en     km
en     km

សមត្ថកិច្ច​ ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ក្នុង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​»​ ដែល​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៦​

Share

ភ្នំពេញ៖ យុទ្ធនាការ«ថ្ងៃចន្ទពណ៍ខ្មៅ»ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ដ្រីកាពារ
សិទ្ធិមនុស្សអាថហុក ចំនួន ៤នាក់ និងអគ្គលេខាធិការរងនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ម្នាក់ផងនោះ បានចូលដល់សប្ដាហ៍ទី៦ ។

Monday_black
ប្រជាពលរដ្ធក្នុងយុទ្ធនាការ«ថ្ងៃចន្ទពណ៍ខ្មៅ»នាពេលកន្លងមក

នៅថ្ងៃចន្ទទី០៦ មិថុនានេះ នៅវេលាម៉ោងប្រមាណជា១០ព្រឹកមនុស្សប្រមាណ ៧នាក់ត្រូវបានកងកម្លាំង
សមត្ថកិច្ចខណ្ឌដង្កោរឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌ ។ ជុំវិញបញ្ហានេះមន្ដ្រីអង្គការ
សង្គមស៊ីវិលធ្វើការលើការការពារសិទ្ធិមនុស្សហៅទង្វើរនេះថា ជាការបំពានសិទ្ធិមនុស្សដែល
មិនគួរកើតមានក្នុងប្រទេស កាន់លទ្ធិប្រជាធិបតេយ្យ ។ លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាន៖

យ៉ាងហោចណាស់ពលរដ្ឋចំនួន ៦នាក់ និងអ្នកសារព័ត៌មានម្នាក់ កាលពីព្រឹកថ្ងៃចន្ទទី៦មិថុនានេះ ត្រូវបានកងកម្លាំងសមត្ថកិច្ចប្រមាណជាង ១០នាក់ បានចុះទៅឃាត់ខ្លួនអ្នកទាំងនោះ ដោយចោទថា ពួកគេធ្វើបាតុកម្មដោយមិនមានសុំច្បាប់អនុញ្ញាត ។

ពលរដ្ឋទាំងនោះគឺក្រុមស្ដ្រីមកពីសហគមន៍បូរីឡា អតីតអ្នកភូមិបឹងកក់ និងក្រុមសហគមន៍ SOS រួមនឹងអ្នកសារព័ត៌មានមកពី វិទ្យុសម្លេងប្រជាធិបតេយ្យ ម្នាក់ដែលសរុបទៅគឺមានគ្នាប្រមាណ ៧នាក់ ។ អាជ្ញាធរបានបញ្ជូនពួកគាត់ទៅកាន់អធិការដ្ឋានខណ្ឌដង្គោរភ្លាមៗ បន្ទាប់ពីពួកគាត់ ធ្វើដំណើរដោយថ្មើរជើង ស្ថិតក្នុងសម្លៀកបំពាក់ពណ៍ខ្មៅបានដល់ចំណុចមុខវត្ដព្រៃស នៃបរិវេណពន្ធនាគារព្រៃស ។

ការធ្វើដំណើររបស់ពលរដ្ឋទាំង ៦នាក់ នោះគឺដើម្បីទាមទារឲ្យ មន្ដ្រីរាជរដ្ឋាភិបាលដោះលែង មន្ដ្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ៤រូបនិង អគ្គលេខាធិការរង គ.ជ.ប ម្នាក់ឱ្យ មានសេរីភាពវិញ ។

អ្នកស្រី ច្រាយ នីម មកពីសហគមន៍ SOS ជាស្ដ្រីមួយរូបក្នុងចំណោមស្ដ្រីទាំង៧នាក់ ដែលត្រូវកងកម្លាំង
សមត្ថកិច្ចឃាត់ខ្លួន បានប្រាប់វិទ្យុស្ដ្រីថា ព្រោះតែខ្លាចអាជ្ញាធរចោទ ប្រកាន់ថាធ្វើបដិវត្ដន៍ពណ៍ទើបមិនហ៊ាន
នាំគ្នាមកច្រើន មកខាងមុខពន្ធាគារព្រៃស គឺនាំគ្នាតែជាង ៦នាក់ ក៏ប៉ុន្ដែនៅតែមានសមត្ថកិច្ចឃាត់ខ្លួនដដែល ។

អ្នកស្ដ្រី ច្រាយ នីម បង្ហាញជំហរថា បើទោះបីជាអាជ្ញាធរហាមឃាត់យ៉ាងណាក៏អ្នកស្រីនិងអ្នកដទៃទៀត មិនបញ្ឈប់ការស្លៀកសំលៀកបំពាក់ពណ៍ខ្មៅនៅរៀងរាល់ថ្ងៃចន្ទនេះដែរគឺ លុះណាតែមន្ដ្រីនៃសមាគម
ការពារសិទ្ធិមនុស្សអាថហុក ទាំង ៤នាក់ និង មន្ដ្រីនៃ គ.ជ.ប ម្នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាព
វិញទើបអ្នកស្រី និងអ្នកដទៃទៀតបញ្ឈប់យុទ្ធនាការ «ថ្ងៃចន្ទពណ៍ខ្មៅ» នេះ ។

អ្នកស្រី ច្រាយ នីម៖ «សម្រាប់ពួកខ្ញុំប្រសិនជាមានការដោះលែងមន្ដ្រីការពារសិទ្ធិមនុស្សទាំងអស់នោះមកវិញ
ពួកយើងនឹងបញ្ឈប់ការស្លៀកពាក់ឈុតខ្មៅនេះតែបើមិនមានការដោះលែងពួកគាត់វិញទេពួកយើងក៏មិនបញ្ឈប់ដែរ» ។

ទន្ទឹមនឹងការអះអាងខាងលើលោក  ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញមានប្រសាសន៍ថា គឺពិតជាមានការឃាត់ខ្លួនមនុស្ស ៧នាក់មែន លោកបន្ថែមថា ការឃាត់ខ្លួននោះគឺព្រោះតែពួកគេនាំ
គ្នាស្លៀកពាក់ខោអាវពណ៍ខ្មៅហើយនាំគ្នាដើរដង្ហែតាមទីសាធារណៈ ដោយពុំមានសុំការអនុញ្ញាតពី
រាជរដ្ឋាភិបាល ។

អភិបាលរង បន្ថែមថា នៅពេលនេះក្រុមស្ដ្រីទាំងនោះលោកមិនទាន់អាចប្រាប់ពីនិតិវិធី សម្រាប់ចាត់លើពួកគេ
បានឡើយព្រោះសមត្ថកិច្ចកំពុងសិក្សាលើពួកគេ ។

លោក ឃួង ស្រេង៖ «ខ្ញុំសូមអំពាវនាវដល់ពួកគាត់បើគាត់ជាពលរដ្ឋខ្មែរ គឺត្រូវតែគោរពច្បាប់ប្រទេសកម្ពុជា ហើយត្រូវសិក្សាពីគោលការណ៍ច្បាប់ឲ្យបានច្បាស់លាស់ មុនពេលធ្វើអ្វីមួយដើម្បីកុំឲ្យខុសច្បាប់» ។

ចំណែកលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការ ការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ទង្វើរបស់អាជ្ញាធរនេះគឺជាការបញ្ជាក់ពីការធ្លាក់ចុះ ការគោរពសិទ្ធិមនុស្សក្នុងប្រទេស
ដែលកាន់របប លទ្ធិប្រជាធិបតេយ្យ ។លោកមានប្រសាសន៍បន្ដថា ការស្លៀកពាក់របស់ពលរដ្ឋគឺជាសិទ្ធិរបស់
ពួកគាត់ ហើយក៏គ្មានច្បាប់ស្ដីពីការហាមប្រាមក្នុងការស្លៀកពាក់នោះទេ ។

លោកយល់ថាទង្វើរបស់រាជរដ្ឋាភិបាលពេលនេះ គឺជាការបង្ហាញសេចក្ដីភ័យខ្លាចជ្រុលពេក ។

លោក អំ សំអាត៖«ខ្ញុំគិតថាការចាប់ខ្លួនពលរដ្ឋនេះគឺជាការរំលោភសិទ្ធិរបស់ ពួកគាត់ព្រោះច្បាប់មិនបានហាម
ក្នុងការស្លៀកពាក់ទេ បើច្បាប់ហាមបានខុស ត្រង់ចំណុចនេះយើងយល់ថាអាជ្ញាធរដូចជាខ្លាចហួសហេតុពេក» ។

សូមជម្រាបថាស្ដ្រីទាំង ៧នាក់ដែលត្រូវអាជ្ញាធរឃាត់ខ្លួនកាលពីព្រឹកមិញនោះរួមមាន អ្នកស្រី ជុំ ង៉ាន អ្នកស្រី ង៉ូវ ណារី អ្នកស្រី សោម សុម៉ាលី អ្នកស្រី យិន ស្រ៊ីន កញ្ញា អ៊ឹម ស្រីទូច អ្នកស្រី ច្រាយ នីម និង អ្នកសារពត៌មាន
មកពីវិទ្យុសម្លេងប្រជាធិបតេយ្យ កញ្ញា ហ៊ឹម ស្រីមុំ ម្នាក់ផងដែរ ។

បើគិតពីថ្ងៃ ចន្ទ ទី ០៩ ឧសភា ដែលជាថ្ងៃផ្ដើមបើកយុទ្ធនាការ «ថ្ងៃចន្ទពណ៍ខ្មៅ» រហូតមកដល់ថ្ងៃ ច័ន្ទ ទី ០៦ ខែ មិថុនា នេះគឺមានរយៈពេល ៦ សប្ដាហ៍ហើយដែលពលរដ្ឋនៅតែបន្ដស្លៀកពាក់ខ្មៅនៅរៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលដោះលែងមន្ដ្រីសង្គមស៊ីវិល នៃសមាគមការពារសិទ្ធិមនុស្សអាថហុក ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ឲ្យមានសេរីភាពវិញ ។

សមត្ថកិច្ចរបស់រដ្ឋាភិបាល ចាត់ទុក ចលនានេះ ថាជាសកម្មភាព បដិវត្តន៍ ហើយមិនអាចឱ្យមានឡើយ នៅកម្ពុជា ។

ចាប់តាំងពីថ្ងៃដំបូងនៃយុទ្ធនាការ «ថ្ងៃចន្ទពណ៍ខ្មៅ» គឺមនុស្ស ជាង២០នាក់ត្រូវបានឃាត់ ខ្លួន ប៉ុន្តែបានដោះលែងវិញ បន្ទាប់ពី សមត្ថកិច្ច បង្ខំឱ្យ ចុះកិច្ចសន្យា លែងធ្វើសកម្មភាព ដូចនេះ ៕

Share

ព័ត៌មានទាក់ទង

Image