ភ្នំពេញ៖ មន្ដ្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញាឬទិ្ធ មានប្រសាសន៍ថាគណបក្សលោក ស្វាគមន៍ក្រសួងមហាផ្ទៃចំពោះការសម្រេចធ្វើកោសល្យវិច័យលើស្នាមមេដៃពលរដ្ឋ តែទទូច ថា ក្រសួងមហាផ្ទៃត្រូវធ្វើជាសាធារណៈ និងនៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ ។
ការថ្លែងរបស់មន្ដ្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបាសម្រេចបង្កើតគណៈកម្មការ
ស្រាវជ្រាវថ្មីមួយដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យទៅលើស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលបានផ្តិត នៅលើញត្តិគណបក្សសង្គ្រោះជាតិ ដាក់ថ្វាយជូនព្រះមហាក្សត្រដោយសង្ស័យថា មានខ្លះក្លែងក្លាយ ។
លោក យ៉ែម បុញ្ញាឬទ្ធិ បានថ្លែង នៅមុខទីស្នាក់ការបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៣មិថុនានេះថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ចំពោះការសម្រេចធ្វើកោសល្យវិច័យ លើស្នាមមេដៃពលរដ្ឋ តែទទូចឱ្យធ្វើជាសាធារណៈ និងនៅចំពោះ
មុខប្រជាពលរដ្ឋហើយខាងមុខព្រះបរមរាជវាំង ។
លោករិះគន់ថា ការធ្វើកោសល្យវិច័យស្នាមមេដៃ ពលរដ្ឋនៅតាមមូលដ្ឋាន គឺជាការគំរាមកំហែងសិទ្ធិមួយដល ពលរដ្ឋដែលទីនោះ ។
បើតាមការអះអាងរបស់លោក យ៉ែម បុញ្ញាឬទិ្ធ ដដែល គឺគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ចំហរ ធ្វើញត្តិថ្វាយព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី ជាថ្មី លើកិច្ចអន្ដរាគមន៍ចំនួនពីរ ដែលទាក់ទង
នឹងការស្នើសុំអោយស្ថាប័នជាតិ ទាំងអស់គោរពសិទ្ធិពលរដ្ឋ និងសិទ្ធិអ្នកតំណាងរាស្ដ្រ រួមទាំងស្នើឲ្យបញ្ឈប់
ការរុកគួនតាមផ្លូវតុលាការ មកលើ សកម្មជន អង្គការសង្គមស៊ីវិល មន្ត្រីគ.ជ.ប ។
វិទ្យុ ស្ត្រី FM 102 មិនអាចសុំការបំភ្លឺពី អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃនេះ ដោយពុំមាន ការទូរស័ព្ទឆ្លើយតប ។
កាលពីម្សិលមិញ(ថ្ងៃទី២ មិថុនា) ក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការ ស្រាវជ្រាវថ្មីមួយដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យទៅលើស្នាមមេដៃរបស់ ប្រជាពលរដ្ឋដែលបានផ្តិតនៅលើញត្តិគណបក្សសង្គ្រោះជាតិ ដាក់ថ្វាយជូនព្រះមហាក្សត្រ ។
ប៉ុន្តែស្នាមមេដៃ មួយចំនួននៅក្នុងញតិ្តនេះ មានការសង្ស័យថាក្លែងក្លាយតែ បើពិតមែននោះ គឺជា ការបោកប្រាស់ព្រះមហាក្សត្រ ហើយនាំឱ្យមានទោស ។
ញត្តិរបស់គណបក្សសង្គ្រោះជាតិ មានស្នាមមេដៃពលរដ្ឋជាង ១៧ម៉ឺននាក់ ដោយទទូចស្នើព្រះមហាក្សត្រ ជួយការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រពីការចាប់ខ្លួន និងជួយដោះលែងមន្ត្រីសង្គមស៊ីវិល អាដហុក និងមន្ត្រីគជប ដែលតុលាការឃុំខ្លួនករណីនាង ខុម ចាន់តារាទីហៅស្រីមុំ ៕