ភ្នំពេញ ៖ អង្គការសមាគមធាងត្នោត និងអង្គការភីនផលអ៊ីននីត(ភីន) នឹងរៀបចំព្រឹត្តិការណ៍ដែលមាន រយៈពេលមួយថ្ងៃកន្លះ ដើម្បីរៀបចំ «ទីក្រុងសម្រាប់កុមារ» នៅថ្ងៃទី ០១មិថុនា ជាទិវាកុមារអន្តរជាតិលើកទី៦៧ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ការរៀបចំព្រឹត្តិការណ៍ «ទីក្រុងសម្រាប់កុមារ» នេះក្នុងគោលបំណងលើកទឹកចិត្តកុមារឲ្យចេះគិតគូអំពីបរិស្ថានរស់នៅក្នុងទីក្រុង និងពិភាក្សាគ្នាអំពី «ទីក្រុងដ៏ស្រស់ស្អាត់សោភា» តាមរយៈគូរគំនូររបស់ពួកគេ ។ កុមារជាង១០០នាក់ រួមទាំងមាតាបិតាដែលរស់នៅក្នុងសហគមន៍ក្រីក្រមួយនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់កុមារក្នុងការ នាំមកនូវបំណងប្រាថ្នារបស់ពួកគេសម្រាប់លំនៅដ្ឋាន របស់ពួកគេអស់មួយជីវិត តាមរយៈសកម្មភាពសប្បាយ ។ វាមានន័យថា កុមារទាំងនេះនឹងបានដឹងតាំងពីខ្លួននៅកុមារភាពថា ពួកគេអាចមានសម្លេងក្នុងការអភិវឌ្ឍទីក្រុង ។
យោងតាមរបាយករណ៍អង្គការសមាគមធាងត្នោតចេញផ្សាយកាលពីឆ្នាំ ២១០៤ បង្ហាញថា កុមារនៅក្នុងសហគមន៍ចំនួន ៣៤០ ទីតាំងស្ថិតនៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញគឺ បានរស់នៅក្នុងស្ថានភាពលំបាក មិនទទួលបានទឹកស្អាតប្រើប្រាស់ កង្វះអនាម័យ កង្វះខាតសេវាគ្រប់គ្រងកាកសំណល់ និងគ្មានអគ្គីសនីប្រើប្រាស់ជាដើម ។
ចំណែករបាយការណ៍ស្រាវជ្រាវរបស់អង្គការភីនផលអ៊ីននីត (ភីន) កាលពីពេលកន្លងទៅ បានឲ្យដឹងថា រាល់កុមារ រស់នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញគឺ គ្មានអាហារហូបចុកគ្រប់គ្រាន់ មានភាពស្លេកស្លាំង ខ្សោយកម្លាំង និងមិនសូវពូកែ ។
នៅក្នុងឆ្នាំ ២០១៦នេះ អង្គការសមាគមធាងត្នោត និងអង្គការភីនផលអ៊ីននីត (ភីន) អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង និងវិទ្យាស្ថានបើកទូលាយបានចាប់ផ្តើមជំហានទី២ នៃកិច្ចសហប្រតិបត្តិការណ៍ «ទីក្រុងសម្រាប់យើងទាំងអស់គ្នា» របស់គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ដែលផ្តល់មូលនិធិដោយគណៈប្រតិភូសហគមន៍អឺរ៉ុប នៅក្នុងប្រទេសកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍នៃសាធារណៈឆែក ។
បច្ចុប្បន្នគម្រោងនេះ កំពុងអនុវត្តនៅក្នុងភូមិ សង្កាត់ច្រាំងចំរេះទី២ ជាសហគមន៍កំពុងប្រឈមនិងការបណ្តេញចេញ ។ នៅឆ្នាំបន្ទាប់ទៀត គម្រោងនេះ នឹងធ្វើនៅក្នុងតំបន់បឹងទំពុន ដោយធ្វើការជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវការវាយតម្លៃទាក់ទងទៅនិងការកាន់កាប់ដីធ្លីស្រប់ច្បាប់ និងរៀបចំផែនការទីក្រុងថ្មីកែលម្អសហគមន៍នៅនឹងកន្លែង ក្នុងគោលបំណង់ប្រើប្រាស់ដីធ្លីកាន់តែមានប្រសិទ្ធភាព ជៀសវាងការតាំងលំនៅថ្មីគ្មានការព្រមព្រៀងគ្នា ។
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតថ្លែងថា ទិវាកុមារអន្តរជាតិនេះ ជាឱកាសមួយ ដើម្បីឆ្លុះបញ្ចាំងអំពីសិទ្ធិ និងសុខមាភាពរបស់កុមារ ពិសេសអ្នករស់នៅក្នុងសហគមក្រីក្រក្នុងរាជធានីភ្នំពេញ ដែលស្ថិតក្នុងស្ថានភាពលំបាក និងប្រឈមការបណ្តេញចេញបានធ្វើឲ្យមានការគំរាមគំហែងដល់សិទ្ធិរស់នៅរបស់គួកគេ ។ លោកបន្តថា គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សគឺជាជំហានដ៏មានសារសំខាន់មួយ ដើម្បីឈានទៅទទួលបានសិទ្ធិសម្រាប់ប្រជាពលរដ្ឋរស់នៅក្នងរាជធានីភ្នំពេញ ដោយផ្តោតទៅលើការអភិវឌ្ឍក្នុងទីក្រុង ៕