ភ្នំពេញ៖ ក្រោយពីបើកកិច្ចប្រជុំ កាលពីថ្ងៃទី ៣១ ខែឧសភា សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម រៀបចំពិធីរាប់បាត្រដោយមានអ្នកចូលរួមប្រហែល ២០០០នាក់ នៅវត្តពោធិ៍យារ៉ាម (ហៅវត្តចាស់) ដែលមានទីតាំងស្ថិតនៅសង្កាត់ ជ្រោយចង្វា។
លិខិតរបស់សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរង នៅថ្ងៃទី៣១ ខែឧសភាបានបញ្ជាក់ថា សាលារាជធានីភ្នំពេញមិនយល់ទាស់នោះទេ ចំពោះការប្រារព្ធពិធីរាប់បាត្រព្រះ សង្ឃចំនួន ១៩៤៩អង្គ នៅវត្តពោធិ៍រាម(ហៅវត្តចាស់) នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ០៧ និង ៣០នាទីព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។
ប៉ុន្តែលោកទទូចថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើឱ្យពិធីនេះដំណើរការដោយរលូន នោះសមាគមខ្មែរកម្ពុជាក្រោមត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន។
លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោមបានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ពិធីបុណ្យរាប់បាត្រព្រះសង្ឃ ១៩៤៩អង្គ នៅថ្ងៃសៅរ៍ ទី04 ខែមិថុនាខាងមុខនេះ គឺដើម្បីរំឭកខួបគម្រប់ 67ឆ្នាំ នៃថ្ងៃដែលអាណាព្យាបាលបារាំងបានដាក់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាម (យួន)ត្រួតត្រាបន្ត។
លោក ថាច់ សេដ្ឋា បន្តថាពិធីនេះគឺធ្វើឡើងដើម្បីជាការឧទ្ទិសកុសលផលបុណ្យដល់វីរព្រះមហាក្សត្រ វីរសមណេរ និង វីរជនខ្មែរស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុទឹកដីខ្មែរក្រោម។
លោកបានអំពាវនាវឱ្យព្រះសង្ឃ ព្រមទាំងជនរួមជាតិទាំងអស់ចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញនូវការកាន់ទុក្ខ ការឈឺចាប់នៃការបាត់បង់ទឹកដី និងបង្ហាញពីការគោរពដឹងគុណចំពោះបុព្វបុរសដែលបានលះបង់ជីវិត។
បារាំងកាត់ដីកម្ពុជាក្រោមឱ្យវៀតណាមគ្រប់គ្រងនៅថ្ងៃទី២១ ឧសភា ឆ្នាំ១៩៤៩។ រដ្ឋសភាប្រទេសបារាំងបានប្រជុំគ្នា ដោយអនុម័តលើជោគវាសនាទឹកដីកូសាំងស៊ីន ដោយសម្រេចដាក់ទឹកដីកម្ពុជាក្រោម មានចំនួន ២១ ខេត្តក្រុង និងមានទំហំដីជាង៦៨០០គីឡូម៉ែត្រក្រឡាទៅឱ្យវៀតណាមគ្រប់គ្រង បើទោះ ជាពេលនោះ តំណាងគណៈប្រតិភូខ្មែរជំទាស់យ៉ាងណាក៏ដោយ ។
នៅថ្ងៃទី ៤ មិថុនា ១៩៤៩ ប្រធានាធិបតីបារាំង Vincent Auriol បានចុះក្រឹតច្បាប់កាត់ទឹកដីកម្ពុជាទៅក្នុង តំបន់កូសាំងស៊ីនឱ្យវៀតណាមគ្រប់គ្រង ។ ចាប់ពីពេលនោះមក ពលរដ្ឋខ្មែរត្រូវបានបំបែកចេញពីការគ្រប់គ្រងរបស់ប្រទេសកម្ពុជា ។
តាមគេហទំព័រ Wikipedia ពលរដ្ឋខ្មែរកម្ពុជាក្រោមបច្ចុប្បន្នមានប្រហែល ៧ លាននាក់៕