ខ្នង អស់ទឹកប្រាក់សរុបចំនួន ១១ លានដុល្លារអាមេរិក ដោយមានការគាំទ្រថវិកាមួយផ្នែកធំពីទីភ្នាក់ងារប្រទេសន័រវេស្ស៍សម្រាប់ការអភិវឌ្ឍអន្តរជាតិ (NORAD) និងអង្គការម្ចាស់ជំនួយផ្សេងៗទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសង្គ្រោះកុមារ (Save the Children) ។
សូមរម្លឹកថា អង្គការសង្គ្រោះកុមារ បានធ្វើសកម្មភាពជាច្រើនគាំទ្រដល់កុមារដែលនៅក្រៅសាលាឱ្យបានចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សា បង្កើនលទ្ធផលសិក្សានិងការងារបំនិនជីវិត បង្កើតកន្លែងសិក្សាប្រកបដោយសុវត្ថិភាពដល់កុមារ ព្រមទាំងមានកម្មវិធីពង្រឹងសមត្ថភាពដល់មន្ត្រីអប់រំនិងលោកគ្រូអ្នកគ្រូនៅតាមការិយាល័យនិងមន្ទីអប់រំខែត្រនិងសាលារៀនផងដែរ ៕