ភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សកាន់អំណាចនៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលលោកសម រង្ស៊ី បានហៅការអនុម័តដូចនេះថារំលោភរដ្ឋធម្មនុញ្ញ ។

តាមសេចក្ដីរាយការណ៍ការបោះឆ្នោតនេះធ្វើឡើងដោយសំឡេង៦៨លើ៦៨ គឺតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច ដោយពុំមានវត្តមានរបស់បក្សប្រឆាំង ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា មានប្រសាសន័ថា អ្វីដែលសភា បានធ្វើគឺមិន រំលោភច្បាប់ឡើយ ។ តែលោកថា គណបក្សប្រជាជនកម្ពុជា មិនមានជំលោះជាមួយគណបក្សសង្គ្រោះជាតិអ្វីទេ ។
ស្របពេលជាមួយគ្នានេះ លោក សម រង្ស៊ី បានសរសេរលើ ហ្វេសប៊ុកលោកថា គឺ ជាទង្វើរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបោះឆ្នោតលើកដៃសម្រេចឲ្យសមត្ថកិច្ចតុលាការចាត់ការលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណារាស្ត្រ គណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មាន ថាការប្រជុំសភា ធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា គឺជាការបញ្ជាក់ពីបំពានរដ្ឋធម្មនុញ្ញទាំងស្រុង ។ លោកថាគណបក្សសង្គ្រោះជាតិនៅតែ ការពារមិនឱ្យមាននាំខ្លួន លោក កឹម សុខា ឡើយ ។
កាលពីសប្តាហ៍មុន តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ ។
គណបក្សសង្គ្រោះជាតិបានព្រមានថា នឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា ។
ទោះជា យ៉ាងណាអ្នកច្បាប់ឯករាជ្យមួយចំនួន បានបកស្រាយថា រដ្ឋធម្មនុញ្ញ មិនបានចែងឱ្យមាន សំឡេង 50 បូក ១ បើកផ្លូវឱ្យតុលាការចាត់ការរឿងនេះទេ ។ តាមមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវការសំឡេង 3/៤ ស្មើនិង ចំនួន ៩៣ រូបឡើងទៅ ដើម្បីបញ្ឈប់អំណាចរបស់តុលាការ ៕