ភ្នំពេញ៖ ឆ្លើយតបទៅនឹងការឡើងរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាមហាជនលើករណីឱ្យតុលាការបន្តនីតិវិធី លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺនៅថ្ងៃទី១ មិថុនានេះ អ្នកនាំពាក្យរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីម្តងទៀតថា ការអនុម័តឱ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា គឺត្រឹមត្រូវតាមច្បាប់ ហើយការអនុវត្តភារកិច្ចរបស់ខ្លួន រដ្ឋសភាមានសិទ្ធិបញ្ចេញមតិ និងអនុម័តដោយឯករាជ្យ ពុំទទួលការគាបសង្កត់ ឬបង្គាប់បញ្ជាពីនរណាឡើយ។ តែមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង និងអ្នកតាមដានស្ថានការនយោបាយ យល់ថាការសម្រេចរបស់រដ្ឋសភាគឺផ្ទុយទៅច្បាប់រដ្ឋធម្មនុញ្ញ។
ហេតុផលបីយ៉ាងដែលអ្នកនាំពាក្យរដ្ឋសភាអះអាងថា ត្រឹមត្រូវតាមច្បាប់ គឺដូចជាការអនុម័តបញ្ជាក់នូវការបញ្ចេញមតិរបស់សមាជិករដ្ឋសភា៦៨រូបមិនបានជំទាស់តុលាការ ចោទប្រកាន់ លោកកឹម សុខា ដោយយល់ឃើញថា លោកកឹម សុខា ពិតជាបានប្រព្រឹត្តបទល្មើសជាក់ស្តែងពិតប្រាកដមែន។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា គេត្រូវគាំទ្រឱ្យតុលាការបន្តនីតិវិធី ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំ ពាក្យរដ្ឋសភាបន្តថា វិធានការរបស់តុលាការគឺស្របនឹងបទបញ្ញត្តិនៃមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ និងត្រូវបានចាត់ទុកជាបានការ ព្រោះស្របតាមបទបញ្ញត្តិនៃប្រការ ៤១ ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ។
ក្នុងសេចក្តីថ្លែងដដែលនេះ អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់បន្ថែមថា ករណីស្នើឱ្យផ្អាកការចោទប្រកាន់ លោក កឹម សុខា នាពេលនេះពុំអាចទទួលបានការគាំទ្រតាមការកំណត់របស់ច្បាប់ឡើយ ព្រោះគណបក្សសង្គ្រោះជាតិដែលគាំទ្រឱ្យផ្អាកការចោទប្រកាន់មានតែ ៣៧នាក់ ចំណែកឯសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា ៦៨ រូបសុទ្ធតែគាំទ្រឱ្យតុលាការបន្តនិតិវិថីរបស់ខ្លួន ។
តែបែបនេះក្ដី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០១ មិថុនាថា ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋសភា គឺបានរំលោភទៅលើច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។ លោកបន្តថា ការអនុវត្តច្បាប់ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញនេះ គឺជាការរំលោភធ្ងន់ធ្ងរទៅលើច្បាប់ ហើយក៏ជាការប្រមាថទៅលើប្រជាជាតិ និងប្រជាពលរដ្ឋដែលបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផងដែរ។ លោក សុន ឆ័យ មានប្រសាសន៍៖ «បទល្មើសព្រហ្មទណ្ឌជាក់ស្តែងក៏យើងបានជជែកច្រើនដែន មិនមែនគ្រាន់តែអ្នកតំណាងរាស្ត្រមិនចូលទៅឆ្លើយសំណួរតុលាការ អាចចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងបកស្រាយតាមអំពើចិត្តបែបនេះគឺជាកំហុសធ្ងន់ធ្ងរ..»។
កាលពីថ្ងៃទី២៩ ខែឧសភា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានស្នើសុំឱ្យរដ្ឋសភាការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ និងការពារតម្លៃរបស់ស្ថានប័ននីតិប្បញ្ញត្តិ ដោយមិនត្រូវធ្វើអ្វីរំលោភនីតិវិធីបទប្បញ្ញតិ និងច្បាប់ជាពិសេសរំលោភលើរដ្ឋធម្មនុញ្ញ តាមតែការគាបសង្កត់ បង្គាប់បញ្ជាពីស្ថាប័នផ្សេង ដែលផ្ទុយពីគោលការណ៍នៃមាត្រា ៥១ ថ្មីនៃរដ្ឋធម្មនុញ្ញ ។
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានអះអាងថារដ្ឋសភាមិនមានសិទ្ធិក្នុងការអនុម័តដោយមតិភាគច្រើនដាច់ខាត ដើម្បីអនុញ្ញាតឱ្យតុលាការបន្តនិតិវិធី ធ្វើការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ទៅលើអ្នកតំណាងរាស្ត្រណាម្នាក់ឡើយ ព្រោះតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ មិនអនុញ្ញាត ឱ្យរដ្ឋសភា មានសិទ្ធិប្រជុំសម្រេចអ្វីក្រៅតែពីករណីការអនុម័តតាមមតិភាគច្រើន ពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ដើម្បីឱ្យព្យួរអភ័យឯកសិទ្ធិសមាជិកណាម្នាក់នៃរដ្ឋសភា និងករណីមួយទៀត ការអនុម័តដោយមតិបីភាគបួនដើម្បីឱ្យផ្អាកការចោតប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិករដ្ឋសភា ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានប្រាប់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺមិនត្រឹមត្រូវនោះទេ គ្រាន់តែជាការលើកឡើងដើម្បីការពារមិនឱ្យមានការចោទប្រកាន់ពីលើលោក កឹម សុខា តែប៉ុណ្ណោះ។ លោកថា អ្វីដែលរដ្ឋសភាបានធ្វើគឺត្រឹមត្រូវតាមច្បាប់។
លោក ឡេង ប៉េងឡុង មានប្រសាសន៍បន្ថែមថា គណបក្សសង្គ្រោះជាតិមិនអាចការពារលោក កឹម សុខាពីការចោទប្រកាន់បាននោះទេ ព្រោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានតែ៥៥រូប ហើយក្នុងញត្តិដែលស្នើទៅកាន់ប្រធានរដ្ឋសភាឱ្យផ្អាកការចោទប្រកាន់ទៅលើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានតែ ៣៦ រូបប៉ុណ្ណោះ រីឯតំណាងរាស្ត្រទាំង ៦៨ របស់គណបក្សប្រជាជនកម្ពុជា សុទ្ធគាំទ្រឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួន។
ជុំវិញបញ្ហានេះដែរលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិច មានប្រសាសន៍ថា ការប្រជុំអនុម័តរបស់សមាជិករដ្ឋសភាទាំង ៦៨ រូបរបស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមត្រូវតាមមាត្រា ៨០នោះទេ។ លោកថា មាត្រា ៨០នៃរដ្ឋធម្មនុញគឺនិយាយពីករណីប្រសិនបើមានបទល្មើស តុលាការ ឬក្រសួងយុត្តិធម៌ស្នើមក គឺសមាជិកប្រជុំយកសំលេងពីរភាគបី ដើម្បីព្យួរអភ័យឯកសិទ្ធិ ក្នុងការបន្តថាការចាត់ការ មិនមែនសមាជិកតែ ៦៨នាក់ អាចអនុម័តឱ្យបន្តនីតិវិធីបាននោះទេ ។
យ៉ាងណាក្តី នាយកប្រតិបត្តិអង្គការនិចហ្វិចរូបនេះ បានអំពាវនាវឱ្យគណបក្សទាំងពីរងាកមករកវប្បធម៌សន្ទនាវិញ ដើម្បីធ្វើឱ្យបរិយាកាសមានភាពស្ងប់ស្ងាត់មកវិញ ។ លោក សំ គន្ធាមី ៖«ការទាស់ទែងវាធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងដំណើរការនាពេលបោះឆ្នោតក្នុងពេលខាងមុខហ្នឹង ជាពិសេសឆ្នាំ២០១៧ និង២០១៨ » ។
សូមបញ្ជាក់ថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដោយសារលោកមិនបានចូលទៅបំភ្លឺនៅតុលាការចំនួនពីរលើកតាមដីកាកោះហៅទាក់ទិននឹងសំណុំរឿងស្នេហារវាងលោក និងអ្នកនាងខុម ចាន់តារាទីហៅស្រីមុំ ៕