ភ្នំពេញ៖ ភាពចម្រូងចម្រាសផ្លូវច្បាប់ករណីលោក កឹម សុខា កំពុងក្លាយជាចំណោទដ៏សំខាន់ ចំពោះការអនុវត្តនិតីរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ករណីរបស់លោក កឹម សុខា ត្រូវបានមើលឃើញថា គឺជាមេរៀនសម្រាប់អ្នកសិក្សាច្បាប់នៅកម្ពុជាយកមកធ្វើការពិភាក្សា និងចោទសួរគ្នា ខណៈដែលអ្នកច្បាប់ខាងតុលាការ ខាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ធ្វើការបកស្រាយមកមិនទាន់រកកន្លែងបញ្ចប់បានឡើយ។ នៅថ្ងៃនេះ សភាមកពីបក្សកាន់អំណាចបានបោះឆ្នោតអនុម័តផ្តល់អំណាចឱ្យតុលាការអនុវត្តនិតីវិធី លើលោក កឹម សុខា ប៉ុន្តែតំណាងរាស្ត្របក្សប្រឆាំង ដែលជាអ្នកតាក់តែងច្បារដ្ឋធម្មនុញ្ញដែរនោះ អះអាងថា លោក កឹម សុខា មិនបានធ្វើឱ្យមានកំហុសរហូតដល់មានទោសដល់ថ្នាក់ចាប់ខ្លួននោះទេ។ អ្នកតំណាងរាស្ត្របក្សប្រឆាំងអះអាងថា ទង្វើរបស់តុលាការ និងបក្សកាន់អំណាចកំពុងរំលោភលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដែលចែងការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។
តើការអះអាងខាងលើនេះ មួយណាមានអំណេះអំណាងគ្រប់គ្រាន់និងរឹងមាំស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ?
សូមស្តាប់ការវិភាគរបស់លោក កែវ សុខា ដូចតទៅ!
លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក កឹម សុខា លើកឡើងថា ការដែលតុលាការចោទប្រកាន់មកលើកលោក កឹម សុខា ប្រព្រឹត្តបទល្មើសជាក់ស្តែងក្រោមហេតុផលថាលោក កឹម សុខា មិនចូលខ្លួនទៅបំភ្លឺតាមដីកាកោះនោះ គឺមិនសមស្របនោះទេ ព្រោះថាបទល្មើសដែលតុលាការកោះហៅលោក កឹម សុខា នោះមិនមែនជាបទល្មើសជាក់ស្តែង។
លោក សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា បានដាក់លិខិតជូនតុលាការចំនួន៣លើកមកហើយ ជុំវិញមូលហេតុដែលកូនក្តីរបស់ខ្លួនមិនអាចចូលទៅបំភ្លឺក្នុងតុលាការបាន។ លោកថា ការជូនដំណឹងរបស់ក្រុមមេធាវីពីមូលហេតុសមស្របដែលលោក កឹម សុខា មិនអាចចូលខ្លួនបំភ្លឺក្នុងតុលាការ គឺកូនក្តីរបស់លោក គឺលោក កឹម សុខា គឺគ្មានទោសអ្វីដែលអាចឱ្យតុលាការចោទប្រកាន់ទៅជាបទល្មើសជាក់ស្តែងបាននោះទេ។ បញ្ជាក់ថាបានជូនដំណឹងទៅតុលាការបាន៣ដង គឺគ្រប់ពេល ដោយមានហេតុផលត្រឹមត្រូវ។ លោក សំ សុគង់៖«បទល្មើសនេះមិនមែនជាបទសល្មើសជាក់ស្តែងទេ ដោយ សារវាជាបទល្មើសមិនសកម្ម។ ពាក្យថាបទល្មើសជាក់ស្តែង លុះត្រាតែបទល្មើសនោះជាបទល្មើសសកម្ម ហើយជាអំពើដែលប្រព្រឹត្តិទៅលើអ្វីមួយ នៅពេលដែលកំពុងប្រព្រឹត្តភ្លាមៗហ្នឹង ឬក្រោយពីការប្រព្រឹត្តហ្នឹងតែម្តងត្រូវបានគេឃើញថា ជនហ្នឹងអាចមានការពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើស។ តែរឿងនេះវាទាក់ទងការចេញដីកាកោះ ហើយនៅក្នុងការចេញដីកាកោះនេះវាមិនមែនបទល្មើសសកម្មទេ ដែលត្រូវយើងចោទថាជាបទល្មើសជាក់ស្តែង។
កាលពីថ្ងៃទី២៦ ឧសភា សមត្ថកិច្ចប្រដាប់ដោយអាវុធប្រមាណ២០នាក់ បានសម្រុកចូលទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ដោយមិនបញ្ជាក់ពីមូលហេតុ ប៉ុន្តែភ្លាមៗក្រុមសមត្ថកិច្ចប្រដាប់អាវុធក៏ បានត្រឡប់ចេញវិញ ក្រោយមានការសួរនាំរកដីកាចូលផ្ទះរបស់ពលរដ្ឋ។
នៅយប់ថ្ងៃទី២៦ ឧសភា ដដែលនោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីថ្លែងការណ៍មួយ និងបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ស្វែងរកចាប់ខ្លួនលោក កឹម សុខា មកចំពោះមុខអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្ដែង ស្របតាមខ្លឹមសារមាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងអំពីនិយមន័យបទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្ដែង។
រីឯក្រសួងយុត្តិធម៌ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញសំណុំរឿងលោក កឹម សុខា នេះដែរ ដោយចោទពីបទ បដិសេធក្នុងការចូលខ្លួនតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌដែលចែងថា “រាល់បុគ្គលណាដែលត្រូវបានកោះហៅឱ្យចូលមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល”។
រហូតមកដល់ថ្ងៃទី២៨ ខែឧសភា តុលាការក្រុងភ្នំពេញក៏បានការរាយការណ៍ ជុំវិញការចោទប្រកាន់លើលោក កឹម សុខា ដោយបានរៀបរាប់ថា អំពើដែលលោក កឹម សុខា បដិសេធក្នុងការចូលខ្លួនបំភ្លឺក្នុងនាមសាក្សី ចំនួន ២លើក ក្នុងពេលតុលាការកំពុងចាត់ការសំណុំរឿងសញ្ចារកម្មទាក់ទងនឹងរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ក្នុងសេចក្តីរាយការណ៍នោះ បានលើកឡើងមាត្រា ១២ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រដែលបានចែងថា ក្នុងករណីតំណាងរាស្ត្រណាបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឬឃុំខ្លួនបាន ហើយត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។
នៅថ្ងៃទី៣០ ខែឧសភានេះ រដ្ឋសភាបានសម្រេចតាមរយៈសំឡេង៦៨ លើ៦៨ បានផ្តល់សិទ្ធិដល់សមត្ថកិច្ចក្នុងការធ្វើចំណាត់ការលើលោក កឹម សុខា ដែលត្រូវអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី។
មកដល់ត្រង់ចំណុចនេះ លោកមេធាវី គង់ សំអុន ជាមេធាវីនៅសាលាក្ដីខ្មែរក្រហមលើកឡើងថា ការបើកផ្លូវពីរដ្ឋសភាឱ្យតុលាការបន្តនិតីវិធីលើលោក កឹម សុខា ករណីលោកបដិសេធចូលខ្លួនក្នុងនាមជាសាក្សីគឺនៅមានភាពស្មុគស្មាញខ្លាំងណាស់ ចំពោះនិតីវិធីច្បាប់ថាខុស ឬត្រូវយ៉ាងណានោះ។ តែយ៉ាងណាលោកថា ការបកស្រាយច្បាប់ថាលោក កឹម សុខា ធ្លាក់ចូលក្នុងបទល្មើសជាក់ស្តែង ឬមិនជាក់ស្តែងយ៉ាងណានោះ គឺអាស្រ័យលើភាគីនីមួយៗជាអ្នកបកស្រាយរៀងៗខ្លួន។ លោកមេធាវី គង់ សំអុន៖«បាទក្នុងច្បាប់គឺគេប្រើពាក្យមួយថា ការមិនចូលមកហ្នឹងដោយមិនមានមូលហេតុសមរម្យ ដោយមានចេតនាអាក្រក់មួយដើម្បីបំផ្លាញ់និតីវិធីរបស់តុលាការហ្នឹងទៀត។ អញ្ចឹង!សួរថា សាក្សីម្នាក់មិនមកបង្ហាញចំពោះមុខ។ ហើយមិនមែនមានន័យគាត់ប្រឆាំងនិងសមត្ថកិច្ចទេ គាត់អាចមានហេតុផ្សេងៗ អញ្ចឹងនេះស៊ីសងលើការបង្ហាញភស្តុតាងទៅបាទ»។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគស្ថានការណ៍នយោបាយ លោក សូ ចន្ថា និយាយថា ប្រសិនជាការចាប់ខ្លួនលោក កឹម សុខា ត្រូវធ្វើឡើងមែននោះ នោះការប៉ះទង្គិចគ្នានឹងអាចកើតមានឡើងជាក់ជាមិនខាន ខណៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក៏បានមកជួបជុំគ្នានៅមុខទីស្តីការបក្សដើម្បីការពារលោក កឹម សុខា ផងដែរ។
យ៉ាងណាលោកថា សហគមន៍អន្តរជាតិនឹងអាចចូលអន្តរាគមដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ព្រោះថា បក្សប្រឆាំងកន្លងមកធ្លាប់បានរាយការណ៍ពីស្ថានភាពនយោបាយក្នុងប្រទេស ដែលកំពុងឡើងកំដៅបែបនេះ។លោក សូ ចន្ថា៖«បើស្ថានភាពនយោបាយរបស់យើងកាន់តែធ្ងន់ធ្ងរបន្តទៀតខ្ញុំគិតថា អង្គការ សហប្រជាជាតិនឹងអាចចូលរួមធ្វើការសម្របសម្រួលយ៉ាងណាឱ្យស្ថានការណ៍ហ្នឹងវិលត្រលប់ទៅភាពប្រក្រតីវិញ ព្រោះកម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលត្រូវគោរពសិទ្ធិមនុស្ស ដែលត្រូវគោរពនូវអ្វីដែលជាសិទ្ធិនយោបាយតបតាមកតិកាសញ្ញាអន្តរជាតិនោះ។
លោក សូ ចន្ថា កត់សម្គាល់ចំពោះនយោបាយកម្ពុជានារយៈពេលចុងក្រោយនេះថា អ្នកនយោបាយមិនសូវគិតពីផលប្រយោជន៍ប្រទេសជាតិជាធំនោះទេ ដែលអ្នកនយោបាយគិតតែពីផលប្រយោជន៍បក្ស និងការឈ្នះចាញ់ជារឿងធំ ដែលនេះធ្វើឱ្យប្រទេសជាតិខាតបង់ជាខ្លាំងលើឆាកអន្តរជាតិ។ លោកសាស្រា្តចារ្យបន្តថា នៅពេលវិបត្តិនយោបាយកើតឡើងនោះនឹងធ្វើឱ្យវិស័យសេដ្ឋកិច្ច ជួបបញ្ហាផងដែរ ព្រោះថាអ្នកវិនិយោទុន និងមិនបោះទុនរកស៊ីនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិនយោបាយឡើយ។ លោក សូ ចន្ថា៖«យើងមើលទៅអ្នកនយោបាយហាក់ដូចជាមិនសូវគិតពីផលប្រយោជន៍របស់ពលរដ្ឋ និងរបស់ជាតិនោះទេ ក៏ប៉ុន្តែគិតតែផលប្រយោជនបក្ស គិតតែផលប្រយោជន៍ក្រុមរបស់ខ្លួន»។
តែលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយថា កម្ពុជានឹងមិនមានអ្វីកើតឡើងដូចការព្រួយបារម្ភរបស់សាធារណៈមតិមួយចំនួន ដែលគិតថា នឹងអាចមានអំពើហិង្សាកើតឡើងនៅពេលចាប់លោក កឹម សុខា នោះទេ។ លោកបន្តថា ករណីកើតឡើងមកលើលោក កឹម សុខា គឺជារឿងរបស់បុគ្គលលោក កឹម សុខា ជាមួយតុលាការ មិនមានអ្វីទាក់ទងនិងគណបក្សប្រជាជននោះទេ ហើយលោកថា បក្សកាន់អំណាចតែងគិតពីផលប្រយោជន៍របស់ប្រទេសជាតិជានិច្ច។ តែយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់ អំណាចរូបនេះលើកឡើងថា បក្សប្រជាជននៅតែប្រកាន់ជំហរ និងបើកទ្វាររង់ចាំការចរចាវប្បធម៌សន្ទានជានិច្ច។ លោក សុខ ឥសាន្ត៖«រឿងនេះជារឿងបុគ្គល អញ្ខឹងខ្ញុំយល់ថា មិនមានប្រតិកម្មអីពីអ្នកគាំទ្រពីគណ បក្សសង្គ្រោះជាតិនោះទេ ពីព្រោះរឿងនេះមិនមែនជាទំនាស់រវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិនោះទេ បញ្ហានេះជារឿងអនុវត្តច្បាប់ដែលពាក់ព័ន្ធនិងបុគ្គល»។
តាមមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវការសំឡេង ៣/៤ ស្មើនិង ចំនួន ៩៣ រូបឡើងទៅ ដើម្បីបញ្ឈប់អំណាចរបស់តុលាការ។ តាមមាត្រាដដែលនេះ មុនការចាប់ខ្លួនអ្នកតំណាងរាស្ត្រគឺគេត្រូវការ សំឡេង ២/៣ដើម្បីដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ។ យោងតាមមាត្រា ៨៨ ការប្រជុំរដ្ឋសភា ត្រូវធ្វើជាសាធារណៈ ។ រដ្ឋសភា អាចប្រជុំសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬសមាជិក ចំនួន ១/១០ យ៉ាងតិច ពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ត្រី ។ ការប្រជុំរដ្ឋសភា នឹងយកជាបានការលុះត្រាតែ កុរ៉ុមលើសពី ២/៣នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើន ២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕