loader

សម្ដេច​ ហ៊ុន​ សែន​ ក្រើន​រំ​ឮ​ក​ដល់​ស្ថាប័នរដ្ឋ​ចំនួន​ពីរ​ឱ្យ​ចាត់វិធានការ​ចំពោះ​ មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​

​ភ្មំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ក្រើន​រំ​ឮ​ក​ចំពោះ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ និង​សាលា​រាជធានី​ភ្នំពេញ​ ឱ្យ​ចុះ​ចាត់វិធានការ​លើ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​ បន្ទាប់​ពី​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ជា​ច្រើន​ឆ្នាំ​ មកនេះ​ ។​ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ សាទរ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដែល​ព្រមាន​បែប​នេះ​ ។​ ​លម្អិត​ព័ត៌មាន​នេះ​ ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ៖

 

preyspeu
មណ្ឌលព្រៃស្ពឺ គ្រប់គ្រងដោយសាលារាជធានីភ្នំពេញនិងក្រសួងសង្គមកិច្ច

​ថ្លែង​នៅ​ក្នុង​កម្មវិធី​ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ខួប​លើក​ទី​៦៧​ នៅ​សាលសន្និសីទ​កោះ​ពេជ្រ​ ព្រឹក​ថ្ងៃ​ទី​៣១​ឧសភា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ មណ្ឌល​កែប្រែ​មួយ​ ដែល​ត្រូវ​បាន​គេ​រិះគន់​ជា​ច្រើន​ឆ្នាំ​ថា​  រំលោភសិទ្ធិ​ និង​ជិះជាន់​លើ​សិទ្ធិ​មនុស្ស​នោះ​ គួរតែ​ត្រូវ​បាន​កែប្រែ​ ឬ​បិទ​ចោល​ ។​ លោក​ថា​ រឿង​នេះ​ ក្រសួង​សង្គមកិច្ច​ និង​សាលាក្រុង​ត្រូវ​ចាត់ចែង ។​​​

​លោក​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​៖«​ ខ្ញុំ​ ក៏​សូម​យក​ឱកាស​នេះ​ ដើម្បី​រំលឹក​ចំពោះ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទាន​ ក៏​ដូច​ជា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ចំពោះ​មណ្ឌល​មួយ​ដែល​ធ្លាប់​ល្បីឈ្មោះ​ហើយ​ មិន​ព្រម​កែប្រែ​ទាល់តែ​សោះ​ គឺ​ស្អី​ អា​មណ្ឌល​ស្អី​ ព្រៃ​ស្ពឺ​?​ ហេតុ​អ្វី​ បានជា​ប៉ុន្មាន​ឆ្នាំ​ហើយ​ កែ​វា​មិន​ឡើង​ ។​ នេះ​ជា​ចំនុច​ដែល​ខ្ញុំ​ចង់​សួរ​ សាលាក្រុង​គ្រប់គ្រង​ ឬ​ ក្រសួង​គ្រប់គ្រង​?​ គួរតែ​ត្រូវ​បាន​កែ​លម្អរ​វា​ ព្រោះ​គេ​និយាយ​ច្រើន​ណាស់​ បើ​ត្រូវ​បិទ​ក៏​បិទ​ទៅ​ មិន​ចាំបាច់​ទុក​គ្រាន់តែ​ចិញ្ចឹម​រឿង​ទេ​ »​ ។​​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​បន្ដ​ទៀត​ថា​ រាជរដ្ឋាភិបាល​ខិតខំ​ធានា​ដល់​សិទ្ធិ​ មនុស្ស​ ក៏​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​មណ្ឌល​កែប្រែ​មួយ​នេះ​  តែងតែ​រង​នូវ​ការ​ទិះ​តៀន​ ដែល​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ទទួល​នូវ​ភាព​ ល្អក់​ កករ​ ។​​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​ យើង​ខិតខំ​ធ្វើ​នូវ​សេវា​ ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​មនុស្ស​ ក៏​ប៉ុន្ដែ​ ផ្ទុយ​ទៅ​វិញ​មណ្ឌល​មួយ​នេះ​  តែង​រង​នូវ​ការ​ទិះ​តៀន​ ដែល​ធ្វើ​ឱ្យ​ ច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ បាន​ទទួល​នូវ​ភាពល្អក់​កករ​ ដោយសារ​តែ​មណ្ឌល​មួយ​នេះ​…»​ ។​​

​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ សម្ដេច​ ហ៊ុន​ សែន​ គឺ​កន្លង​មកនេះ​នៅ​ក្នុង​វេទិកា​ សាធារណៈ​មួយ​ និយាយ​ពី​កិច្ច​សន្ទនា​រវាង​រាស្ដ្រ​ និង​រដ្ឋ​ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​រួម​ ដែល​មាន​អ្នកចូលរួម​ ប្រមាណ​ជាង​១​ពាន់​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ពលរដ្ឋ​ដែល​ជា​ស្ដ្រី​រង​គ្រោះ​ក្នុង​របរ​ផ្លូវភេទ​ និង​ពលរដ្ឋ​ដែល​ ត្រូវ​បាន​ដាក់​ឃុំ​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​ ក៏​បាន​ទទូច​ហើយ​ ទទូច​ទៀត​ សុំ​អោយ​រដ្ឋាភិបាល​ អន្តរាគមន៍​ ជា​បន្ទាន់​ទៅ​លើ​មណ្ឌល​កែប្រែ​មួយ​នេះ​ ។​ អ្នកស្រី​រូប​នេះ​មានឈ្មោះ​ វ​ណ្ណី​ ។​​

​អ្នកស្រី​ មាន​ប្រសាសន៍​ថា​បញ្ហា​ដែល​កើត​មាន​ជា​ច្រើន​ នៅ​ក្នុង​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​ គួរតែ​បាន​កែប្រែ​ ។​ ស្ដ្រី​ ប្រក​របរ​រកស៊ី​ផ្លូវភេទ​ ដោយសារ​កត្តា​ជីវភាព​គ្រួសារ​បង្ខំ​រូប​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្នុង​វេទិកា​នោះ​ទៀត​ថា​ ពេល​ដែល​អ្នកស្រី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​ នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​រួច​មក​ អ្នកស្រី​ ត្រូវ​បាន​សមត្ថកិច្ច​នៅ​ទីនោះ​ ដាក់​ឃុំ​ឲ្យ​នៅ​ជាមួយ​មនុស្ស​ច្រើន​នាក់​ នៅ​ក្នុង​បន្ទប់​ឃុំ​តែ​មួយ​ ហើយ​រស់នៅ​ដូច​ជា​សត្វ​ធាតុ​ ។​

​​អ្នកស្រី​ វ​ណ្ណី​  ៖​ «​ មណ្ឌល​ហ្នឹង​ពិបាក​ណាស់​ លូក​លំ​គ្នា​ ប្រុស​ស្រី​ ប្រុស​ស្រី​ មិនដឹង​ស្អី​ ស្អី​ណា៎​ មួ​ស​ និយាយ​រួម​ទៅ​ គឺថា​ ផ្ទះ​មួយ​នៅ​ ហា​ហុកសិប​នាក់​ នៅ​អត់​កើត​ បង្គន់​ទឹក​អី​នៅ​ហ្នឹង​ទាំងអស់​»​ ។​​

​ទន្ទឹម​នឹង​នេះ​ដែរ​ គឺ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ ដា​នី​ ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នៅ​ទីនោះ​ដែរ​ ក៏​បាន​ថ្លែង​ថា​ គាត់​មិន​មាន​សំនូមពរ​អ្វី​ច្រើន​នោះ​ទេ​ គាត់​គ្រាន់តែ​សុំ​ឱ្យ​រដ្ឋាភិបាល​ ឈប់​បញ្ជូន​និង​ចាប់​ ឃុំ​ពលរដ្ឋ​ យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​ ជា​បន្ដ​ទៀត​ ។​

​​អ្នកស្រី​ ដា​នី​  ៖​ «​ ព្រោះ​ដាក់​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​ ដឹង​ស្រាប់​ហើយ​ អ្នក​ទៅ​ព្រៃ​ស្ពឺ​មួយៗ​ មក​វិញ​សុទ្ធតែ​ឈឺ​ស្លាប់​ អត់​មាន​ អី​ ញ៉ាំ​គ្រប់គ្រាន់​ទេ​ ហើយ​បើ​ចំ​អ្នកជំងឺ​ទៀត​ គ្នា​ដាច់​ថ្នាំលេប​ទៀត​ មួយ​ខែ​ពីរ​ខែ​ គ្នា​មាន​ថ្នាំ​ណា៎​ លេប​ ចឹ​ង​គ្នា​ត្រូវ​ស្លាប់»​  ។​​

​ជួប​ជាមួយ​តំណាង​សហគមន៍​អ្នក​ប្រកប​របរ​ផ្លូវភេទ​ និង​ស្ដ្រី​ ដែល​ធ្វើការ​នៅ​សេវា​កម្សាន្ត​ អ្នកស្រី​ ថា​រី​ មាន​ប្រសាសន៍​ថា​ វេទិកា​នៅ​ពេល​នេះ​ ក៏​ចាត់ទុកជា​ឱកាស​មួយ​ដល់​ពលរដ្ឋ​ អាច​បង្ហាញ​ពី​ផល​លំបាក​ និង​ការ​សំណូមពរ​របស់​ពួក​គេ​ ដាក់​ជូន​រដ្ឋាភិបាល​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គេ​ផង​ដែរ​ ព្រោះថា​ មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​មួយ​នេះ​ ពិតជា​បាន​រំលោភ​ដល់​សិទ្ធិ​ពួក​គាត់​យ៉ាងធ្ងន់ធ្ងរ​ ។​​

​អ្នកស្រី​ ថា​រី​៖«​កន្លង​មក​ ទាក់ទង​ទៅ​នឹង​ច្បាប់​ប​ង្រា្ក​ប​ការ​ជូ​ញ​ដូរ​ហ្នឹង​ គឹ​ប្រឈម​ខ្លាំង​ ចង់​និយាយ​ថា​ ច្បាប់​ហ្នឹង​ចេញ​ នៅ​ក្នុង​ឆ្នាំ​២០០៨​ ។​ អ៊ីចឹង​ច្បាប់​ហ្នឹង​មាន​បញ្ហា​ប៉ះពាល់​ នូវ​មាត្រា​មួយ​ចំនួន​ មក​លើ​ស្ដ្រី​ប្រកប​របរ​ ផ្លូវភេទ​ហ្នឹង​ ។​ ពេល​ដែល​ពួក​គាត់​ប្រកប​ហ្នឹង​ ចាប់​យក​ទៅ​ដាក់​នៅ​ ឃុំ​នៅ​មន្ទីរ​សង្គមកិច្ច​ នៅ​ខណ្ឌ​ ហើយ​ជា​ពិសេស​យក​ទៅ​ព្រៃ​ស្ពឺ​ ហើយ​កន្លែង​ព្រៃ​ស្ពឺ​ ជា​កន្លែង​មួយ​ដាក់​នៅ​លើ​ ផ្លា​ក​ហ្នឹង​ថា​ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មណ្ឌល​ប្រែ​ព្រៃ​ស្ពឺ​ ប៉ុន្ដែ​សម្រាប់​ធាតុ​ពិត​ នៅ​ក្នុង​មណ្ឌល​ហ្នឹង​ គឺ​យើង​ឃើញ​ថា​ មានការ​រំលោភសិទ្ធិ​មនុស្ស​ជា​ខ្លាំង​»​ ។​​

​ជុំវិញ​វិញ​រឿង​នេះ​ មន្ដ្រី​សិទ្ធិ​មនុស្ស​ ដែល​ធ្វើការ​តាមដាន​នូវ​រឿង​នេះ​ គឺ​ លោក​ អំ​ សំអាត​ ជា​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ​ បាន​សាទរ​ និង​អរគុណ​ ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ។​ តែ​លោក​ថា​ មណ្ឌល​កែប្រែ​មួយ​នេះ​ គឺ​ ពិតជា​ បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ។​

​លោក​ អំ​ សំអាត​ អះអាង​ថា​ មណ្ឌល​កែប្រែ​មួយ​នេះ​ មាន​តាំងពី​ការ​ធ្វើ​ទារុណកម្ម​ ការ​រំលោភ​ផ្លូវភេទ​ និង​ការ​ឃុំឃាំង​ ដោយ​ខុសច្បាប់​ ជា​ពិសេស​ទៀត​រហូត​ដល់​មាន​អ្នកខ្លះ​ស្លាប់​នៅ​ក្នុង​មណ្ឌល​ទៀត​ផង​ ។​​

​លោក​ អំ​ សំអាត​ ៖​ «​បា៎ទ​ជាដំបូង​គឺ​ សូម​អរគុណ​ នូវ​អនុសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ពីព្រោះ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ គឺ​អង្គការ​លី​ការ​ដូ​ យើង​បាន​ធ្វើការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​យើង​រក​ឃើញ​ថា​ មណ្ឌល​នេះ​ មានការ​រំលោភសិទ្ធិ​មនុស្ស​ ដូច​ជា​ពី​មុន​មក​ យើង​បាន​លើក​ឡើង​តាំងពី​ការ​ធ្វើ​ទារុណកម្ម​ កា​រំលោភ​ផ្លូវភេទ​ និង​ការ​ឃុំឃាំង​ដោយ​ខុសច្បាប់​ជាដើម​ ហើយ​ជា​ពិសេស​ទៀត​ អ្នក​ដែល​ឈឺ​ គឺ​ មិន​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​អោយ​បាន​ត្រឹមត្រូវ​ មាន​អ្នកខ្លះ​ស្លាប់​នៅ​ក្នុង​មណ្ឌល​ជាដើម​ ដែល​យើង​ឃើញ​ថា​មណ្ឌល​នេះ​ រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​យើង​ក៏​បាន​ស្នើ​សុំ​ឱ្យ​បិទ​មណ្ឌល​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ​ រហូត​ដល់​មាន​ប្រតិកម្ម​ ពី​ក្រសួង​…»​ ។​​

​គួរ​បញ្ជាក់​ថា​ មណ្ឌល​ព្រៃ​ស្ពឺ​ ជាទី​កន្លែង​ បណ្តុះបណ្តាល​ និង​អប់រំ​ដល់​អ្នក​គ្មាន​ផ្ទះសម្បែង​ អ្នក​សុំទាន​ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ និង​អ្នក​បំរើសេវា​កំសាន្ត​ ដែល​ត្រូវ​បាន​នគរបាល​ចាប់​ប្រមូល​បញ្ជូន​ទៅ​រស់នៅ​មណ្ឌល​នេះ​ ។​​

​កន្លង​មក​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចុះ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ដែរ​ ក្រោយ​ពី​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា​៣​នាក់​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x