loader

អ្នកវិភាគ​និង​អ្នក​ច្បាប់​៖​ តុលាការ​អាច​ចេញ​សាលក្រម​កំបាំង​មុខ​លោក​ កឹ​ម​ សុខា​ ដែល​នាំ​ឱ្យ​សិទ្ធិ​នយោបាយ​ របស់​គាត់​កាន់តែ​រួម​តូច​

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យលោក កឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិចូលខ្លួនបំភ្លឺក្នុងតុលាការជាថ្មីទៀត ប៉ុន្តែករណីផ្សេងពីមុន គឺពីបទចោទបដិសេធ
ក្នុងការចូលខ្លួន។ អ្នកច្បាប់ថា ករណីលោក កឹម សុខា នេះតុលាការអាចកាត់ក្តីកំបាំងមុខតែម្តង
ប្រសិនបើចៅក្រមគិតថាការនាំខ្លួនលោក កឹម សុខា អាចមានការប៉ះទង្គិចជាមួយពលរដ្ឋអ្នកគាំទ្របក្សប្រឆាំង។

ចំណែកអ្នកវិភាគយល់ថា ការកាត់ក្តីកំបាំងមុខអាចធ្វើទៅបាន តែវាហាក់រុញច្រានឱ្យបក្សប្រឆាំងដើរដល់ផ្លូវទ័លច្រក ពោលគឺជាយុទ្ធសាស្ត្របំបិទផ្លូវនយោបាយរបស់បក្សប្រឆាំងតែម្តង ពោលគឺកម្រិតសិទ្ធិសេរីភាពរបស់លោក កឹម សុខា ដូចការឃុំខ្លួនក្នុងផ្ទះ។

kem-sokha-wmc-thum
អ្នកគាំទ្រចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅទីស្នាក់ការ កណ្តាលគណបក្សសង្ក្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី០២ មិថុនា បានចេញដីកាបង្គាប់ឱ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញឱ្យចូលខ្លួនបំភ្លឺបទចោទថ្មីមួយ គឺការបដិសេធមិនចូលខ្លួនមកកាន់តុលាការ។

នេះជាដីកាទី៤ ហើយដែលលោក កឹម សុខា ត្រូវបានតុលាការកោះហៅឱ្យចូលខ្លួន។ ដីកាកោះហៅលើកទីមួយ គឺតបតាមបណ្តឹងបរិហារកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថា។ ចំណែកដីកាកោះលើកទី ២ និងទី ៣ គឺកោះ ហៅលោកក្នុងនាម
ជាសាក្សីពីបទសញ្ចារកម្មក្នុងសំនុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ តែក្នុងដីកាកោះលើកទី៤ នេះគឺលោក កឹម សុខា បានក្លាយជាជនត្រូវចោទវិញ ព្រោះក្នុងដីកាបង្គាប់ឱ្យចូលខ្លួននោះបានសរសេរថា ចោទប្រកាន់លើឈ្មោះ កឹម សុខា ភេទប្រុស មុខរបប តំណាងរាស្ត្រមណ្ឌលភ្នំពេញពីបទបដិសេធក្នុងការចូលខ្លួន ដែលបានប្រព្រឹត្តនៅភ្នំពេញកាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ។

ស្របពេលជាមួយគ្នានេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៣ មិថុនានេះ បានចេញសេចក្តីថ្លែងការណ៍
មិនឱ្យតំណាងរាស្ត្ររបស់ខ្លួន ចូលទៅបំភ្លឺតាមដីកាកោះរបស់ស្ថាប័នណាមួយ ឬទទួលការចោទប្រកាន់ពីសំណាក់
ស្ថាប័នតុលាការនោះឡើយ។សេចក្តីថ្លែងការណ៍របស់បក្សប្រឆាំងនេះក៏ស្នើសុំឱ្យរដ្ឋាភិបាលនៃគណបក្សកាន់អំណាច ត្រូវបញ្ឈប់រាល់ការបង្ករឿងដោយគ្មានមូលដ្ឋានមករំខានដល់តួនាទីរបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ។

តើអ្នកច្បាប់យល់ឃើញដូចម្ដេច ចំពោះវិធានការផ្ទួនលើលោក កឹម សុខា? ចុះតុលាការមានចំណាត់ការផ្លូវច្បាប់របៀបណា?

លោក ហុង គឹមសួន មេធាវីនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដី
ខ្មែរក្រហមពន្យល់ថា ករណីនេះប្រសិនលោក កឹម សុខា មិនព្រមចូលខ្លួនតាមទៅតុលាការទៀតនោះ នោះតុលាការអាច
បន្តនីតិវិធីនាំខ្លួន ឬក៏ចាប់ខ្លួន ក៏បាន។ ជាងនេះទៅទៀតអ្នកច្បាប់រូបនេះថា តុលាការក៏អាចជំនុំជំរះក្តីលើលោក កឹម សុខា ដោយកំបាំងមុខបានផងដែរ ប្រសិនបើតុលាការយល់ថា ការចាប់ខ្លួនលោក កឹម សុខា អាចបង្កជាការប៉ះទង្គិចជាមួយ
អ្នកគាំទ្រនោះ។ លោក ហុង គឹមសួន៖«កាលណាគេមានការចោទប្រកាន់ហើយបើនិយាយពីនីតិវិធីហ្នឹង គឺចៅក្រមស៊ើបសួរ
គេមានអំណាចចេញដីកានាំខ្លួន បើនាំខ្លួនហើយហ្នឹងរកមិនឃើញទេ ចៅក្រមស៊ើបសួរគេមានអំណាចចេញដីកាចាប់
ខ្លួនទៀត ហើយចៅក្រមក៏គេមានសិទ្ធិកាត់កំបាំងមុខក៏បាន»។

បើតាមការពន្យល់របស់អ្នកច្បាប់រូបនេះ គឺលោក កឹមសុខា អាចប្រឈមមុខនឹងការផ្ដន្ទាទោស ដោយការចេញសាលក្រម
កំបាំងមុខហើយអាចចាប់ខ្លួនពេលណាក៏បាន ។

ចំណែកអ្នកវិភាគ និងតាមដានការបោះឆ្នោតក៏យល់ឃើញប្រហាក់ប្រហែលនេះដែរ។ ពួកគាត់ថាលោក កឹម សុខា អាចក្លាយជាអ្នកទោសម្នាក់ឃុំខ្លួនក្នុងផ្ទះ ហើយគ្មានសិទ្ធិចេញមុខជាសាធារណៈដើម្បីធ្វើនយោបាយ ។

មន្ត្រីសង្គមស៊ីវិលម្នាក់ដែលធ្វើការលើបញ្ហាបោះឆ្នោតនៅកម្ពុជាយល់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ នាពេលខាងមុខនេះមិនអាចដំណើរការទៅបានប្រកបដោយភាពយុត្តិធម៌បាននោះទេ ព្រោះគូប្រកួតប្រជែងអំណាច កំពុងតែវាយបំបាក់គ្នាមុនការប្រកួតចូលមកដល់។

som-kuntemy-WMC-thum
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិច

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិចលើកឡើងថា ប្រសិនបើមេបក្សប្រឆាំងលោក កឹម សុខា ពិតជាត្រូវបាន
តុលាការចេញសាលក្រមកំបាំងមុខមែននោះ នោះមានន័យថា ជីវិតនយោបាយរបស់លោកក៏ត្រូវបញ្ចាប់ផងដែរ
ព្រោះបើតាមផ្លូវច្បាប់ទណ្ឌិតមិនអាចចុះឈ្មោះបោះឆ្នោត ឬឈរឈ្មោះឱ្យគេបោះឆ្នោតបាននោះទេ។ មួយវិញទៀតលោកថា ប្រសិនបើលោក កឹម សុខា ត្រូវបានជាប់ឃុំឃាំងដោយប្រការណាមួយនោះ នោះក៏ធ្វើឱ្យប៉ះពាល់ដល់ដំណើរការ
លទ្ធិប្រជាធិតេយ្យ ព្រោះមេគណបក្សប្រកួតប្រជែងដ៏មានសក្តានុពល ដូចជាមេគណបក្សសង្គ្រោះជាតិ មិនអាចចូលការ
ប្រកួតដោយស្មើភាពបាន។លោក សំ គន្ធាមី៖«បាទ!នេះជាការបញ្ចប់ជីវភាពនយោបាយគាត់ហើយ ប្រសិនគាត់អត់
មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ គាត់អត់អាចឈរឈ្មោះជាបេក្ខជនឬ ក៏ជាអនុប្រធានគណបក្សសង្គ្រោះជាតិបានទេ ហើយបណ្តោលឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ យើងចង់ឱ្យមានគណបក្សជាច្រើន ជាពិសេសគឺគណបក្ស
ដែលមានសក្តានុភាពហ្នឹង ចូលរួមប្រកួតប្រជែងនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឆ្នាំ២០១៧ និងការបោះឆ្នោត
តំណាងរាស្ត្រឆ្នាំ២០១៨»

តែយ៉ាងនេះក្តីអ្នកជំនាញលើកការបោះឆ្នោតរូបនេះបន្ថែមថា កម្ពុជានឹងអាចរកច្រកចេញបានតាមរយៈការចរចា
វប្បធម៌សន្ទនាឡើងវិញដើម្បីបន្ថូរបន្ថយកំដៅនយោបាយ ហើយឈានទៅរកការបោះឆ្នោតមួយប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព។

ដំណាក់កាលនយោបាយនៅរយៈពេលចុងក្រោយ កំពុងតែតានតឹង ហើយបក្សប្រឆាំងនៅពេលនេះកំពុងតែត្រូវបាន
ដើរដល់ផ្លូវទ័លមួយ ដោយសារការវាយពីគូរប្រកួតរបស់ខ្លួន។នេះបើតាមការយល់ឃើញរបស់លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។ លោក សូ ចន្ថា បន្ថែមថា ប្រសិនករណីលោក កឹមសុខា ឈានដល់ការឃុំខ្លួន
នៅក្នុងផ្ទះដូចមេដឹកនាំភូមាអ្នកស្រី អុង សាងសូជី មែននោះ នោះការងារចុះមូលដ្ឋានពង្រឹកបក្សសង្គ្រោះជាតិ
នឹងត្រូវធ្លាក់ចុះ។ លោក សូ ចន្ថា៖«ខ្ញុំគិតថា តុលាការគួរតែបាញ់ឆ្ពោះទៅដើមចោទ ហើយនិងរឿងដែលបានប្តឹងទៅតុលាការ
ច្រើនជាងការមកចាត់ការសាក្សីករណីនេះ បើយើងពិនិត្យមើលផ្លូវច្បាប់។ ប៉ុន្តែរឿងនយោបាយវិញ ខ្ញុំគិតថាអ្វីដែលជា
យុទ្ធសាស្ត្រនយោបាយចុងក្រោយនេះ គឺបក្សកាន់អំណាចព្យាយាមធ្វើឱ្យបក្សប្រឆាំងហ្នឹងដើរដល់ចំណុចមួយដែល
មិនអាចធ្វើសកម្មភាពក្នុងឆាក នយោបាយនេះបាន»

អ្នកវិភាគថាបើលោក កឹម សុខា ប្រឈមមុខនឹងសាលក្រមកំបាំងមុខ គឺមិនខុសពីលោកស្រី អ៊ុង សានស៊ូ ជី មេបក្សប្រឆាំង
ភូមានោះទេ។ អ្នកវិភាគបន្ថែមទៀតថា ប្រសិនលោក សម រង្ស៊ី មិនអាចចូលស្រុកបាន នោះប្រៀបបានវាយបំបាក់ទាំងស្រុង
លើក្បាលម៉ាស៊ីនដឹកនាំរបស់ប្រឆាំងធំមួយនេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x