en     km
en     km

សាលា​រាជធានី​ភ្នំពេញ​ឱ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ពិធីរាប់បាត្រ​រំលឹក​ខួប​ទឹកដី​កម្ពុជា​ក្រោម​

Share

ភ្នំពេញ៖ ​ក្រោយ​ពី​បើក​កិច្ចប្រជុំ​ កាលពី​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ រៀបចំ​ពិធីរាប់បាត្រ​ដោយ​មាន​អ្នកចូលរួម​ប្រហែល​ ២០០០​នាក់​ នៅ​វត្ត​ពោធិ៍​យា​រ៉ា​ម​ (​ហៅ​វត្ត​ចាស់​)​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ ជ្រោយចង្វា​។​

kam-puchakhrm-thum
រូបផែនទីទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ឱ្យវៀតណាមនៅឆ្នាំ ១៩៤៩ ។

​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ឃួ​ង​ ស្រេង​ អភិបាលរង​ នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​បាន​បញ្ជាក់​ថា​ សាលា​រាជធានី​ភ្នំពេញ​មិន​យល់​ទាស់​នោះ​ទេ​ ចំពោះ​ការ​ប្រារព្ធ​ពិធីរាប់បាត្រ​ព្រះ សង្ឃ​ចំនួន​ ១៩៤៩​អង្គ​ នៅ​វត្ត​ពោធិ៍​រាម​(​ហៅ​វត្ត​ចាស់​)​ នា​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​ ២០១៦​ ចាប់ពី​ម៉ោង​ ០៧​ និង​ ៣០​នាទី​ព្រឹក​ ដល់​ម៉ោង​ ១២​ថ្ងៃត្រង់​។​

​ប៉ុន្តែ​លោក​ទទូច​ថា​ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ​ សុ​វត្តិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ព្រមទាំង​ធ្វើ​ឱ្យ​ពិធី​នេះ​ដំណើរការ​ដោយ​រលូន​ នោះ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​សហការ​ឱ្យ​បាន​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក​​​ ថា​ច់​​ សេដ្ឋា ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ពិធីបុណ្យ​រាប់បាត្រ​ព្រះសង្ឃ​ ១៩៤៩​អង្គ​ នៅ​ថ្ងៃ​សៅរ៍​ ទី​04​ ខែមិថុនា​ខាង​មុខ​នេះ​ គឺ​ដើម្បី​រំឭក​ខួប​គម្រប់​ 67​ឆ្នាំ​ នៃ​ថ្ងៃ​ដែល​អាណាព្យាបាល​បារាំង​បាន​ដាក់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ (​យួន​)​ត្រួតត្រា​បន្ត​។​

​លោក​ ថា​ច់​ សេដ្ឋា​ បន្ត​ថា​ពិធី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​វីរ​ព្រះមហាក្សត្រ​ វីរ​សម​ណេ​រ​ និង​ វីរជន​ខ្មែរ​ស្នេហា​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ទឹកដី​ខ្មែរក្រោម​។​

​លោក​បាន​អំពាវនាវ​ឱ្យ​ព្រះសង្ឃ​ ព្រមទាំង​ជនរួមជាតិ​ទាំងអស់​ចូលរួម​កម្មវិធី​នេះ​ឱ្យ​បាន​ច្រើន​កុះករ​ ដើម្បី​បង្ហាញ​នូវ​ការ​កាន់ទុក្ខ​ ការ​ឈឺចាប់​នៃ​ការ​បាត់បង់​ទឹកដី​ និង​បង្ហាញ​ពី​ការ​គោរព​ដឹងគុណ​ចំពោះ​បុព្វបុរស​ដែល​បាន​លះបង់​ជីវិត​។​

​បារាំង​កាត់​ដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​គ្រប់គ្រង​នៅ​ថ្ងៃ​ទី​២១​ ឧសភា​ ឆ្នាំ​១៩៤៩​។​ រដ្ឋសភា​ប្រទេស​បារាំង​បាន​ប្រជុំ​គ្នា​ ដោយ​អនុម័ត​លើ​ជោគវាសនា​ទឹកដី​កូសាំងស៊ីន​ ដោយ​សម្រេច​ដាក់​ទឹកដី​កម្ពុជា​ក្រោម​ មាន​ចំនួន​ ២១​ ខេត្ត​ក្រុង​ និង​មាន​ទំហំ​ដី​ជាង​៦៨០០​គីឡូម៉ែត្រ​ក្រឡា​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​ បើ​ទោះ​ ជា​ពេល​នោះ​ តំណាង​គណៈប្រតិភូ​ខ្មែរ​ជំទាស់​យ៉ាងណា​ក៏​ដោយ​ ។​

​នៅ​ថ្ងៃ​ទី​ ៤​ មិថុនា​ ១៩៤៩​ ប្រធានាធិបតី​បារាំង​ Vincent​ Auriol​ បាន​ចុះ​ក្រឹ​ត​ច្បាប់​កាត់​ទឹកដី​កម្ពុជា​ទៅ​ក្នុង​ តំបន់​កូសាំងស៊ីន​ឱ្យ​វៀតណាម​គ្រប់គ្រង​ ។​ ចាប់ពី​ពេល​នោះ​មក​ ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​បំបែក​ចេញពី​ការ​គ្រប់គ្រង​របស់​ប្រទេស​កម្ពុជា​ ។​

​តាម​គេហទំព័រ​ Wikipedia​ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បច្ចុប្បន្ន​មាន​ប្រហែល​ ៧​ លាន​នាក់​៕​

 

Share

Image
Image
Image