ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានបើកអង្គប្រជុំកាលពីព្រឹកថ្ងៃអង្គារ៍ទី៣១ ដែលមានរបៀបវារៈបីចំណុច រួមមាន៖
ពិនិត្យសម្រេចលើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។
ការពិនិត្យសម្រេចលើសេចក្តីព្រាងផែនការសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ រួមមាន ប្រតិទិននៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងប្រតិទិននៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០១៦ ។
ចំពោះលទ្ធផលបន្ទាប់ពីពិភាក្សាគ្នារួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចចំណុចបីសំខាន់ៗរួមមាន៖ សម្រេចឯកភាពប្រកាសអោយប្រើជាផ្លូវការនូវបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី នៅឆ្នាំ ២០១៦ ដែលមាន ៦ ចំពូក ។ សម្រេចលើប្រតិទិននៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០១៦ ដែលកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៦ តទៅ ។ ក្នុងនោះដែរ សម្រេចលើប្រតិទិនជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅទីស្តីការ គ.ជ.ប ដោយត្រូវប្រកាសជ្រើសរើសចាប់ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។