ភ្នំពេញ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានប្តឹងប្រធាន អនុប្រធាន និងមន្ត្រីពីររូបទៀតរបស់ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ពីបទសង្ស័យថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ។
លិខិតរបស់ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ចុះថ្ងៃទី ០២មិថុនា ឆ្នាំ២០១៦ បានប្តឹងមន្ត្រី គ.ជ.ប ចំនួន៤រូបទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីបទប្រព្រឹត្តអំពើពុករលួយ ។
មន្ត្រីដែលប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ប្តឹងនោះរួមមាន លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀប
ចំការបោះឆ្នោត លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងលោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីបទសង្ស័យថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំង និងធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៥ ។
ឆ្លើយតបបណ្តឹងនេះ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានបដិសេធថា ការតែងតាំងមន្ត្រីរាជការ ក្នុងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានអំពើពុករលួយដូចការចោទប្រកាន់នោះទេ ។
ក្នុងពាក្យបណ្តឹងរបស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា បានបញ្ជាក់ថា សមាគមបានឃ្លាំមើលយ៉ាងដិតដល់ ចំពោះការអនុវត្តច្បាប់របស់សមាជិក គ.ជ.ប ទាំង០៩ រូប ចាប់តាំងពីថ្ងៃប្រកាសចូលកាន់ដំណែងក្នុងខែ មេសា ឆ្នាំ២០១៥ រហូតមក ។ សមាគមសង្កេតឃើញថា សមាជិក គ.ជ.ប ទាំង០៩រូប ជាពិសេសប្រធាន អនុប្រធាន អ្នកនាំពាក្យ និងអគ្គលេខាធិការរង ទាំងបួនរូបខាងលើ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ក្នុងការតែងតាំងមន្ត្រីរាជការ ចាប់ពីថ្នាក់នាយកដ្ឋាន រហូតដល់អនុការិយាល័យ ក្នុងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បច្ចុប្បន្ន។
លោក ហង្ស ពុទ្ធា អ្នកពាក្យគ.ជ.ប បានថ្លែងប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី០៣ មិថុនា នេះថា ការតែងតាំងមន្ត្រីរាជការ
នៅក្នុងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំមានភាពមិនប្រក្រតី ឬមានអំពើពុករលួយ
ដូចការចោទប្រកាន់របស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា នោះទេ ។
លោកមានប្រសាសន៍បន្តថា អ្វីដែលគ.ជ.ប បានធ្វើកន្លងមកគឺផ្នែកទៅលើច្បាប់ និងបទដ្ឋានគតិយុទ្ធ តាំងនាម គ.ជ.ប ជាស្ថានប័នឯករាជ្យមួយ ។ លោកថា ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះការលើកឡើងរបស់ខ្លួន ។
ជុំវិញបញ្ហានេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃនេះថា មកទល់ពេលនេះ អង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ មិនទាន់ទទួលបានពាក្យបណ្តឹងរបស់ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជានោះទេ ។ លោកបានឱ្យដឹងទៀត ប្រសិនមានពាក្យបណ្តឹងអង្គភាពប្រឆាំងអំពើពុករលួយ នឹងពិនិត្យមើលដើម្បីចាត់វិធានការភ្លាមៗ ។