ភ្នំពេញ៖ មេដឹកនាំនយោបាយ ល្បី២រូប ម្នាក់ជាមេដឹកនាំកំពុងកាន់អំណាច និងម្នាក់ទៀត ជាមេដឹកនាំ បក្សប្រឆាំង នៅថ្ងៃនេះបានផ្ញើសារ នយោបាយ ទៅកាន់ជនរួមជាតិ ដោយមានអត្តន័យ ដូចគ្នា គឺ សន្តិភាព ។ សម្ដេចនាយករដ្ឋមន្ត្រីថាសន្តិភាព មិនងាយបង្កើតឡើងភ្លាមៗទេ គឺត្រូវតែនាំគ្នាការពារ ឱ្យបានគង់វង្ស ។ ប៉ុន្តែលោក កឹម សុខា មេបក្សប្រឆាំងម្នាក់ ដែលកំពុងលាក់ខ្លួនថ្លែងថាកម្ពុជាគួរមានសន្តិភាពពិត សេរីភាពពិត និង យុត្តិធម៌ពិត គឺសម្រាប់ខ្មែរគ្រប់ៗគ្នា ។ មតិលើកឡើងរបស់អ្នកនយោបាយល្បីឈ្មោះទាំង២រូបនេះ នាំឱ្យ អ្នកវិភាគ សាទរប៉ុន្តែទទូចឱ្យមានស្មារតីជាតិតែមួយ ក្នុងនាមជាខ្មែរដូចគ្នា ។ លោក លៀ ស៊ីណា ជូន សេចក្ដីរាយការណ៍ ៖
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដផ្ញើនយោបាយជាថ្មីទៀតក្នុងឋានៈជាប្រធានគណបក្ស កំពុងកាន់អំណាចដោយបង្ហាញការប្ដេជ្ញាចិត្ដ ក្នុងការការពារសមិទ្ធិផល ទាំងឡាយ ស្របពេលលោក កឹម សុខា ដែលកំពុងរងការនាំខ្លួនទៅតុលាការ ទទូចឱ្យមានសេរីភាព យុត្តិធម៌ពិត សម្រាប់ខ្មែរទាំងអស់គ្នា ។
ប្រសាសន៍របស់នាយករដ្ឋមន្ដ្រីធ្វើឡើងនៅថ្ងៃនេះ នៅចំពោះមុខកម្មកររាប់ពាន់នាក់ នៅខេត្ដព្រះសីហនុ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោចក្រទី ១០០ នៃតំបន់សេដ្ឋកិច្ចព្រះហនុ ។
សម្ដេច នាយករដ្ឋមន្ដ្រីបាន ទទូចឲ្យកម្មករជួយបន្ដគាំទ្រសមិទ្ធិផល របស់រាជរដ្ឋាភិបាល បន្ដទៀត ហើយខណៈនេះសម្ដេចបានប្ដេជ្ញាខិតខំការពារសន្ដិភាពយូអង្វែងទៅមុខទៀត ។
នៅ ខណៈ សម្ដេច ហ៊ុន សែន និយាយពីការការពារសន្តិភាព លោក កឹម សុខា ប្រធានស្ដីទី
គណបក្សសង្គ្រោះជាតិដែល លាក់ខ្លួន ពីការនាំខ្លួនទៅតុលាការក៏បានផ្ញើសារនយោបាយដល់អ្នកគាំទ្រ
របស់លោក អំពីអ្វីដែលលោកថា លទ្ធិប្រជាធិបតេយ្យ និង សន្ដិភាពនៅកម្ពុជា មិនទាន់គ្រប់គ្រាន់នៅឡើយ ។
លោកបានថ្លែងថា ពិធីសូត្រមន្ដនៅថ្ងៃនេះគឺចង់ឲ្យប្រទេសជាតិទាំងមូលជួបតែសន្ដិភាព យុត្ដិធម៌ សេរីភាព ទាំងអស់គ្នា ។
លោក កឹម សុខា បានថ្លែងដូចនេះ នៅក្នុងពិធីសូត្រមន្ត នៅស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់
ចាក់អង្រែលើ ទីដែលលោក លាក់ខ្លួន ពីការនាំខ្លួន គឺ១៤ថ្ងៃមកហើយ ។
សារនយោបាយរបស់អ្នកនយោបាយ ទាំង២នេះ កើតជួន កំដៅនយោបាយនៅបន្តកើនឡើង ដែលអ្នកវិភាគ ទទូចថា ខ្មែរមានឈាមជ័រតែមួយ មិនគួរគុំគួនគ្នា ផ្ដួលគ្នានោះទេ ។
លោក សូ ចន្ថា សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយពិនិត្យ ឃើញថា សារនយោបាយ របស់ សម្ដេច ហ៊ុន សែន និងលោក កឹម សុខា គឺជាព្រឹត្តិការណ៍គួរសាទរព្រោះ តាមសម្ដី សំដៅ មានន័យប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែលោកទទូច ឱ្យអ្នកនយោបាយ កុំមានល្បិច ផ្ដួលគ្នា គឺត្រូវយល់យោគគ្នា ។ លោកថាបើអ្នកនយោបាយបែកបាក់គ្នា គឺពលរដ្ឋជាអ្នកគាំទ្រ ក៏បែបបាក់គ្នាដែរ ។
ទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន កាលពីថ្ងៃចន្ទទី៦មិថុនា ក៏បានថ្លែង ទទូចឱ្យអ្នកគាំទ្រ បក្សនយោបាយ
មួយ កុំការពារមនុស្សខិលខូច ដែលលោកថានាំឱ្យអន្តរាយដល់បក្ស ។
ប្រសាសន៍របស់សម្ដេច ហ៊ុន សែន បើទោះជាលើកឡើងមិនចំឈ្មោះ ក៏គេអាចគិតថាជាការថ្លែងទៅកាន់ គណបក្សសង្គ្រោះជាតិ ដែលកំពុងជួយការពារ លោក កឹម សុខា ពីការនាំខ្លួន ឡើងតុលាការ ៕