en     km
en     km

ចលនា​ខ្មែរឥស្លាម​ប្រកាស​ធ្វើ​បាតុកម្មអហិង្សា​ បើ​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​

Share

ភ្នំពេញ៖​ ​ប្រធាន​ចលនា​ខ្មែរឥស្លាម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​សមាជិក​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ ត្រៀម​ដើម្បី​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើ​មហា​បាតុកម្មអហិង្សា​ ប្រសិនបើ​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ប​ញ្ចូ​ន​ឲ្យ​តុលាការ​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​។​ នេះ​បើ​យោង​តាម​សេចក្តី​អំពាវនាវ​របស់​ប្រធាន​ចលនា​ខ្មែរឥស្លាម​ចុះ​ថ្ងៃ​ទី​ ០១​ ខែ​ មិថុនា​នេះ​ ។តែ​ទោះជា​យ៉ាងណា​ ចលនា​ខ្មែរឥស្លាម​សង្ឃឹមថា​ គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នឹង​បន្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​។​

 

Inslam-kem-sokha-WMC
ក្រុមចលនាខ្មែរឥស្លាមជួបសួរសុខទុក្ខលោក កឹម សុខា នៅទៅស្នាក់ការបក្ស ស្ថិតនៅសង្កាត់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី ៣១ ឧសភា។

​លោក​ អ៊ី​សា​ ឧស្មាន​ ប្រធាន​ចលនា​ខ្មែរឥស្លាម​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នេះ​ គឺ​មិន​ខ្លាច​ការ​ចាប់ខ្លួន​ បើ​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ មែន​នោះ​។​ ​លោក​ អ៊ី​សា​ ឧស្មាន​ និយាយ​ថា៖​«​ខ្ញុំ​មិន​ព្រួយបារម្ភ​ទេ​ ខ្ញុំ​ដាក់ចិត្ត​ដាក់​កាយ​ហើយ​ យើង​ត្រូវ​តែ​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ ព្រោះ​បាតុកម្ម​គឺជា​សិទ្ធិ​មួយ​ដែល​បាន​ចែក​នៅ​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​ច្បាស់​ណាស់​។​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បាតុកម្មអហិង្សា​នៅ​ពេល​ខ្លួន​មិន​ពេញចិត្ត​អ្វីមួយ​ អ​ញ្ចឹ​ង​អ្វី​ដែល​យើង​ធ្វើ​គឺ​បាតុកម្មអហិង្សា​មិន​លើស​ច្បាប់​បាន​កំណត់​ទេ​»​។​

​លោក​ ឧស្មាន​ បន្ត​ថា​លោក​ កឹ​ម​ សុខា​ បាន​ផ្តាំផ្ញើ​លោក​នៅ​ពេល​លោក​ចូល​ជួប​សួរសុខទុក្ខ​កាលពី​អង្គារ​ទី​ ៣១​ ឧសភា​ ដោយ​ឲ្យ​លោក​ប្រកាន់​ជំហរ​រឹង​មាំ​តស៊ូ​ដើម្បី​ទាមទារ​ការពារ​សិទ្ធិ​របស់​ខ្លួន​។​ លោក​ថា​ លោក​ កឹ​ម​ សុខា​ មិន​រត់គេច​ទៅ​ណា​នោះ​ទេ​ បើ​ទោះបីជា​មានការ​ប៉ុនប៉ង​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ក៏​ដោយ​។​

Inslam-kem-sokha-WMC1
ក្រុមចលនាខ្មែរឥស្លាម ពិភាក្សាការងារជាមួយលោក កឹម សុខា ជុំវិញគម្រោងធ្វើបាតុកម្ម​ ប្រសិនមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

​ជាមួយ​គ្នា​នេះ​ សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​សមាជិក​ សិស្ស​ និស្សិត​ និង​យុវជន​ទូ​ទាំង​ប្រទេស​ ឱ្យ​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ធ្វើ​បាតុកម្មអហិង្សា​ករណី​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ។​

ចំណែក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ ជា​ មុ​នី្ន​ និង​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​អំពាវនាវ​ដូចនេះ​ដែរ​ ឱ្យ​សមាជិក​របស់​ខ្លួន​ធ្វើ​បាតុកម្ម​ ឬ​កូដកម្ម​ មិន​ចូល​ធ្វើការ​ប្រ​សិន​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ។​

​តែ​បែប​នេះ​ក្ដី​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ឧត្តមសេនីយ​ ខៀវ​ សុ​ភ័​ក្រ​ ជុំវិញ​ ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​ចលនា​ខ្មែរឥស្លាម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ទូរស័ព្ទ​រោ​រិ៍​តែ​គ្មាន​អ្នក​លើក​ ។​ ប៉ុន្តែ​លោក​ឧត្តមសេនីយ​រូប​នេះ​ បាន​ប្រាប់​សារព័ត៌មាន​នានា​ថា​ បើ​ធ្វើ​បាតុកម្ម​ខុស​ ច្បាប់​ គឺ​សមត្ថកិច្ច​នឹង​បង្ក្រាប​។​

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ការ​ធ្វើ​បាតុកម្ម​ណាមួយ​ ដោយ​រួម​បាតុកម្ម​ប្រឆាំង​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ផង​ដែរ​គឺជា​សិទ្ធិ​របស់​ក្រុម​នោះ​ ប៉ុន្តែ​ប្រយ័ត្ន​អាជ្ញាធរ​បង្ក្រាប​ប្រសិនបើជា​ទ​ង្វើ​ខុសច្បាប់​ ។​

sok-eysan-WMC1
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចជាង ៣០ ឆ្នាំនៅកម្ពុជា

ដោយឡែក​សម្រាប់​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ពិនិត្យ​ឃើញ​ថា​ ចលនា​ខ្មែរឥស្លាម​ចូលរួម​នៅ​ក្នុង​វិស័យ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ ទំនងជា​ខ្មែរឥស្លាម​ទាំងនោះ​ មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដែល​ទឹកដី​ប្រទេស​ចម្ប៉ា​របស់​ពួក​គេ​បាត់បង់​រួច​ទៅ​ហើយ​។​
​លោក​ សូ​ ច​ន្ថា​ ៖«​ខ្ញុំ​មើលទៅ​ការ​ចូលរួម​ខ្មែរឥស្លាម​ដែល​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រយៈពេល​ថ្មី​នេះ​ ហើយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ អាច​ជា​មូលហេតុ​មួយ​ដែល​បងប្អូន​ជនជាតិ​ឥ​ស្លា​ម​ទាំង​អស់នោះ​បាន​គិត​ទៅ​ដល់​ជាតិ​ ជា​ពិសេស​រឿង​ជាតិ​ ទឹកដី​របស់​ខ្លួន​ ជា​ប្រទេស​របស់​ខ្លួន​បាន​បាត់បង​ទៅ​ហើយ​នោះ​ ដូច្នេះ​អ្វី​ដែល​ពួក​គាត់​ត្រូវ​ចូលរួម​គឺ​ការពារ​ទឹកដី​ ការពារ​ផលប្រយោជន៍​ជាតិ​ ព្រោះ​ជាវ​ត្តិ​សាស្ត្រ​គាត់​បាន​ជួប​រឿង​នេះ​ម្តង់​រួច​ហើយ​»​។​

​ទោះជា​យ៉ាងណា​អ្នកវិភាគ​ថា​ ករណី​របស់​លោក​ កឹ​ម​ សុខា​ ក្ដី​ ករណី​អ្នកតំណាង​រាស្ត្រ​ និង​សកម្មជន​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​ទាំង​ មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​កាន់​ និង​មន្ត្រី​គ​.​ជ​.​ប​ មួយ​រូប​ ទំនង​គឺជា​ ប្រធានបទ​មួយ​ជៀស​មិន​រួច​ ដែល​គណបក្សប្រឆាំង​ធំ​នេះ​ នឹង​លើកយក​ដាក់​លើ​តុ​ចរចារ​ជាមួយ​បក្ស​កាន់​អំណាច​ ប្រសិនបើ​ការ​ចរចា​រវាង​បក្ស​ទាំង​ ២​ អាច​ចាប់ផ្ដើម​មែន​នោះ​៕​

Share

ព័ត៌មានទាក់ទង

Image