អគ្គិសនីកម្ពុជាហៅកាត់ថា (EDC) បានចេញសេចក្តីជូនដំណឹងមួយបំភ្លឺចំពោះប្រជាពលរដ្ឋ ដែលបានចោទអគ្គិសនីកម្ពុជាថាបានកែច្នៃនាឡិកាស្ទង់ ឬកុងទ័រភ្លើងធ្វើឲ្យចំនួននៃការប្រើប្រាស់ឡើងខុសប្រក្រតី។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងកាលពីថ្ងៃទី០៧ កក្កដា ម្សិញមិញនេះ។
នៅក្នុងសេចក្តីប្រកាសនោះ បានសរសេរថា នាឡិការស្ទង់ដែលជាជញ្ជីងសម្រាប់ទូទាត់នោះ អគ្គិសនីកម្ពុជាមិនបានប៉ះពាល់ ឬលួចកែនាឡិការស្ទង់នេះទេ ព្រោះនាឡិការទាំងអស់សុទ្ធតែមានប្លុមបេ ដោយរោងចក្រផលិតពីក្រៅប្រទេសទាំងអស់ ដូច្នេះកុងទ័រភ្លើងមិនត្រូវបានប៉ះពាល់ដោយអគ្គិសនីកម្ពុជាជាដាច់ខាត។
ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងស្របពេលដែលមានប្រជាពលរដ្ឋជាច្រើនបានរិះគន់ ចំពោះការដាច់ភ្លើងជាញឹកញាប់ធ្វើឲ្យកុងតាក់ភ្លើងឡើងគីឡូ និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់មួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក ត្រឹង លីម ជាជាងរថយន្តបានលើកឡើងថា លោកប្រើភ្លើងមួយខែអស់ជាងបីរយគីឡូ ដែលប្រើលើឧបករណ៍ដូចជា ម៉ាស៊ីនត្រជាក់ កង្ហារ និងឧបករណ៍ជួសជុលឡាន។ លោកថាប្រជាពលរដ្ឋនៅទីនេះស្ទើរតែទាំងអស់ មានបញ្ហាកុងទ័រឡើងភ្លើងខុសប្រក្រតី ហើយលោកធ្លាប់ទៅសួរនាំអគ្គិសនីដែរ តែអគ្គិសនីកម្ពុជាឆ្លើយយកតែរួចខ្លួន។
រីឯលោក ថេង សុហួន ជាម្ចាស់ផ្ទះជួល ដែលជាប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក៏បានលើកឡើងដែរថា« ឱ្យតែដាច់ភ្លើងដឹងថា ភ្លើងឡើងរហូតដល់៣០ ទៅ៤០គីឡូ។ ធ្លាប់មួយខែអស់ ១៥០ ទៅ ១៦០ ដុល្លារ ឥឡូវឡើងដល់ ២០០ ដុល្លារ។
ផ្ទះរបស់ខ្ញុំជាធម្មតាប្រើភ្លើងអស់១៥០គីឡូវ៉ាត់ក្នុង១ខែ តែឥឡូវនេះ កុងទ័រភ្លើងឡើងរហូតដល់២០០គីឡូវ៉ាត់ឯណោះ»។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់២ម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ផ្ទះរបស់លោកនៅខែនេះ ប្រើភ្លើអស់ជាង១៨ម៉ឺនរៀល ដែលកន្លងទៅអស់ត្រឹមតែ ១៣ ម៉ឺនរៀលប៉ុនណោះ។ លោកហាក់សម្តែងការមិនពេញចិត្ត ចំពោះអគ្គិសនីកម្ពុជានោះទេ នៅពេលនេះ។
ជុំវិញការឡើងកុងទ័រភ្លើងខុសប្រក្រតីនេះ អគ្គិសនីកម្ពុជាសុំឲ្យប្រជាពលរដ្ឋដែលមានមន្ទិលសង្ស័យលើនាឡិការស្ទង់ អាចទំនាក់លេខទូរស័ព្ទលើ វិក័យបត្រប្រចាំខែ ឬទៅជួបភ្នាក់ងារទទួលអតិជននៅតាមបណ្តាខេត្តក្រុងទាំងអស់ក៏បាន។