ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ជូនពរជនរួមជាតិ ខណៈព្រះអង្គយាង ទៅធ្វើទស្សនកិច្ច នៅប្រទេសចិន ប្រជាមានិតដោយ ប្រគល់រាជសិទ្ធិ ប្រមុខរដ្ឋស្ដីទីជូន សម្ដេច សាយ ឈុំ ដែលមានឋានៈជាប្រធានព្រឹទ្ធសភា ។
ព្រះរាជដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ របស់ព្រះអង្គគិតចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៦ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន ។
នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្របានបញ្ជាក់ថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ គឺសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយការងាររបស់ព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ។
ជាមួយគ្នានេះ ព្រះរាជសាររបស់ព្រះមហាក្សត្រ ក៏បានសរសេររៀបរាប់ ប្រាប់ជនរួមជាតិអំពីអវត្តមានរបស់ព្រះអង្គ ដែលក្នុងនោះ ព្រះអង្គ បានជូនពរ ជនរួមជាតិដោយពររបស់ព្រះពុទ្ធ គឺ សូមឱ្យជនរួមជាតិ ទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ត្រូវបានអ្នកសង្កេតការណ៍មួយចំនួន មើលឃើញថា ព្រះអង្គជាមហាក្សត្រ ដែលមិនមានសកម្មភាពខាងនយោបាយ ដូចបិតា ព្រះអង្គ អតីត ព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទ នរោត្តម សីហនុ នោះទេ ៕