ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ចាប់ផ្ដើមព្រួយបារម្ភអំពីស្ថានការណ៍ តានតឹង នយោបាយ នៅកម្ពុជា ដែលការចាប់អារម្មណ៍របស់មេដឹកនាំស្ថាប័នពិភពលោកនេះ ធ្វើឡើងទន្ទឹម នឹងសហភាពអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍មួយទទូចឱ្យ អាជ្ញាធរកម្ពុជា បញ្ចប់ការប្រើប្រព័ន្ធតុលាការ ចាត់ការលើ បក្សប្រឆាំង ។
ការថ្លែង របស់សហគមន៍អន្តរជាតិ ទាំង២នេះ ត្រូវបានមើល ជាការរួមគ្នាមួយទៀត ជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បាន ទទូចឱ្យ ភាគីនយោបាយខ្មែរ វិលមករកតុចរចារ ឡើងវិញ ។ តែបែបនេះក្ដី បក្សកាន់អំណាច អះអាងថា ស្ថានការណ៍នយោបាយនៅកម្ពុជាមិនតានតឹង ដូចការលើកឡើងរបស់ សហគមន៍អន្តរជាតិទាំងនេះទេ ហើយតុលាការនៅតែបន្តនីតិវិធីលើលោក កឹម សុខា តាមអំណាចឆន្ទានុសិទ្ធ ។លោក លៀ ស៊ីណា ជូនព័ត៌មាន៖
ទោះជាសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាពិតមែន តែមានខ្លឹមសារប្រហាក់ប្រហែលគ្នា ដោយទទូចឱ្យស្ដារប្រជាធិបតេយ្យ ឱ្យប្រក្រតីឡើងវិញ នៅមុនការបោះឆ្នោត នៅឆ្នាំ ក្រោយ ។
សេចក្ដីថ្លែងការណ៍របស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើឡើង តាមរយៈអ្នកនាំពាក្យរបស់លោក គឺ លោកស្រី Devi Palanivelu ដោយស្រង់មកចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី30ឧសភា ។
ចំណែកគណៈប្រតិភូសហភាពអឺរ៉ុប ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរដោយមានការយល់ព្រមជាមួយប្រមុខសហភាពអឺរ៉ុប នៃបេសកកម្មប្រចាំកម្ពុជា ។
ប្រមុខសហភាពអឺរ៉ុបបានសម្ដែងការសោកស្តាយ យ៉ាងជ្រាលជ្រៅបំផុតចំពោះការរីករាលដាលស្ថានការណ៍នយោបាយដ៏គ្រោះថ្នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានអំពាវនាវឱ្យបញ្ឈប់ចំពោះការរុកគួនតាមផ្លូវតុលាការ ប្រឆាំងនឹងប្រធានស្តីទីគណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល ។
សេចក្តីថ្លែងការណ៍ប្រមុខសហភាពអឺរ៉ុប៖ «យើងអំពាវនាវដល់អាជ្ញាធរកម្ពុជា អោយបន្តការសន្ទនាដោយសន្តិវិធី និងស្ថាបនាជាមួយគណបក្សប្រឆាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលយើងយល់ថា ជាលក្ខខណ្ឌជាមុនសម្រាប់ការបោះឆ្នោតស្របច្បាប់នាពេលខាងមុខ» ។
នៅចំពោះមុខអ្នកសារព័ត៌មាននៅមុខទីស្នាក់ការបក្ស នាព្រឹកថ្ងៃអង្គារនេះលោក អ៊េង ឆៃអ៊ាង តំណាងរាស្ដ្រសង្គ្រោះជាតិ បានថ្លែងសាទរ សហភាពអឺរ៉ុប ។ លោក បានហៅការចេញសេចក្ដីថ្លែងការណ៍របស់សភាពអឺរ៉ុបនេះគឺសបញ្ជាក់ឲ្យឃើញថា សហគមន៍អន្ដរជាតិកំពុងតែមើលឃើញពីការធ្វើទុក្ខបុកម្នេញ ពីគណបក្សកាន់អំណាចមកលើគណបក្សប្រឆាំងនិងសង្គមស៊ីវិល ។
លោក អ៊េង ឆៃអ៊ាង បង្ហាញជំនឿងថាស្ថានការណ៍តានតឹងនាពេលនេះនឹងធូស្រាលឡើងវិញដោយ សង្ឃឹមថា នឹងមានកិច្ចអន្ដរាគមន៍ពីព្រះហាក្សត្រ និង សហគមន៍អន្ដរជាតិដែលនឹងដាក់សម្ពាធមកលើគណកប្សកាន់អំណាចកាន់តែខ្លាំង ។
តែចំពោះលោក សុខ ឥសាន្ដ អ្នកពាក្យគណបក្សប្រជាជនកម្ពុជាវិញ មិនបានគាំទ្រ សេចក្ដីថ្លែងការណ៍របស់ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិនោះទេ ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃ អង្គារិ៍ ទី៣១នេះ លោក សុខ ឥសាន្ដ ថាតាមលោកមើលឃើញគឺជាច្រើនលើកច្រើនសារមកហើយពីបញ្ហាដែលកំពុងកើតមានឡើងសព្វថ្ងៃនេះ ។ លោកថានេះពុំមែនជាជម្លោះផ្នែកនយោបាយ ឬក៏គំនុំគុំគួនរវាងគណបក្សប្រជាជនកម្ពុជាជាមួយ និងគណបក្សសង្គ្រោះជាតិនោះទេ រឿងរ៉ាវទាំងនេះគឺជាការប្រព្រឹត្ដិខុសរបស់លោក កឹម សុខា ក៏ដូចជាអ្នកតំណាងរាស្ដ្ររបស់បក្សប្រឆាំងនេះដទៃទៀត ។
លោក សុខ ឥសាន្ដ មានប្រសាសន៍បន្ដថាលោកចង់ឲ្យសហភាពអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ ធ្វើការសិក្សាស្វែងយល់ពីច្បាប់កម្ពុជាឲ្យបានច្បាស់លាស់សិន មុនពេលបង្ហាញការគាំទ្រទៅកាន់ភាគីខាងណាមួយ ។ អ្នកនាំពាក្យបញ្ជាក់ថា បើទោះបីជាមានការអំពាវនាវមកកាន់កម្ពុជាពីសំណាក់បរទេសយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចដែលអនុវត្ដន៍ច្បាប់ដាច់ខាតមិនបញ្ឈប់និតិវិធីរបស់ខ្លួនទៅលើលោក កឹម សុខា ព្រោះជាសិទ្ធិរបស់តុលាការ ។
ជុំវិញវិបត្ដិនយោបាយដែលកំពុងតែមានភាពចម្រូងចម្រាស់គ្នាខ្លាំងដូចនេះ សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក សូ ចន្ថា យល់ឃើញថា ពុំមែនជាការប្រសើរទេដែលបក្សនយោបាយបន្ដការទាស់ទែងខ្វែងគំនិតគ្នាដូចនេះហើយអ្នករងគ្រោះពីជម្លោះអ្នកនយោបាយពិតប្រាកដ ពុំមែនអ្នកនយោបាយ គឺ ប្រទេសជាតិនិងពលរដ្ឋទៅវិញទេ ។ លោកថា ការចេញសេចក្ដីថ្លែងការរបស់អន្ដរជាតិពេលនេះគឺរាជរដ្ឋាភិបាលគួរតែពិចារណាឡើងវិញពីការស្វែងរក សន្ដិភាពពិតប្រាដកព្រោះអ្នកយោបាយសុទ្ធសឹងតែជាបុគ្គលចាស់ទុំ ហើយដំណោះស្រាយក៏គួរតែប្រើតាមវិធីសាស្ដ្រចាស់ទុំដូចគ្នាដែរ ។
លោក សូ ចន្ថា បញ្ជាក់ថា ប្រសិនជាស្ថានការណ៍នយោបាយនៅតែឡើងកម្ដៅបន្ដទៀតលោកជឿជាក់ថាកម្ពុជានឹងបាត់បង់សេដ្ឋកិច្ចកាន់តែខ្លាំងស្របពេល អ្នកវិនិយោគកំពុងត្រៀមខ្លួនចាកចេញទៅប្រទេសដទៃហើយនោះ ។
លោកទទូចឲ្យអ្នកនយោបាយគួររៀនសូត្រតាមប្រទេសធំៗ ដែលគេចេះផ្សះផ្សាប្រទេសជាតិរបស់គេ បើទោះបីជាមានបញ្ហាធំធេងយ៉ាងណាក៏ដោយ ។
តែយ៉ាងណាក៏ដោយ ការសម្ដែងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប និងលោក បាន គីមូនអង្គការសហប្រជាជាតិ គឺចង់មិនចង់ គឺជាការយោងចំពោះលិខិតរបស់អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ចំនួន៥៥ រូបដែលទទូចឱ្យមានការ កោះប្រជុំ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា១៩៩១ ឡើងវិញ ដែលបក្សប្រឆាំងធំជាងគេនេះថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា កំពុងដើរដល់ចំនុចគ្រោះថ្នាក់ ៕