ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ នេះ កងកម្លាំងប្រដាប់អាវុធជាតិរួមមាន នគរបាល កងយុទ្ធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង ៤៥០ នាក់ចូលរួមក្បួនដង្ហែរក្នុងយុទ្ធនាការ «បុរសល្អ» ធ្វើឡើងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្បួនដង្ហែរក្នុងយុទ្ធនាការ «បុរសល្អ» នេះ ចង់ផ្សព្វផ្សាយជាសាធារណៈពីយេនឌ័រ ឬសមភាពរវាងស្ត្រីនិងបុរស និងការបញ្ឃប់អំពើហឹង្សាលើស្ត្រីនិងកុមារ តាមរយៈកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជាធ្វើខ្លួនជាគំរូទៅដល់ប្រជាពលរដ្ឋ។
លោកស្រី គឹម ធីតាកល្យាណី ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសន្តិភាពនិងអភិវឌ្ឍន៍ (PYD) បានឱ្យដឹងថា ការធ្វើយុទ្ធនាការដើរដង្ហែរក្បួន «បុរសល្អ» ឡើងមានគោលបំណង ៤ សំខាន់ៗ ទី១ ការផ្សព្វផ្សាយជាសាធារណៈពីយេនឌ័រនិងការបញ្ឈប់អំពើហឹង្សាគ្រប់រូបភាពលើស្ត្រីនិងកុមារ។ ទី២ ការលើកម្ពស់ការចូលរួមរបស់បុរសក្នុងការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារី។ ទី៣ លើកកម្ពស់ឱ្យមានតួនាទីវិជ្ជមាននិងពង្រឹងការប្តេជ្ញាចិត្តរបស់កងកម្លាំងប្រដាប់អាវុធជាតិក្នុងការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារីនៅកម្ពុជា និងលើកកម្ពស់គ្រួសារគំរូដោយបុរសនិងស្រ្តីធ្វើការរួមគ្នាក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសន្តិភាពនិងអភិវឌ្ឍន៍រូបនេះ បានបញ្ជាក់បន្ថែមថា៖ « អ្នកចូលរួមជាក្នុងយុទ្ធនាការថ្ងៃនេះ មានភាគច្រើនជាមន្ត្រីកងកម្លាំងប្រដាប់អាវុធជាតិមានប្រមាណជាង ៣៥០ នាក់។ នគរបាល កងយុទ្ធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ពួកគាត់មានតួនាទីសំខាន់សម្រាប់ទប់ស្កាត់អំពើហឹង្សាគ្រប់រូបភាពក្នុងសហគមន៍ដែលគាត់រស់នៅ ជាអ្នកអនុវត្តច្បាប់ប្រៀបដូចជាម្តាយឪពុករបស់ប្រជាពលរដ្ឋមើលថែរក្សាសណ្ដាប់ធ្នាប់ពលរដ្ឋនៅក្នុងសង្គម »។
ក្រៅពីមន្រ្តីនគរបាល កងយុទ្ធពលខេមរភូមិន្ទ កងរាជអាវុធហត្ថជាតិ យុទ្ធការដង្ហែរក្បួន «បុរសល្អ» មានការចូលរួមពីលោកស្រី លោកស្រី ឡៅ វណ្ណារត្ន័ ប្រធានស្តីទី មន្ទីកិច្ចការនារីខេត្តកណ្តាល ព្រមទាំង លោកជំទាវ ទេស ចន្ទ័សារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកស្រី គឹម ធីតាកល្យាណី ប្រធានផ្នែកទំនាក់ទំនង អង្គការ PYD ចូលរួមជាគណៈធិបតី។ ក្រៅពីនោះក៏មានលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់វិទ្យាល័យជាង ១០០ នាក់ចូលរួមផងដែរ។
យុទ្ធការដង្ហែរក្បួន «បុរសល្អ» ធ្វើឡើងចាប់ពីម៉ោង ៧: ៣០នាទីព្រឹក ដល់ម៉ោង ១០ : ០០ ព្រឹក ចម្ងាយផ្លូវ ៤ គីឡូម៉ែត្រចាប់ផ្តើមដើរដង្ហែរចេញពីសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដើរចូលច្រកផ្សារតាខ្មៅពីរជុំ បន្តដើរកាត់រង្វង់មូលតាខ្មៅ ឆ្ពោះទៅនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅវិញ ។
សូមបញ្ជាក់ថា យុទ្ធការដង្ហែរក្បួន «បុរសល្អ» ដោយមានកងកម្លាំងប្រដាប់អាវុធជាតិចូលរួមនៅថ្ងៃនេះជាលើកទី ៧ ហើយដែលសហការរៀបចំដោយក្រសួងកិច្ចការនារី និងអង្គការសន្តិភាពនិងអភិវឌ្ឍន៍ (PYD) ។ ក្នុងឆ្នាំ ២០១៤ កន្លងទៅ យុទ្ធនាការនេះ មាននគរបាល កងយុទ្ធពលខេមរភូមិន្ទ កងរាជអាវុធហត្ថជាតិចូលរួមប្រមាណជាង ២០០០ នាក់ នៅខេត្តចំនួន ៦ រួមមាន ខេត្តកំពត កំពង់ស្ពឺ ស្ទឹងត្រែង រតនៈគិរី កំពង់ធំ និងខេត្តកំពង់ឆ្នាំង។