en     km
en     km

សមត្ថកិច្ច​ពិនិត្យ​ស្នាម​ដៃ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ករណី​ថា​ក្លែងក្លាយ​បោកប្រាស់​ព្រះមហាក្សត្រ​

Share

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រី​ប្រាប់​ទៅ​ក្រសួងមហាផ្ទៃ​ ឱ្យធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្នាម​ដៃ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សង្ស័យ​ថា​មាន​មួយ​ចំនួន​ក្លែងក្លាយ​ ហើយ​ថា​ ជា​ការ​បោកប្រាស់​ព្រះមហាក្សត្រ​នាំ​ឱ្យ​មានទោស​។​ ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ផ្ញើ​ជូន​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ក្រោម​ការ​បង្គាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ករណី​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ជាង​ ១៧​ម៉ឺន​នាក់​ នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ស្នើ​សុំ​ព្រះរាជ​អន្ដរាគមន៍​ ពី​ព្រះមហាក្សត្រ​ គឺ​រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ និង​ស្រាវជ្រាវ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ម៉ត់ចត់​ ជុំវិញ​ការ​ស្នើ​សុំ​មួយ​នេះ​។​

 

 

CNRP_thum-c
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិផ្តិតមេដៃនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ

​សេចក្ដីជូនដំណឹង​របស់​រដ្ឋមន្ដ្រី​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ចុះ​នៅ​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ដដែល​ បានឱ្យ​ដឹង​ថា​ ការ​សម្រេច​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ស្នា​មេដៃ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ម៉ត់ចត់​បំផុត​នេះ​ គឺ​ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ប្រជាជន​ និង​បោកប្រាស់​ទាំង​ព្រះមហាក្សត្រ​។​

ចំណាត់ការ​របស់​រដ្ឋាភិបាល​ ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ និង​បណ្ដាញ​សង្គម​មួយ​ចំនួន​ បាន​ចុះ​ផ្សាយ​ ថា​ ក្នុង​ចំណោម​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះ​អង្គ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ជម្លោះ​នយោបាយ​ គឺ​មាន​មួយ​ចំនួន​សង្ស័យ​ថា​ក្លែងក្លាយ​ ហើយ​ថាបើ​ក្លែងក្លាយ​ គឺ​បោកប្រាស់​ព្រះមហាក្សត្រ​ ។​

វិទ្យុ​ស្ដ្រី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ ខៀវ​ សុភ័គ​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​ស្នា​មេដៃ​ក្លែងក្លាយ​ រួម​នឹង​ចំណាត់ការ​របស់​ក្រសួង​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ត្រូវធ្វើ​យ៉ាងណា​ដោយ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ​។​

​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នេះ​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អ៊ូ​ ច័ន្ទ​រិ​ទ្ធិ​ បានឱ្យ​ដឹង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ នៅ​ស្នាក់​ការ​បក្ស​(​កាលពី​ថ្ងៃ​៣១​ឧសភា​)​ថា​ ប្រសិនបើ​អាជ្ញាធរ​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​សង្ស័យ​ថា​ គណៈបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ស្នាម​មេដៃ​ក្លែងក្លាយ​មែន​ ឬ​យ៉ាងណា​នោះ​ គឺ​ អាច​ពិនិត្យ​ស្នា​មេដៃ​ទាំងអស់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដិត​នៅ​ក្នុង​ញត្តិ​បាន​គ្រប់ពេលវេលា​។​ លោក​ធានា​ថា​ នឹង​នាំ​ពលរដ្ឋ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​រឿង​នេះ​ឡើង​វិញ​។​ ​លោក​ អ៊ូ​ ចាន់​ឬ​ទ្ធិ​ ៖​ «​ខ្ញុំ​ ឃើញ​តាម​សារព័ត៌មាន​ បាទ​តាម​ព័ត៌មាន​ថា​ មាន​ភាព​មិន​ប្រក្រតី​ នូវ​ការ​ផ្ដិត​ញត្តិ​(​មេដៃ​)​ កន្លង​មកនេះ​ បើ​ជឿ​ថា​ មាន​ភាព​មិន​ប្រក្រតី​ ឥលូវ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ លោក​ អញ្ជើញ​មក​ទាំងអស់​ មក​មុខ​វាំង​ទាំងអស់​ មិន​ថា​១៧​ម៉ឺន​ ប៉ុន្មាន​ក៏​បាន​ដែរ​»​។​

ជុំវិញ​រឿង​នេះ​ដែរ​ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ សាស្ដ្រ​ចា​រ្យ​ មាស​ នី​ យល់​ឃើញ​ថា​ គណបក្សកាន់អំណាច​កំពុង​ប្រើ​យុទ្ធសាស្ដ្រ​បំបាក់ស្មារតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោក​ថា​ នេះ​ជា​យុទ្ធសាស្ដ្រ​ខ្ទប់ទ្វារ​វាយ​ឆ្កែ​។​ ​លោក​ មាស​ នី​ ៖«​នៅ​ក្នុង​បរិបទ​នៃ​នយោបាយ​បិទទ្វារ​វ៉ៃ​ឆ្កែ​នៅឡើយ​ទេ​ គឺថា​ចេញ​ច្រក​ណា​ក៏​ត្រូវ​តែ​មានរឿង​រ៉ាវ​។​ អ​ញ្ចឹ​ង​បានជា​ខ្ញុំ​កំពុងធ្វើការ​តាមដាន​ប្រៀបធៀប​ទៅ​លើ​ស្ថានការណ៍​នយោបាយ​រាល់​ថ្ងៃនេះ​ថា​តើ​វា​និង​អាច​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​ស្ថានភាព​ឆ្នាំ​ ១៩៩៧​ ដែល​អ្វីៗ​សុទ្ធតែ​មាន​អ្នក​ដែល​គេ​ត្រូវ​រៀបចំ​ ហើយ​ធ្វើការ​ពង្រីក​រឿង​តូច​អោយទៅ​ជា​ធំ​ រហូត​ដល់​ថ្ងៃមួយ​នោះ​ គឺ​គេ​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​កាន់កាប់​អំណាច​តទៅ​មុខ​»​។​

​ទាក់ទង​នឹង​ការ​យល់​ឃើញ​របស់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នេះ​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ដូចនេះ​ ដោយ​លោក​ថា​ នេះ​មិន​មាន​ជា​រឿង​អ្នក​ណា​បំបាក់ស្មារតី​អ្នក​ណា​នោះ​ទេ​ ប៉ុន្ដែ​ គឺជា​រឿង​ផ្លូវច្បាប់​ដែល​ត្រូវ​តាមដាន​។​ លោក​ថា​ បើសិនជា​គេ​រក​ឃើញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​បាន​ធ្វើ​ស្នាម​មេដៃ​ក្លែងក្លាយ​មែន​នោះ​ គឺ​ពលរដ្ឋ​ដែល​ផ្ដិត​ស្នាម​មេដៃ​នៅ​លើ​ញត្តិ​ រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ ​លោក​ សុខ​ ឥ​សាន្ដ​ ៖​“​ មាន​នរណា​បំបាក់​នរណា​ បើ​គាត់​ពិតប្រាកដ​មែន​ទៅ​បាក់​ធ្វើ​អី​ ស្មារតី​ហ្នឹង​ ក្រែង​រឹង​មាំ​?​ សម្លុត​មិន​ខ្លាច​ បំបែក​មិន​បែក​។​ ដូច្នេះ​ វា​អត់​មានអី​ទេ​ គាត់​មាន​ពាក្យស្លោក​និង​អនុវត្ត​ហើយ​ វា​មាន​បញ្ហា​អី​ត្រូវ​ព្រួយបារម្ភ​នោះ​ មាន​អ្នក​ណា​បំបាក់​អ្នក​ណា​ទេ​ បើសិនជា​ស្នា​មេដៃ​នោះ​វា​ត្រឹមត្រូវ​ គាត់​ត្រូវ​ គាត់​កាន់តែ​មាន​កិត្តិយស​ ហើយ​ឆ្លុះ​បញ្ចាំង​ថា​ អ្នកគាំទ្រ​ ឯកឧត្ដម​កឹ​ម​សុខា​ត្រឹមត្រូវ​ហើយ​ឥត​មាន​ក្លែងក្លាយ​ ក៏​ប៉ុន្ដែ​បើសិនណា​មាន​លក្ខណៈ​ដូច​វី​ដេ​អូ​ ឃី្ល​ប​ដែល​បាន​ចេញ​តាម​ហ្វេ​ស​ប៊ុ​ក​ពិតមែន​ សូម​អោយ​ពួក​គាត់​ទទួលខុសត្រូវ​ ចំពោះ​មុខ​ច្បាប់​»​​។​

បើ​ទោះជា​យ៉ាងណា​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​យុទ្ធនាការ​ថ្មី​មួយទៀត​ ដើម្បី​យក​ស្នាម​មេដៃ​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​ទៀត​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ ប៉ុន្តែ​ញត្តិ​ស្នាម​មេដៃ​លើក​នេះ​គឺ​មាន​សំណើ​ផ្សេង​ពី​មុន​បន្តិច​ ដោយ​ទទូច​ឱ្យ​ព្រះ​អង្គ​ជួយ​ការពារ​អភ័យ​ឯក​សភា​របស់​អ្នកតំណាង​រាស្ត្រ​ ហើយនឹង​ថ្វាយ​ញត្តិ​នេះ​ទៅ​ព្រះមហាក្សត្រ​មួយ​ខែ​ម្ដងៗ​៕

Share

Image
Image
Image