en     km
en     km

តើ​ការ​បកស្រាយ​ច្បាប់​ត្រូវ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​ លើ​ច្បាប់​ ឬ​ផ្អែក​លើ​អំណាច​ ករណី​លោក​កឹ​ម​ សុខា​ ?

Share

ភ្នំពេញ៖ ភាព​ចម្រូងចម្រាស​ផ្លូវច្បាប់​ករណី​លោក​ កឹ​ម​ សុខា​ កំពុង​ក្លាយជា​ចំណោទ​ដ៏​សំខាន់​ ចំពោះ​ការ​អនុវត្ត​និ​តី​រដ្ឋ​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ករណី​របស់​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​មើលឃើញ​ថា​ គឺជា​មេរៀន​សម្រាប់​អ្នក​សិក្សា​ច្បាប់​នៅ​កម្ពុជា​យក​មក​ធ្វើការ​ពិភាក្សា​ និង​ចោទសួរ​គ្នា​ ខណៈ​ដែល​អ្នក​ច្បាប់​ខាង​តុលាការ​ ខាង​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​ ធ្វើការ​បកស្រាយ​មក​មិន​ទាន់​រក​កន្លែង​បញ្ចប់​បាន​ឡើយ​។​ នៅ​ថ្ងៃនេះ​ សភា​មក​ពី​បក្ស​កាន់​អំណាច​បាន​បោះ​ឆ្នោត​អនុម័ត​ផ្តល់​អំណាច​ឱ្យ​តុលាការ​អនុវត្ត​និ​តី​វិធី​ លើ​លោក​ កឹ​ម​ សុខា​ ប៉ុន្តែ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ដែល​ជា​អ្នក​តាក់តែង​ច្បា​រដ្ឋធម្មនុញ្ញ​ដែរ​នោះ​ អះអាង​ថា​ លោក​ កឹ​ម​ សុខា​ មិន​បាន​ធ្វើ​ឱ្យ​មាន​កំហុស​រហូត​ដល់​មានទោស​ដល់​ថ្នាក់​ចាប់ខ្លួន​នោះ​ទេ​។​ អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​អះអាង​ថា​ ទ​ង្វើ​របស់​តុលាការ​ និង​បក្ស​កាន់​អំណាច​កំពុង​រំលោភ​លើ​មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ចែង​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​។​

​តើ​ការ​អះអាង​ខាងលើ​នេះ​ មួយ​ណា​មាន​អំ​ណេះ​អំ​ណា​ង​គ្រប់គ្រាន់​និង​រឹង​មាំ​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​?​
​សូម​ស្តាប់​ការ​វិភាគ​របស់​លោក​ កែវ​ សុខា​ ដូច​តទៅ​!

ស្តាប់សំឡេង៖

 

kem-sokha
លោក កឹម​ សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពុងចាម ដែលតុលាការកំពុងស្វែងរកចាប់ខ្លួនទាក់ទងបទល្មើសជាក់ស្តែង។

​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ កឹ​ម​ សុខា​ លើក​ឡើង​ថា​ ការ​ដែល​តុលាការ​ចោទប្រកាន់​មក​លើក​លោក​ កឹ​ម​ សុខា​ ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ក្រោម​ហេតុផល​ថា​លោក​ កឹ​ម​ សុខា​ មិន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​នោះ​ គឺ​មិន​សម​ស្រប​នោះ​ទេ​ ព្រោះថា​បទល្មើស​ដែល​តុលាការ​កោះហៅ​លោក​ កឹ​ម​ សុខា​ នោះ​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​។​

លោក​ សំ​ សុ​គង់​ បញ្ជាក់​ថា​ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​ កឹ​ម​ សុខា​ បាន​ដាក់​លិខិត​ជូន​តុលាការ​ចំនួន​៣​លើក​មក​ហើយ​ ជុំវិញ​មូលហេតុ​ដែល​កូនក្តី​របស់​ខ្លួន​មិន​អាច​ចូល​ទៅ​បំភ្លឺ​ក្នុង​តុលាការ​បាន​។​ លោក​ថា​ ការ​ជូនដំណឹង​របស់​ក្រុម​មេធាវី​ពី​មូលហេតុ​សម​ស្រប​ដែល​លោក​ កឹ​ម​ សុខា​ មិន​អាច​ចូលខ្លួន​បំភ្លឺ​ក្នុង​តុលាការ​ គឺ​កូនក្តី​របស់​លោក​ គឺ​លោក​ កឹ​ម​ សុខា​ គឺ​គ្មាន​ទោស​អ្វី​ដែល​អាច​ឱ្យ​តុលាការ​ចោទប្រកាន់​ទៅ​ជា​បទល្មើស​ជាក់ស្តែង​បាន​នោះ​ទេ​។​ បញ្ជាក់​ថា​បាន​ជូនដំណឹង​ទៅ​តុលាការ​បាន​៣​ដង​ គឺ​គ្រប់ពេល​ ដោយ​មាន​ហេតុផល​ត្រឹមត្រូវ​។​ លោក​ សំ​ សុ​គង់​៖​«បទល្មើស​នេះ​មិនមែន​ជាប​ទស​ល្មើស​ជាក់ស្តែង​ទេ​ ដោយ​ សារ​វា​ជា​បទល្មើស​មិន​សកម្ម​។​ ពាក្យ​ថា​បទល្មើស​ជាក់ស្តែង​ លុះត្រាតែ​បទល្មើស​នោះ​ជា​បទល្មើស​សកម្ម​ ហើយ​ជា​អំពើ​ដែល​ប្រព្រឹត្តិ​ទៅ​លើ​អ្វីមួយ​ នៅ​ពេល​ដែល​កំពុង​ប្រព្រឹត្ត​ភ្លាមៗ​ហ្នឹង​ ឬ​ក្រោយ​ពី​ការ​ប្រព្រឹត្ត​ហ្នឹង​តែ​ម្តង​ត្រូវ​បាន​គេ​ឃើញ​ថា​ ជន​ហ្នឹង​អាច​មានការ​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​។​ តែ​រឿង​នេះ​វា​ទាក់ទង​ការ​ចេញ​ដីកាកោះ​ ហើយ​នៅ​ក្នុង​ការ​ចេញ​ដីកាកោះ​នេះ​វា​មិនមែន​បទល្មើស​សកម្ម​ទេ​ ដែល​ត្រូវ​យើង​ចោទ​ថា​ជា​បទល្មើស​ជាក់ស្តែង​។​

lawyer
លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក កឹម សុខា ប្រធានស្តីទីបក្សសង្គ្រោះជាតិ។

​កាលពី​ថ្ងៃ​ទី​២៦​ ឧសភា​ សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​២០​នាក់​ បាន​សម្រុកចូល​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះ​ជាតិ​ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ ប៉ុន្តែ​ភ្លាមៗ​ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​ក៏​ បាន​ត្រឡប់​ចេញ​វិញ​ ក្រោយ​មានការ​សួរនាំ​រក​ដីកា​ចូល​ផ្ទះ​របស់​ពលរដ្ឋ​។​

​នៅ​យប់​ថ្ងៃ​ទី​២៦​ ឧសភា​ ដដែល​នោះ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ និង​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ស្វែងរក​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ មក​ចំពោះ​មុខ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​បទល្មើស​ជាក់ស្ដែង​ ស្រប​តាម​ខ្លឹមសារ​មាត្រា​ ៨៦​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ដែល​ចែង​អំពី​និយម​ន័យ​បទឧក្រិដ្ឋ​ ឬ​មជ្ឈិម​ជាក់ស្ដែង​។​

​រីឯ​ក្រសួងយុត្តិធម៌​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ជុំវិញ​សំណុំរឿង​លោក​ កឹ​ម​ សុខា​ នេះ​ដែរ​ ដោយ​ចោទ​ពី​បទ​ បដិសេធ​ក្នុង​ការ​ចូលខ្លួន​តាម​មាត្រា​ ៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ចែង​ថា​ “​រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ​ ឬ​ចៅក្រម​ស៊ើបសួរ​ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​កោះហៅ​នោះ​ ដោយ​គ្មាន​មូលហេតុ​សម​ស្រប​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ខែ​ ទៅ​ ៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១​សែន​រៀល​ ទៅ​ ១​លាន​រៀល​”​។​

​រហូត​មក​ដល់​ថ្ងៃ​ទី​២៨​ ខែឧសភា​ តុលាការក្រុង​ភ្នំពេញ​ក៏​បានការ​រាយការណ៍​ ជុំវិញ​ការ​ចោទប្រកាន់​លើ​លោក​ កឹ​ម​ សុខា​ ដោយ​បាន​រៀបរាប់​ថា​ អំពើ​ដែល​លោក​ កឹ​ម​ សុខា​ បដិសេធ​ក្នុង​ការ​ចូលខ្លួន​បំភ្លឺ​ក្នុង​នាម​សាក្សី​ ចំនួន​ ២​លើក​ ក្នុង​ពេល​តុលាការ​កំពុង​ចាត់ការ​សំណុំរឿង​សញ្ចារ​កម្ម​ទាក់ទង​នឹង​រឿង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

ក្នុង​សេចក្តីរាយការណ៍​នោះ​ បាន​លើក​ឡើង​មាត្រា​ ១២​ នៃ​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ដែល​បាន​ចែង​ថា​ ក្នុង​ករណី​តំណាងរាស្ត្រ​ណា​បាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ ក្រសួង​មាន​សមត្ថកិច្ច​អាច​ចោទប្រកាន់​ ចាប់ខ្លួន​ ឬ​ឃុំខ្លួន​បាន​ ហើយ​ត្រូវធ្វើ​សេចក្ដីរាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច​។​

នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​នេះ​ រដ្ឋសភា​បាន​សម្រេច​តាម​រយៈ​សំឡេង​៦៨​ លើ​៦៨​ បាន​ផ្តល់​សិទ្ធិ​ដល់​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​ចំណាត់ការ​លើ​លោក​ កឹ​ម​ សុខា​ ដែល​ត្រូវ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ «​បដិសេធ​ក្នុង​ការ​ចូលខ្លួន​»​ ក្នុង​នាម​ជា​សាក្សី​។​

មក​ដល់​ត្រង់​ចំណុច​នេះ​ លោក​មេធាវី​ គង់​ សំ​អុ​ន​ ជា​មេធាវី​នៅ​សាលាក្ដី​ខ្មែរក្រហម​លើក​ឡើង​ថា​ ការ​បើកផ្លូវ​ពី​រដ្ឋសភា​ឱ្យ​តុលាការ​បន្ត​និ​តី​វិធី​លើ​លោក​ កឹ​ម​ សុខា​ ករណី​លោក​បដិសេធ​ចូលខ្លួន​ក្នុង​នាម​ជា​សាក្សី​គឺ​នៅ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់​ ចំពោះ​និ​តី​វិធី​ច្បាប់​ថា​ខុស​ ឬ​ត្រូវ​យ៉ាងណា​នោះ​។​ តែ​យ៉ាងណា​លោក​ថា​ ការ​បកស្រាយ​ច្បាប់​ថា​លោក​ កឹ​ម​ សុខា​ ធ្លាក់​ចូល​ក្នុង​បទល្មើស​ជាក់ស្តែង​ ឬ​មិន​ជាក់ស្តែង​យ៉ាងណា​នោះ​ គឺ​អាស្រ័យ​លើ​ភាគី​នីមួយៗ​ជា​អ្នក​បកស្រាយ​រៀងៗ​ខ្លួន​។ ​លោក​មេធាវី​ គង់​ សំ​អុ​ន​៖​«បាទ​ក្នុង​ច្បាប់​គឺ​គេ​ប្រើ​ពាក្យ​មួយ​ថា​ ការ​មិន​ចូល​មក​ហ្នឹង​ដោយ​មិន​មាន​មូលហេតុ​សមរម្យ​ ដោយ​មាន​ចេតនា​អាក្រក់​មួយ​ដើម្បី​បំផ្លាញ់​និ​តី​វិធី​របស់​តុលាការ​ហ្នឹង​ទៀត​។ ​អ​ញ្ចឹ​ង​!​សួរ​ថា​ សាក្សី​ម្នាក់​មិន​មក​បង្ហាញ​ចំពោះ​មុខ​។​ ហើយ​មិនមែន​មាន​ន័យ​គាត់​ប្រឆាំង​និង​សមត្ថកិច្ច​ទេ​ គាត់​អាច​មាន​ហេតុ​ផ្សេងៗ​ អ​ញ្ចឹ​ង​នេះ​ស៊ីសង​លើ​ការ​បង្ហាញ​ភស្តុ​តាង​ទៅ​បាទ​»។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ លោក​ សូ​ ច​ន្ថា​ និយាយ​ថា​ ប្រសិនជា​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ត្រូវធ្វើ​ឡើង​មែន​នោះ​ នោះ​ការ​ប៉ះទង្គិច​គ្នា​នឹង​អាច​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន​ ខណៈ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​ទីស្តីការ​បក្ស​ដើម្បី​ការពារ​លោក​ កឹ​ម​ សុខា​ ផង​ដែរ​។​

​យ៉ាងណា​លោក​ថា​ សហគមន៍​អន្តរជាតិ​នឹង​អាច​ចូល​អន្តរា​គម​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ព្រោះថា​ បក្ស​ប្រឆាំង​កន្លង​មក​ធ្លាប់​បាន​រាយការណ៍​ពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ ដែល​កំពុង​ឡើង​កំ​ដៅ​បែប​នេះ​។​លោក​ សូ​ ច​ន្ថា​៖«​បើ​ស្ថានភាព​នយោបាយ​របស់​យើង​កាន់តែ​ធ្ងន់ធ្ងរ​បន្ត​ទៀត​ខ្ញុំ​គិត​ថា​ អង្គការ សហប្រជាជាតិ​នឹង​អាច​ចូលរួម​ធ្វើការ​សម្របសម្រួល​យ៉ាងណា​ឱ្យ​ស្ថានការណ៍​ហ្នឹង​វិល​ត្រលប់​ទៅ​ភាព​ប្រក្រតី​វិញ​ ព្រោះ​កម្ពុជា​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ដែល​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​គោរព​នូវ​អ្វី​ដែល​ជា​សិទ្ធិ​នយោបាយ​តប​តាម​កតិកាសញ្ញា​អន្តរជាតិ​នោះ​​។​

so-chantha-thum
លោក សូ ចន្ថា សាស្រ្តាចារ្យវិទ្យានយោបាយ និងជាវិភាគស្ថានការណ៍នយោបាយ។

​លោក​ សូ​ ច​ន្ថា​ កត់សម្គាល់​ចំពោះ​នយោបាយ​កម្ពុ​ជានា​រយៈពេល​ចុង​ក្រោយ​នេះ​ថា​ អ្នកនយោបាយ​មិនសូវ​គិត​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ​នោះ​ទេ​ ដែល​អ្នកនយោបាយ​គិតតែ​ពី​ផលប្រយោជន៍​បក្ស​ និង​ការ​ឈ្នះ​ចាញ់​ជា​រឿង​ធំ​ ដែល​នេះ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខាតបង់​ជា​ខ្លាំង​លើ​ឆាក​អន្តរជាតិ​។​ លោក​សា​ស្រា្ត​ចា​រ្យ​បន្ត​ថា​ នៅ​ពេល​វិបត្តិ​នយោបាយ​កើតឡើង​នោះ​នឹង​ធ្វើ​ឱ្យ​វិស័យសេដ្ឋកិច្ច​ ជួប​បញ្ហា​ផង​ដែរ​ ព្រោះថា​អ្នក​វិ​និ​យោ​ទុន​ និង​មិន​បោះទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​នយោបាយ​ឡើយ​។​ ​លោក​ សូ​ ច​ន្ថា​៖​«យើង​មើលទៅ​អ្នកនយោបាយ​ហាក់ដូចជា​មិនសូវ​គិត​ពី​ផលប្រយោជន៍​របស់​ពលរដ្ឋ​ និង​របស់​ជាតិ​នោះ​ទេ​ ក៏​ប៉ុន្តែ​គិតតែ​ផលប្រយោជន​បក្ស​ គិតតែ​ផលប្រយោជន៍​ក្រុម​របស់​ខ្លួន​»។​

តែ​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និយាយ​ថា​ កម្ពុជា​នឹង​មិន​មាន​អ្វី​កើតឡើង​ដូច​ការ​ព្រួយបារម្ភ​របស់​សាធារណៈ​មតិ​មួយ​ចំនួន​ ដែល​គិត​ថា​ នឹង​អាច​មាន​អំពើ​ហិង្សា​កើតឡើង​នៅ​ពេល​ចាប់​លោក​ កឹ​ម​ សុខា​ នោះ​ទេ​។​ លោក​បន្ត​ថា​ ករណី​កើតឡើង​មក​លើ​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​របស់​បុគ្គល​លោក​ កឹ​ម​ សុខា​ ជាមួយ​តុលាការ​ មិន​មាន​អ្វី​ទាក់ទង​និង​គណបក្ស​ប្រជាជន​នោះ​ទេ​ ហើយ​លោក​ថា​ បក្ស​កាន់​អំណាច​តែង​គិត​ពី​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ជា​និច្ច​។​ តែ​យ៉ាងណា​ អ្នកនាំពាក្យ​គណបក្សកាន់ អំណាច​រូប​នេះ​លើក​ឡើង​ថា​ បក្ស​ប្រជាជន​នៅ​តែ​ប្រកាន់​ជំហរ​ និង​បើកទ្វារ​រង់ចាំ​ការ​ចរចា​វប្បធម៌​ស​ន្ទា​ន​ជា​និច្ច​។​ លោក​ សុខ​ ឥ​សាន្ត​៖​«រឿង​នេះ​ជា​រឿង​បុគ្គល​ អ​ញ្ខឹ​ង​ខ្ញុំ​យល់​ថា​ មិន​មាន​ប្រតិកម្ម​អី​ពី​អ្នកគាំទ្រ​ពី​គណ បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ពីព្រោះ​រឿង​នេះ​មិនមែន​ជា​ទំនាស់​រវាង​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ បញ្ហា​នេះ​ជា​រឿង​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​និង​បុគ្គល»​​។​

​តាម​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ រដ្ឋសភា​ត្រូវការ​សំឡេង​ ៣/៤​ ស្មើ​និង​ ចំនួន​ ៩៣​ រូប​ឡើង​ទៅ​ ដើម្បី​បញ្ឈប់​អំណាច​របស់​តុលាការ​។​ តាម​មាត្រា​ដដែល​នេះ​ មុន​ការ​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​គឺ​គេ​ត្រូវការ​ សំឡេង​ ២/៣​ដើម្បី​ដក​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ ។​ យោង​តាម​មាត្រា​ ៨៨​ ការ​ប្រជុំ​រដ្ឋសភា​ ត្រូវធ្វើ​ជា​សាធារណៈ​ ។​ រដ្ឋសភា​ អាច​ប្រជុំ​សម្ងាត់​បាន​តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ ឬ​សមាជិក​ ចំនួន​ ១/១០​ យ៉ាងតិច​ ពី​ព្រះមហាក្សត្រ​ ឬ​ពី​នាយក​រដ្ឋមន្ត្រី​ ។​ ការ​ប្រជុំ​រដ្ឋសភា​ នឹង​យក​ជា​បានការ​លុះត្រាតែ​ កុ​រ៉ុ​ម​លើស​ពី​ ២/៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​សម្រាប់​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគច្រើន​ ២/៣​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​៕​

Share

Image
Image
Image