en     km
en     km

ACU​ ប្រកាស​មិន​ចាត់ការ​បណ្តឹង​របស់​សមាគម​មួយ​ដែល​ប្តឹង​មន្ត្រី​ គ​.​ជ​.​ប​ ករណី​ពុក​រលួយ​

Share

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយហៅថាACU នៅថ្ងៃទី០៦ មិថុនានេះ បានបដិសេធចំពោះបណ្តឹង របស់លោក រស់ សារុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលប្តឹងមន្ត្រីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ៤ រូបពាក់ព័ន្ធ នឹងរឿងពុករលួយ ក្នុងការតែងតាំងមន្ត្រីរាជការស៊ីវិលគ.ជ.ប ។ តែ យ៉ាងណាលោក រស់ សារុម នៅតែអះអាងថា លោកបាន សិក្សាពីអង្គហេតុ និងអង្គច្បាប់រួចរួលហើយ មុននឹងសម្រេចប្តឹងមន្ត្រី គ.ជ.ប ពេលនេះ។

 

Um-yen-thang-WMC-thum
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅថាACU។

នៅក្នុងកិច្ចពិភាក្សានៅទីស្តីការ ACU នៅព្រឹកថ្ងៃទី០៦ មិថុនានេះ លោក ឱម យ៉ិនទៀង បញ្ជាក់ថា បណ្តឹង របស់លោក រស់ សារ៉ុម មិនមានភស្តុតាងជាក់លាក់នោះទេ ។ លោកបញ្ជាក់ថា ការតែងតាំងមន្ត្រីគ.ជ.ប មិនមានវិវាទសារធារណៈកើតឡើយ។ ប៉ុន្តែលោក ឱម យ៉ិនទៀងថា បើសិនជាមានការសូកប៉ាន់ ដើម្បីជា ថ្នូរនឹងការតែងតាំង ទើបអង្គភាពរបស់លោកចាត់ការ ។លោក ឱម យ៉ិន៖«ខ្ញុំគិតថាអញ្ចឹង! គិតថាបើការតែង តាំងបងប្អូនមិនគ្រប់លក្ខណសម្បតិ្តវាជាទំនាស់ជាវិវាទមុខងារសាធារណៈ វាមិនមែនជារឿងរបស់ អង្គភាព ប្រឆាំងអំពើពុករលួយទេ នេះយើងមិនទាន់និយាយដល់ថា ការរៀបចំរបស់គេទេ។ គេមានការពិភាក្សាគ្នា ពីលើដល់ក្រោម ខ្សែទទឹងថ្នាក់ស្មើក៏គេពិភាក្សាគ្នាតែបែរជាយើងគិតថា ទៅការចែកអំណាចគ្នាអាហ្នឹង មិនអាចមានមូលដ្ឋានច្បាប់ណាមួយចោទថា ការពិភាក្សាគ្នាហ្នឹងទៅជាការចែកអំណាចគ្នានោះទេ»។

ពាក់ព័ន្ធក្នុងរឿងនេះលោក រស់ សារុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លើកឡើងថា សមាគមន៍ បានសិក្សា ពីផ្លូវ ច្បាប់គ្រប់គ្រាន់ ដែរមុននឹងសម្រេចប្តឹងពីភាពមិនប្រក្រតីពីការតែងតាំងមន្ត្រីក្នុងស្ថាប័ន គ.ជ.ប នេះ។ លោក រស់ សារុម ៖« មូលហេតុដែលខ្ញុំហ៊ានប្តឹងហ្នឹង ខ្ញុំក៏បានសិក្សាពី អង្គហេតុ និងអង្គច្បាប់ ដែលមិនមែនចេះតែប្តឹង ដោយអត់មានមូលដ្ឋានច្បាប់លាស់ខ្ញុំប្តឹងនោះទេ។ មូលហេតុនៃការតែងតាំងដែល យើងខ្ញុំដឹងហ្នឹង ចង់ដឹងថា គេស្មោះត្រង់ហ្នឹងការណ៍ តូចណាស់ អាការណ៍ធំក៏ វាស្មោះត្រង់បានដែរចុះគ្រាន់ តែមន្ត្រីបុគ្គលិកនៅក្នុងស្ថាប័នរកយុត្តិធម៌ឱ្យកូនចៅខ្លួនឯងមិនបានផង ឱ្យទៅរកយុត្តិធម៌ជូនប្រជាជនខ្មែរ ទាំងមូលម៉េចបាន!»។

កាលពីថ្ងៃទី០២ មិថុនា ឆ្នាំ២០១៦ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម បានផ្ញើ លិខិតរបស់ខ្លួន ប្តឹងទៅមន្ត្រី គ.ជ.ប ចំនួន៤រូបទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីបទប្រព្រឹត្តអំពើពុក រលួយ ។

មន្ត្រីគ.ជ.ប ដែលប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ប្តឹងនោះរួមមាន លោក ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតលោក គួយ ប៊ុនរឿន អនុប្រធានលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងលោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងរបស់ស្ថាប័ននេះដោយប្ដឹង ពីបទថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយ ក្នុងការតែងតាំង និងធ្វើសមា ហរណកម្មមន្ត្រីរាជការ ក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ប្រព្រឹត្តឡើងក្នុងខែមករា ឆ្នាំ២០១៥ ។

មន្ត្រី គ.ជ.ប មួយរូបដែលបានចូលរួមស្តាប់កិច្ចពិភាក្សានេះសូមមិនធ្វើអាត្ថាធិប្បាយអ្វីច្រើននោះទេ ។តែ យ៉ាងណាមន្ត្រី គ.ជ.ប រូបនោះថា ការប្តឹងរបស់ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជារូបនោះ គឺដោយ សារអ្នកប្តឹងមិនយល់ ពីគោល ការណ៍ច្បាប់ និងមិនយល់ពីគោលការណ៍ នៃការធ្វើសមាហរណ៍កម្មរបស់ ស្ថាប័ន គ.ជ.ប។

យ៉ាងណាក៏ដោយតាមច្បាប់កម្ពុជា បើអង្គភាពប្រឆាំងអំពើពុករលួយបដិសេធបណ្ដឹងករណីពុករលួយ គឺមិន មានស្ថាប័នណាអាចចាត់ការរឿងនេះបានឡើយ ៕

Share

Image
Image
Image