en     km
en     km

អ្នកនាំពាក្យ​​​រដ្ឋសភាថា តុលាការ​​បន្តនីតិវិធីលើ​លោក កឹម សុខា គឺត្រឹមត្រូវតែបក្សប្រឆាំងថារំលោភរដ្ឋធម្មនុញ្ញ

Share

ភ្នំពេញ៖ ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​មហាជន​លើ​ករណី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​ លើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​នៅ​ថ្ងៃ​ទី​១​ មិថុនា​នេះ​ អ្នកនាំពាក្យ​រដ្ឋសភា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ ការ​អនុម័ត​ឱ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក​ កឹ​ម​ សុខា​ គឺ​ត្រឹមត្រូវ​តាម​ច្បាប់​ ហើយ​ការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ រដ្ឋសភា​មាន​សិទ្ធិ​បញ្ចេញមតិ​ និង​អនុម័ត​ដោយ​ឯករាជ្យ​ ពុំ​ទទួល​ការ​គាបសង្កត់​ ឬ​បង្គាប់បញ្ជា​ពី​នរណា​ឡើយ​។​ តែ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សប្រឆាំង​ និង​អ្នក​តាមដាន​ស្ថាន​ការ​នយោបាយ​ យល់​ថា​ការ​សម្រេច​របស់​រដ្ឋសភា​គឺ​ផ្ទុយ​ទៅ​ច្បាប់រដ្ឋធម្មនុញ្ញ​។​

kem-sokha-text
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

​ហេតុផល​បី​យ៉ាង​ដែល​អ្នកនាំពាក្យ​រដ្ឋសភា​អះអាង​ថា​ ត្រឹមត្រូវ​តាម​ច្បាប់​ គឺ​ដូច​ជា​ការ​អនុម័ត​បញ្ជាក់​នូវ​ការ​បញ្ចេញមតិ​របស់​សមាជិក​រដ្ឋសភា​៦៨​រូប​មិន​បាន​ជំទាស់​តុលាការ​ ចោទប្រកាន់​ លោក​កឹ​ម​ សុខា​ ដោយ​យល់​ឃើញ​ថា​ លោក​កឹ​ម​ សុខា​ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ពិតប្រាកដ​មែន​។​ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋសភា​ គេ​ត្រូវ​គាំទ្រ​ឱ្យ​តុលាការ​បន្ត​នីតិវិធី ​។​

​សេចក្តីថ្លែងការណ៍​របស់​អ្នក​នាំ​ ពាក្យ​រដ្ឋសភា​បន្ត​ថា​ វិធានការ​របស់​តុលាការ​គឺ​ស្រប​នឹង​បទបញ្ញត្តិ​នៃ​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ និង​ត្រូវ​បាន​ចាត់ទុកជា​បានការ​ ព្រោះ​ស្រប​តាម​បទបញ្ញត្តិ​នៃ​ប្រការ​ ៤១​ ថ្មី​នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ​។

​ក្នុង​សេចក្តី​ថ្លែង​ដដែល​នេះ​ អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​បន្ថែម​ថា​ ករណី​ស្នើ​ឱ្យ​ផ្អាក​ការ​ចោទប្រកាន់​ លោក​ កឹ​ម​ សុខា​ នា​ពេល​នេះ​ពុំ​អាច​ទទួល​បានការ​គាំទ្រ​តាម​ការ​កំណត់​របស់​ច្បាប់​ឡើយ​ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គាំទ្រ​ឱ្យ​ផ្អាក​ការ​ចោទប្រកាន់​មាន​តែ​ ៣៧​នាក់​ ចំណែកឯ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ៦៨​ រូប​សុទ្ធតែ​គាំទ្រ​ឱ្យ​តុលាការ​បន្ត​និ​តិ​វិ​ថី​របស់​ខ្លួន​ ។

​តែ​បែប​នេះ​ក្ដី​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុ​ន​ ឆ័​យ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​០១​ មិថុនា​ថា​ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​ គឺ​បាន​រំលោភ​ទៅ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​។​ លោក​បន្ត​ថា​ ការ​អនុវត្ត​ច្បាប់​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់រដ្ឋធម្មនុញ​នេះ​ គឺជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ ហើយ​ក៏​ជា​ការ​ប្រមាថ​ទៅ​លើ​ប្រជាជាតិ​ និង​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ផង​ដែរ​។​ លោក​ សុ​ន​ ឆ័​យ​ មាន​ប្រសាសន៍​៖​ «​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ក៏​យើង​បាន​ជជែក​ច្រើន​ដែន​ មិនមែន​គ្រាន់តែ​អ្នកតំណាង​រាស្ត្រ​មិន​ចូល​ទៅ​ឆ្លើយ​សំណួរ​តុលាការ​ អាច​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​បកស្រាយ​តាម​អំពើ​ចិត្ត​បែប​នេះ​គឺជា​កំហុស​ធ្ងន់ធ្ងរ​..»​។​

​ ​

​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋសភា​ការពារ​អភ័យឯកសិទ្ធិ​សភា​របស់​តំណាងរាស្ត្រ​ និង​ការពារ​តម្លៃ​របស់​ស្ថាន​ប័ន​នីតិប្បញ្ញត្តិ​ ដោយ​មិន​ត្រូវធ្វើ​អ្វី​រំលោភ​នីតិវិធី​បទ​ប្បញ្ញតិ​ និង​ច្បាប់​ជា​ពិសេស​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ តាមតែ​ការ​គាបសង្កត់​ បង្គាប់បញ្ជា​ពី​ស្ថាប័ន​ផ្សេង​ ដែល​ផ្ទុយ​ពី​គោលការណ៍​នៃ​មាត្រា​ ៥១​ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ​។​

​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​រដ្ឋសភា​មិន​មាន​សិទ្ធិ​ក្នុង​ការ​អនុម័ត​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​ ដើម្បី​អនុញ្ញាត​ឱ្យ​តុលាការ​បន្ត​និ​តិ​វិធី​ ធ្វើការ​ចោទប្រកាន់​ ការ​ចាប់ខ្លួន​ ការ​ឃាត់ខ្លួន​ ឬ​ការ​ឃុំខ្លួន​ ទៅ​លើ​អ្នកតំណាង​រាស្ត្រ​ណា​ម្នាក់​ឡើយ​ ព្រោះ​តាម​មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​ មិន​អនុញ្ញាត​ ឱ្យ​រដ្ឋសភា​ មាន​សិទ្ធិ​ប្រជុំ​សម្រេច​អ្វី​ក្រៅ​តែ​ពី​ករណី​ការ​អនុម័ត​តាម​មតិ​ភាគច្រើន​ ពីរ​ភាគ​បី​ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​ ដើម្បី​ឱ្យ​ព្យួរ​អភ័យឯកសិទ្ធិ​សមាជិក​ណា​ម្នាក់​នៃ​រដ្ឋសភា​ និង​ករណី​មួយទៀត​ ការ​អនុម័ត​ដោយ​មតិ​បី​ភាគ​បួន​ដើម្បី​ឱ្យ​ផ្អាក​ការ​ចោត​ប្រកាន់​ ការ​ចាប់ខ្លួន​ ការ​ឃាត់ខ្លួន​ ឬ​ការ​ឃុំខ្លួន​សមាជិក​រដ្ឋសភា​ ។​

លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​រដ្ឋសភា​បាន​ប្រាប់​ថា​ ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​ គ្រាន់តែ​ជា​ការ​លើក​ឡើង​ដើម្បី​ការពារ​មិន​ឱ្យ​មានការ​ចោទប្រកាន់​ពីលើ​លោក​ កឹ​ម​ សុខា​ តែ​ប៉ុណ្ណោះ​។​ លោក​ថា​ អ្វី​ដែល​រដ្ឋសភា​បាន​ធ្វើ​គឺ​ត្រឹមត្រូវ​តាម​ច្បាប់​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ មាន​ប្រសាសន៍​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ការពារ​លោក​ កឹ​ម​ សុខា​ពី​ការ​ចោទប្រកាន់​បាន​នោះ​ទេ​ ព្រោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តែ​៥៥​រូប​ ហើយ​ក្នុង​ញត្តិ​ដែល​ស្នើ​ទៅ​កាន់​ប្រធានរដ្ឋសភា​ឱ្យ​ផ្អាក​ការ​ចោទប្រកាន់​ទៅ​លើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​តែ​ ៣៦​ រូប​ប៉ុណ្ណោះ​ រីឯ​តំណាងរាស្ត្រ​ទាំង​ ៦៨​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ សុទ្ធ​គាំទ្រ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​៖«​រដ្ឋសភា​ដែល​អនុម័ត​ឱ្យ​បន្ត​ហ្នឹង​ ហើយ​សម្តេច​លោក​បាន​សួរ​ដែរ​ សួរ​ថា​មាន​អ្នក​ណា​ឱ្យ​ផ្អាក​ ប៉ុន្តែ​គ្មាន​អ្នក​ណា​គេ​ឱ្យ​ផ្អាក​ទេ​។​ហើយ​ទោះបីជា​យ៉ាងណា​យើង​ក៏​មិន​អាច​រក​ ៩៣​ សំលេង​ដើម្បី​ផ្អាក​ការ​ចោទប្រកាន់​បាន​ទេ​ ដូច្នេះ​ហើយ​រដ្ឋសភា​ដែល​ធ្វើ​និ​តិ​វិធី​ដែល​នឹង​អនុម័ត​ឱ្យ​បន្ត​នីតិវិធី​ គឺ​ស្រប​តាម​មាត្រា​៨០​ទាំងស្រុង​» ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ ការ​ប្រជុំ​អនុម័ត​របស់​សមាជិក​រដ្ឋសភា​ទាំង​ ៦៨​ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ត្រឹមត្រូវ​តាម​មាត្រា ​៨០​នោះ​ទេ​។​ លោក​ថា​ មាត្រា​ ៨០​នៃ​រដ្ឋធម្មនុញ​គឺ​និយាយ​ពី​ករណី​ប្រសិនបើ​មាន​បទល្មើស​ តុលាការ​ ឬ​ក្រសួងយុត្តិធម៌​ស្នើ​មក​ គឺ​សមាជិក​ប្រជុំ​យក​សំលេង​ពីរ​ភាគ​បី​ ដើម្បី​ព្យួរ​អភ័យឯកសិទ្ធិ​ ក្នុង​ការ​បន្ត​ថា​ការ​ចាត់ការ​ មិនមែន​សមាជិក​តែ​ ៦៨​នាក់​ អាច​អនុម័ត​ឱ្យ​បន្ត​នីតិវិធី​បាន​នោះ​ទេ​ ។​​

យ៉ាងណា​ក្តី​ នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​រូប​នេះ​ បាន​អំពាវនាវ​ឱ្យ​គណបក្ស​ទាំង​ពីរ​ងាក​មក​រក​វប្បធម៌​សន្ទនា​វិញ​ ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​មាន​ភាព​ស្ងប់ស្ងាត់​មក​វិញ​ ។​ លោក​ សំ​ គ​ន្ធា​មី​ ៖«​ការ​ទាស់ទែង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ក្នុង​ដំណើរការ​នា​ពេល​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ហ្នឹង​ ជា​ពិសេស​ឆ្នាំ​២០១៧​ និង​២០១៨​ »​ ​

​សូម​បញ្ជាក់​ថា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​តាម​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ​ ដោយសារ​លោក​មិន​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំនួន​ពីរ​លើក​តាម​ដីកា​កោះហៅ​ទាក់ទិន​នឹង​សំណុំរឿង​ស្នេហា​រវាង​លោក​ និង​អ្នក​នាង​ខុ​ម​ ចាន់​តារា​ទី​ហៅ​ស្រី​មុំ​ ៕

Share

Image
Image
Image