en     km
en     km

សេ​ដាក​បង្កើត​គម្រោង​ «ប្រព័ន្ធ​ធានា​រ៉ាប់​រង​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​»​

Share

អង្គការ​សេដាក បាន​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​មួយ​ជាមួយ​ កសិករ​ ប្រធាន​ក្រុម​ហ៊ុន​ឯក​ជន​ និង​មន្រ្តី​មក​ពី​មន្ទីរ​កសិកម្ម​​ខេត្ត​មួយ​ចំនួន​ ដើម្បី​ ពង្រីក​គម្រោង​ប្រព័ន្ធ​ធានា​រ៉ាប់​រង​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​។ សិក្ខា​សា​លា​នេះ​​ប្រ​ព្រឹត្តិ​​​ធ្វើ​​នៅ​មជ្ឈ​មណ្ឌល​សហកិច្ច​ប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​នៅ​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​នេះ​។

IMG_1004

លោក​ យ៉ង សាំងកុមារ ប្រធាន​អង្គ​ការ​សេដាក​​បាន​ប្រាប់​ពី​គោល​បំណង​ក្នុ​ង​ការ​បង្កើត​គម្រោង​នេះ​ថា​​​ «អង្គ​ការ​សេដាកបង្កើតប្រព័ន្ធធានារ៉ាប់រងប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនេះឡើង គឺ​ដើម្បី​ជួយ​ប្រជា​ កសិករ​ដែល​ជួប​ហានិភ័យ​ ដូច​ជា​គ្រោះ​ទឹក​ជំនន់​ គ្រោះ​រាំង​ស្ងួត​ អាច​ស្តារ​ជីវភាព​ និង​មុខ​របរ​ឡើង​វិញ​»។ លោក​​បន្ត​ទៀត​ថា​ លក្ខ​ខណ្ឌ​ដែល​អាច​ចូល​ជា​សមាជិក​ក្នុង​ប្រព័ន្ធ​ធា​នា​រ៉ាប់​រង​នេះ​ គឺ​ត្រូវ​តែ​ជា​កសិករ​ដែល​ឯក​ភាព​​ជា​មួយ​ប្រព័ន្ធ​​នេះ​​ជា​ពិ​សេស​ កសិករ​ទាំង​នោះ​ត្រូវ​តែ​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ​ពី​ព្រោះ​កញ្ចប់​ថវិកា​នេះ​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​កសិករ​ដែល​រង​គ្រោះ​ពិត​ប្រាកដ​។

បច្ចុប្បន្ន​នេះ​ អង្គការ​សេដាក​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​នេះ​រយៈ​ពេល​២​ខែ​ហើយ​ ដល់​កសិករ​ប្រមាណ​ ២០០​នាក់​ នៅ​ខេត្ត​តា​កែវ​ កំពង់ស្ពឺ​ និង​ខេត្ត​កំពង់ឆ្នាំង​។ គម្រោង​នេះ​ មាន​ជំនួយ​ថវិកា​និង​បច្ចេកទេស​ ពី​មូល​និធិ​អាក្មៀ​(Achmea)របស់​ប្រទេស​ហូឡង់​។ អង្គការ​សេដាក​​មាន​គម្រោង​ នឹង​ពង្រីក​សេវាកម្ម​ធានា​រ៉ាប់​រង​ផលិត​កម្ម​កសិកម្ម​ជូន​កសិករ​ខ្មែរ​ផងដែរ។

កសិករ​មួយ​រូប​មក​ពី​ខេត្ត​កំពង់ស្ពឺ​ និង​ជា​សមាជិក​ធានា​រ៉ាប់​រង​កសិកម្ម​ខ្នាត​តូ​ច​ អ្ន​ក​ស្រី​ អ៊ុក គង់​និយាយ​ថា​ មូល​ហេតុ​ដែល​អ្នក​ស្រី​ចូល​ជា​សមាជិក​កម្រោង​​នេះ​ ក៏​ព្រោះ​តែ​ អ្នក​ស្រី​ចង់​ ស្តារ​ជីវភាព​គ្រួសារ​ ក្នុង​ពេល​ផលកសិកម្ម​ជួប​ប្រទះ​ការ​ខូច​ខាត​ណា​មួយ​ដោយ​ចៃ​ដន្យ​។ កសិករ​រូប​នេះ​ ក៏​បាន​រៀប​រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​ គាត់​ធ្វើ​ស្រែ​ដោយ​ពឹង​លើ​ទឹក​ភ្លៀង​តែ​ប៉ុណ្ណោះ​ ដូច្នេះ​កាល​ណា​មិន​សូវ​មាន​ភ្លៀង​ធ្លាក់​ ផល​ស្រូវ​​របស់​​គាត់​ក៏​ត្រូវ​ខាត​បង់​ផង​ដែរ​។ «ការ​ចូល​ជាសមាជិក​ប្រព័ន្ធ​ធានា​រ៉ាប់​រង​កសិករ​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្តៅ​ជាង​មុន​ ព្រោះ​ខ្ញុំ​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខូច​ខាត​ដែល​កើត​មាន​ដោយ​គ្រោះ​ធម្មជាតិ​។

លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ផ្ទល់បទសម្ភាសន៌ដល់អ្នកសារព័ត៌មានក្នុងសិក្ខា​សាលាស្តីអំពី ការពង្រីកគម្រោងប្រព័ន្ធធានារ៉ាប់រងកសិករខ្នាតតូចនៅកម្ពុជា
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ផ្ទល់បទសម្ភាសន៌ដល់អ្នកសារព័ត៌មានក្នុងសិក្ខា​សាលាស្តីអំពី ការពង្រីកគម្រោងប្រព័ន្ធធានារ៉ាប់រងកសិករខ្នាតតូចនៅកម្ពុជា – រូបភាព៖​ កែវ សុខា

ពាក់​ព័ន្ធ​នឹង​គម្រោង​នេះ​ដែរ​ លោក អឹម នឿន មន្រ្តី​កម្មវិធី​អង្គការ​សេដាក​ និង​ជា​ប្រធាន​គម្រោង​ប្រព័ន្ធ​ធានា​រ៉ាប់​រង​កសិកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​នេះ​ បាន​លើក​ឡើង​ថា​ គម្រោង​នេះ​បាន​បែង​ចែក​ការ​បង់​ថ្លៃ​ជា​បី​ប្រភេទ​៖ កសិករ​​ដែល​ធ្វើ​ស្រូវ​ស្រាល​ ត្រូវ​បង់​១០៥០រៀល​ ចំនែក​ស្រូវ​កណ្តាល​៨០០ រៀល​ និង​ស្រូវ​ធ្ងន់​ បង់​២០០​រៀល​ ក្នុ​ងដី​ស្រែ​មួយ​អា​ ក្នុង​រយៈ​ពេល​១ឆ្នាំ​។ ចំណែក​គោលការណ៍​​សំណង​នឹង​​ទូ​ទាត់​តំលៃ​ សរុប​ដែល​កសិករ​​ខូច​ខាត​ចាប់​ពី​ ២០%​ទៅ​២៥%​ នឹងទទួលសំណង៥% ពី ២៦% ទៅ៣០% បាន​សំណង​១០%​ និងចាប់​ពី​៣១%​ទៅ​៥០%​ បាន​សំណង​៤០%​។ ចំណែក​ការ​ខូច​ខាត​ចន្លោះ​ ពី​សូន្យ​ទៅ​២០%​ នោះទទួល​​បាន​សំណង​ឡើយ​ ពីព្រោះ​ខូចខាតមាន​កំរិត​​អប្បបរិមា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ផល​​ប្រយោជន៍​​នៃ​​ការ​​ទិញ​ធានា​រ៉ាប់​រង​ស្រូវ​ សមាជិកនឹង​ទទួល​បាន​ផល​ ប្រយោជន៍​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូច​ជា​ សេវាកម្ម​ប្រឹក្សា​យោបល់​ស្តី​ពី​បច្ចេក​ទេស​កសិកម្ម​ វិធីសាស្ត្រ​ត្រៀម​បង្ការ​កាត់​បន្ថយ​ និង​គ្រប់​គ្រង​ហា​និភ័យ​ ជា​ពិសេស​គឺ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​​កសិករ​ដូច​​គ្នា​។​ ក្នុង​គម្រោង​នេះ​ដែរ ​សមាជិក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តំលៃ​១០%​សម្រាប់​ការ​​អនុវត្តន៍​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​បាន​ល្អ​ និង​ ៥%​ សម្រាប់​កសិករ​ដែល​មាន​ស្រះ​ទឹក​ និង​ប្រព័ន្ធ​ស្រោច​ស្រព​ជា​លក្ខណៈ​គ្រួសារ​។ រួម​ជា​មួយ​គ្នា​នេះ កសិករ​ក៏​ទទួល​បាន​ការ​បញ្ចុះ​តំលៃ​១០%​ផង​ដែរ​ ប្រសិន​បើ​​កសិករ​​បាន​អនុវត្តន៍​បច្ចេក​ទេសស​កសិកម្ម​ធន់​នឹង​បម្រែ​ប​ម្រួល​អាកាសធាតុ​៕

Share

ព័ត៌មានទាក់ទង

Image