ភ្នំពេញ៖ មន្ត្រីគ.ជ.បម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ ត្រូវទៅជួបលោក នី ចរិយា នៅព្រឹកនេះ ដើម្បីសួរសុខទុក្ខ ខណៈអគ្គលេខាធិការរងគ.ជ.ប រូបនេះកំពុងឃុំខ្លួន នៅមន្ទីរឃុំឃាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីនាង ខុម ចាន់តារាទី ហៅស្រីមុំ ។
តាមប្រភពដដែលនេះ ប្រតិភូ ទៅជួបលោក នី ចរិយា មានចំនួន ៦រូប ក្នុងនោះមន្ត្រីជាន់ខ្ពស់គ.ជ.ប ៤រូប និងអ្នកច្បាប់ ២រូប ហើយក្រុមប្រតិភូនេះដឹកនាំដោយលោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប ។
លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេត នៃសមាគមអាដហុក ត្រូវបាននាំទៅឃុំខ្លួន នៅមន្ទីរឃុំឃាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ឧសភា ក្រោមបទចោទ សមគំនិត សូកប៉ាន់ សាក្សី ករណីនាង ខុម ចាន់តារាទី សង្ស័យថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលរងការនាំខ្លួនមកកាន់តុលាការ ។
ករណី នាងខុម ចាន់តារាទី ក៏មាន មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ចំនួន៤រូបទៀត ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ករណី សូកប៉ាន់សាក្សី ក្នុងសំនុំរឿង របស់ស្ត្រីម្នាក់នេះដែរ ៕