រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីទ្បា លោក ហង់ ជួនណារ៉ុនបានលើកទ្បើងថាបញ្ហាបរិស្ថានពិតជា
មានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា ។
លោកថាដើម្បីអាចទាក់ទាញភ្ញៀវទេសចរណ៍បាននោះទាល់តែបុគ្គលម្នាក់ៗ ត្រូវចូលរួមថែរក្សាអនាម័យ និងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាហើយលោកក៏ចង់ឃើញទីក្រុងភ្នំពេញជាទីក្រុងគុជនៅអាស៊ីអាគ្នេយ៍ផងដែរ ។
ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងទិវាបរិស្ថានពិភពលោក ៥មិថុនា នៅក្នុងបរិវេណវិទ្យាល័យឥន្ទ្រទេវី កាលពីម្សិលមិញនេះ ។
បញ្ហាបរិស្ថាននៅតែជាបញ្ហាចំបងមួយនៅលើពិភពលោកដែលគេតែងយកចិត្តទុកដាក់ និងផ្តល់តម្លៃផងដែរ ។ ដោយសារតែបញ្ហាបរិស្ថានជារឿងសំខាន់នេះហើយប្រទេសនីមួយៗនៅលើពិភពលោកតែងតែប្រារព្ធ ទិវាបរិស្ថានពិភពលោក ហើយប្រទេសកម្ពុជាក៏ចូលរួមប្រារព្ធទិវាបរិស្ថាននេះផងដែរ។
តាមរយៈការប្រារព្ធទិវាបរិស្ថាន៥មិថុនា រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីទ្បា លោក ហង់ ជួនណារ៉ុន បង្ហាញទស្សនៈថាចង់ឃើញភ្នំពេញជាទីក្រុងគុជដូចសម័យកាលសង្គមរាស្ត្រនិយម គឺល្អជាងគេនៅ
អាស៊ីអាគ្នេយ៌ ។
ដោយភ្ជាប់និងការលើកទ្បើងរបស់ លោក ហង់ ជួនណារ៉ុន ចង់ឃើញទីក្រុងភ្នំពេញជាទីក្រុងគុជនេះដែរ លោក សាយ សំអាល់ លើកទ្បើងថាបញ្ហាបរិស្ថាន មានភាពល្អប្រសើរជាងមុនឆ្ងាយ ហើយដើម្បីដោះស្រាយបញ្ហា
បរិស្ថានជាពិសេសរឿងសំរាមនេះឱ្យកាន់តែមានភាពល្អប្រសើនោះលុះត្រា មានការចូលរួមពីគ្រប់ភាគី
ពាក់ព័ន្ធទាំងអស់ ។
ជុំវិញបញ្ហានេះដែរអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត មាសនី បានសាទរ ការលើកទ្បើង
របស់លោក ហង់ ជួនណារ៉ុន ចង់ឃើញទីក្រុងភ្នំពេញជាទីក្រុងគុជនៅអាស៊ីអាគ្នេយ៍ដូចកាលពីមុន ។
លោក មាស នី បន្តទៀតថាដើម្បីឱ្យការលើកទ្បើងខាងលើនោះមានប្រសិទ្ធភាពនោះលុះត្រាតែប្រជាពលរដ្ឋ គ្រប់ស្ថាប័នពាក់ព័ន្ធផ្សេងៗដូចជាសាលារាជធានីភ្នំពេញ ជាដើមត្រូវសិក្សាគម្រោងអភិវឌ្ឍក្រុង
របស់ខ្លួនឱ្យបានល្អប្រសើរ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ជាពិសេសត្រូវយកចិត្តទុកផងដែរ
ពីបញ្ហាបរិស្ថាន ទើបធ្វើឱ្យភ្ញៀវអន្តរជាតិចង់មកលេងក្នុងប្រទេសកម្ពុជា ។
លោក មាស នី មានជំនឿចិត្តថាទីក្រុងភ្នំពេញពិតជាអាចក្លាយទៅជាទីក្រុងគុជ ឡើងវិញបាន ប៉ុន្តែលោកសង្កត់ធ្ងន់ធ្ងរថា ទាល់តែរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗត្រូវពង្រឹងយន្នការ
របស់ខ្លួនឱ្យបានល្អប្រសើរជាមុនសិន ជាពិសេសសាលារាជធានីភ្នំពេញត្រូវពិនិត្យ និងយកចិត្តទុកដាក់
ទៅលើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឱ្យមានភាពល្អប្រសើរ ។
ឆ្លើយតបនឹងការលើកទ្បើងខាងលើនេះដែរអភិបាលរង សាលារាជធានីភ្នំពេញលោក ឃួង ស្រេង បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ដើម្បីឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងគុជបាននោះ សាលារាជធានីភ្នំពេញក៏កំពុងបំពេញតួនាទីរបស់ខ្លួនផងដែរ គឺតាមរយៈការអប់រំប្រជាពលរដ្ឋ
ឱ្យបានយល់ដឹងពីតម្លៃបរិស្ថាន ចេះថែរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសាលារាជធានីភ្នំពេញ
ក៏ខិតខំធ្វើហេដ្ឋរចនាមសម្ព័ន្ធទីក្រុងផងដែរដូចជាការធ្វើសូនច្បារ ការដាក់លូ បន្ថែមនៅតាមដងផ្លូវជាដើម
ដើម្បីបញ្ចៀសការលិចលង់ពីទឹកភ្លៀង។
សូមរំឮកថា រាជធានីភ្នំពេញ កាលពីសម័យសង្គមរាស្ត្រ ដឹកនាំដោយសម្ដេច ព្រះបាទ នរោត្តមសីហនុ ឋានៈជា ប្រមុខរដ្ឋ គឺក្រុងភ្នំពេញ ត្រូវបានកត់ត្រាជាទីក្រុងគុជ អាស៊ី ល្អប្រណិតជាងគេ ។ នេះបើតាមគេហទំព័រមួយ ឈ្មោះថា khmeradvisor .com ៕